សម្ដេចក្រឡាហោម ស ខេង អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចយាងទៅបំពេញព្រះរាជទសន្សកិច្ចនៅទីក្រុងហ្វូចូវ ខេត្តហ្វូជៀន នៃសាធារណរដ្ឋប្រជាមានិតចិន
នាព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចយាងទៅបំពេញព្រះរាជទសន្សកិច្ចនៅទីក្រុងហ្វូចូវ ខេត្តហ្វូជៀន នៃសាធារណរដ្ឋប្រជាមានិតចិន។
យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាឱកាសនោះ រួមមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងសម្ដេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាតិ ព្រះញាតិវង្ស ។
ក្នុងព្រះរាជដំណើរបំពេញទស្សនកិច្ចនៅខេត្តហ្វូជៀននេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង នឹងយាងចូលរួមពិធីតាំងពិព័រណ៍សមិទ្ធផលគម្រប់ខួប ៣០ឆ្នាំ នៃគម្រោងយុទ្ធសាស្ត្រ «៣៨២០»។ គម្រោងនេះ ត្រូវបានផ្សព្វផ្សាយដោយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ពេលរូបលោកធ្វើការនៅទីក្រុងហ្វូចូវ៕