ក្រុមក្រឡាហោមមនុស្សធម៌ ចុះផ្ដល់អំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ១១០គ្រួសារ និងកងកម្លាំងនគរបាល​ ៩២នាក់​ ព្រមទាំងកងរាជអាវុធហត្ថ​ ៨នាក់

នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុមក្រឡាហោមមនុស្សធម៌ ដោយបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានចុះផ្ដល់អំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ១១០គ្រួសារ និងកងកម្លាំងនគរបាល​ ៩២នាក់​ ព្រមទាំងកងរាជអាវុធហត្ថ​ ៨នាក់​ ក្នុងស្រុកភ្នំព្រឹក​ និងស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្រុមក្រឡាហោមមនុស្សធម៌ ដែលបាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនពលរដ្ឋរងគ្រោះនាឱកាសនោះ ដឹកនាំដោយ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ចន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង។

អំណោយដែលបានផ្ដល់ជូន រួមមាន ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន១ការ៉ុង មីចំនួន១កេស ត្រីខចំនួន១យួរ ទឹកស៊ីអ៊ីវទឹកត្រីចំនួន១យួរ និងទឹកបរិសុទ្ធចំនួន២យួរ​ និងកន្សែងពោះគោ​ ១។ ចំណែកកងកម្លាំងនគរបាល​ ទទួលបាន​ អង្គរ​ ៥០ការ៉ុង​ មី​ ៥កេសធំ​ ត្រីខ​ ៤កេសធំ​ ទឹកស៊ីអ៉ីវ​ ទឺកត្រី​ ទឹកសុទ្ធ​ ៤០កេស​ ទឹកក្រូច​ ៤០កេស​ និងកន្សែងពោះគោ​ ៩២។ ចំពោះកងរាជអាវុធហត្ថ​ ទទួលបានអង្ករ​ ២៥ការ៉ុង​ មី​ ២កេសធំ​ ត្រីខ​ ២កេស​ធំ​ ទឹកសុទ្ធ​ ២០កេស​ ទឹកស៊ីអ៉ីវ​ ទឹកត្រី​ ទឹកក្រូច​ ១០កេស​ និងកន្សែងពោះគោ​ ៨​ ។

ឯកឧត្តម ខាន់ ម៉ាណេរ បានជម្រាបជូនពលរដ្ឋនូវប្រសាសន៍សួរសុខទុក្ខ និងថ្លែងអំណរគុណ ពីសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសសម្រាប់ការគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល និងរួមគ្នាថែរក្សាសុខសន្តិភាព។

ជាមួយគ្នានោះ សម្តេចក្រឡាហោម ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋខិតខំបង្កបង្កើនផល ប្រកបមុខរបរទទួលទានឱ្យបានសកម្ម ចូលរួមគោរពច្បាប់ និងមានអធ្យាស្រ័យល្អក្នុងការរស់នៅ ហើយសូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំវ័យក្មេងជាច្រើនទៀតដែលប្រកបដោយបញ្ញាញាណ និងគុណសម្បត្តិគ្រប់គ្រាន់៕

អត្ថបទដែលជាប់ទាក់ទង