ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុញ្ញាតឲ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) ចូលជួបសម្តែងការគួរសម
នារសៀលថ្ងៃពុធ ១០កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្តើម ឯកឧត្ដម Takahashi Fumiaki ប្រធានសមាគមជប៉ុន- កម្ពុជា (JCA) បានមានប្រសាសន៍ថា សមាគមនឹងបើកការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ។
ឯកឧត្ដមមានប្រសាសន៍បន្តថា ការិយាល័យនេះ នឹងលេចចេញជារូបរាងនៅឆ្នាំ២០២៤ ដើម្បីដើរតួនាទីជាមជ្ឈមណ្ឌលកណ្តាលក្នុងការសម្របសម្រួល និងផ្តល់ភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នារវាងសហគ្រាសធុនតូច និងមធ្យម (SMEs) ជប៉ុន និងដៃគូវិនិយោគនានានៅប្រទេសកម្ពុជា។
ឯកឧត្ដមប្រធានសមាគម ក៏បានជម្រាប ឯកឧត្តម អភិសន្តិបណ្ឌិត ដែរថា បច្ចុប្បន្ន JCA កំពុងកៀរគរ និងជំរុញវិនិយោគិនសហគ្រាសធុនតូច និងមធ្យមជប៉ុន ដែលមានវិជ្ជាជីវៈ និងបច្ចេកវិទ្យាទំនើប មកវិនិយោគបន្ថែមនៅកម្ពុជា ក្នុងន័យដើម្បីជំរុញការវិនិយោគបន្ថែម ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្ដម Takahashi Fumiaki និងគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ព្រមទាំងបានសម្តែងនូវការអបអរសាទរសម្រាប់ឱកាសប្រារព្ធខួបលើកទី ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៩ ខែវិច្ឆិកាកន្លងទៅ។
ឯកឧត្តម អភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណសមាគមជប៉ុន-កម្ពុជា ដែលបានជួយជ្រោមជ្រែង និងចូលរួមយ៉ាងសកម្មដល់ការពង្រឹងចំណងកិច្ចសហប្រតិបត្តិការ ជាពិសេសការជំរុញវិនិយោគិនជប៉ុនមកបណ្ដាក់ទុន ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
មុននឹងបញ្ចប់ ឯកឧត្តម អភិសន្តិបណ្ឌិត បានបង្ហាញការស្វាគមន៍ និងគាំទ្រពេញទំហឹងចំពោះគម្រោងបើកការិយាល័យសមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញ និងបានថ្លែងអរគុណវិនិយោគិនជប៉ុន ដែលបានបង្ហាញការចាប់អារម្មណ៍ចំពោះការវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍ និងគ្រឿងសម្អាងនៅកម្ពុជា៕