ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដង្ហែកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះអស់កាលត្រីមាស ចំនួន ៤វត្ត នៅវត្តគិរីរុក្ខារាម (ថ្មរមៀល)
នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញដង្ហែកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះអស់កាលត្រីមាស ចំនួន ៤វត្ត នៅវត្តគិរីរុក្ខារាម (ថ្មរមៀល) ស្ថិតក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
អង្គពិធីដោយមានការអញ្ជើញចូលរួមក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទជិតឆ្ងាយ។
ក្នុងឱកាសនោះឯកឧត្តម និងលោកជំទាវ បាននាំយកត្រៃចីវរ បាត្រ ឆ័ត្រ និងបច្ច័យកសាងវត្ត វេរប្រគេនដល់ព្រះសង្ឃទាំង ៤វត្ត រួមមាន ៖ វត្តគិរីរុក្ខារាម (ថ្មរមៀល) ភូមិថ្មរមៀល វត្តគិរីរុក្ខារាម ធ្លក ភូមិធ្លក វត្តប្រាសាទារាម (ប្រាសាទត្បែង) ភូមិប្រាសាទត្បែង ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក និងវត្តគិរីធម្មបទខ្លាកូនថ្មី ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ផងដែរ៕