សម្ដេចក្រឡាហោម ស ខេង អញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីកាត់ព្រ័ទ្ធ ដើម្បីបិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
រសៀលថ្ងៃអង្គារ ១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីកាត់ព្រ័ទ្ធ ដើម្បីបិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ឆ្នាំ២០២៣នេះ ដែលបាន ប្រព្រឹត្តទៅដោយជោគជ័យអស់រយៈពេលបីថ្ងៃ (ចាប់ពីថ្ងៃទី ២៦, ២៧, ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣) នៅព្រះពន្លាកណ្តាលអុំទូក មុខព្រះបរមរាជវាំង។
វត្តមាននៃការយាង និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីថ្ងៃនេះរួមមាន សម្ដេច រាជវង្សានុវង្ស សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្ដាអង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សនិស្សិត ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ៕