ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាលជាមួយនិវត្តន៍ជន អតីតមន្ត្រីរាជការ

ព្រៃវែង៖ ​នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីជួបសំណេះសំណាលជាមួយនិវត្តជនជាអតីតមន្ត្រីរាជការ និងយុទ្ធជនខេត្តព្រៃវែង ក្នុងឱកាសនៃការឈានជិតចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ជាកិច្ចចាប់ផ្ដើម អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងបានថ្លែងរបាយការណ៍ជូនអង្គពិធី ដោយបានបញ្ជាក់ថាគិតត្រឹមឆ្នាំ២០១៩នេះ ខេត្តព្រៃវែងមាននិវត្តជនសរុបចំនួន៤៥៧៧នាក់ ក្នុងនោះជាង៣ពាន់នាក់ជាអតីតមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជនមានជាង៩រយនាក់ ហើយពួកគាត់បានបើកប្រាក់ចូលនិវត្តន៍ជាទៀងទាត់តាមប្រព័ន្ធធនាគារ។

ក្នុងបរិយាកាសជួបជុំប្រកបដោយភាពស្និតស្នាលនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ដោយសម្ដេចបានមានប្រសាសន៍ថា ថ្នាក់ដឹកនាំជាតិនឹករលឹកជានិច្ចដល់អតីតមន្ដ្រីរាជការ និងយុទ្ធជន ដែលបានពលីកម្មគ្រប់បែបយ៉ាងដើម្បីជាតិ និងប្រជាជាជនកម្ពុជា។

សម្ដេចបានបន្តថារាជរដ្ឋាភិបាល បាននិងកំពុងបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងអតីតមន្ដ្រីរាជការស៊ីវិល តាមរយៈគោលនយោបាយដំឡើងប្រាក់ចូលនិវត្តន៍ និងសេវាគាំពារសង្គម ការផ្ដល់ដីសម្បទានសង្គមកិច្ច និងប្រាក់ឧបត្ថម្ភជាច្រើនទៀត ទៅតាមដំណាក់កាល ដែលបានកំណត់យ៉ាងជាក់លាក់សំដៅផ្ដល់ប្រយោជន៍ជូននិវត្តជន។

ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចឧបនាយករដ្ឋមន្ដ្រីបានមានប្រសាសន៍ថាសន្តិភាពដូច ដែលយើងបានឃើញសព្វថ្ងៃនេះ គឺអតីតយុទ្ធជន និងមន្ដ្រីរាជការ ពិតជាអាចពិចារណាប្រៀបធៀបនឹងស្ថានភាពប្រទេសកាលពីអតីតកាល ហើយនេះមិនទាន់និយាយដល់ប្រវត្តិសាស្ត្រដែលបញ្ជាក់ថា ទើបតែជំនាន់នេះទេដែលកម្ពុជាមានសុខសន្តិភាពពេញផ្ទៃប្រទេស និងយូរអង្វែង។

សម្ដេចបានគូសបញ្ជាក់ថាគឺកត្តាសន្តិភាពនេះហើយដែលធ្វើឲ្យប្រទេសជាតិទាំងមូលមានការរីកចំរើនរុងរឿង ដូចដែលគ្រប់គ្នាបានឃើញនាពេលនេះ ហើយផលនេះក៏កើតចេញពីការប្រឹងប្រែងរួមគ្នារបស់អតីតយុទ្ធជន និងអតីតមន្ដ្រីរាជការ ក្នុងការស្ដារ និងកសាងប្រទេសជាបន្តបន្ទាប់ដែរ ដូច្នេះយើងត្រូវតែបន្តរួគ្នារក្សាសន្តិភាពដើម្បីសេចក្ដីសុខ និងការរីកចំរើន។

ពាក់ព័ន្ធនឹងការអភិវឌ្ឍខេត្តព្រៃវែង សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បាននិងកំពុងស្ថាបនាផ្លូវពីស្ពានអ្នកលឿងមកក្រុងព្រៃវែងឡើងវិញដែលផ្លូវនេះគឺជាផ្លូវគន្លឹះនៃការអភិវឌ្ឍក្រុង និងខេត្ត ហើយជាគម្រោង រាជរដ្ឋាភិបាលក៏កំពុងសិក្សាធ្វើស្ពាន និងផ្លូវល្បឿនលឿន ដែលនឹងធ្វើឲ្យប៉ែកខាងលិចខេត្តព្រៃវែងមានការរីកចំរើននៅថ្ងៃខាងមុខដែរ។

មុននឹងបញ្ចប់ការសំណេះសំណាលនេះ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវសុំឲ្យមន្ដ្រីចូលនិវត្តន៍ទាំងអស់ សូមចូលរួមបង្កើនការដាស់តឿនក្រៀនរំលឹកកូនចៅឲ្យខិតខំរៀនសូត្រ ចៀសឲ្យផុតពីអំពើអបាយមុខ និងអំពើខុសច្បាប់ដែលនាំឲ្យខូចអនាគត និងប៉ះពាល់ដល់សង្គមជាតិ ដើម្បីឲ្យពួកគេក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់គ្រួសារ និងសង្គមជាតិ និងបានប្រកាសជូនថវិកានិវត្តជនទាំងអស់ក្នុងម្នាក់ទទួលបាន៥ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង