ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អនុញ្ញាតឲ្យ លោកស្រី Ann Marie SKELTON ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

 នារសៀលថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានអនុញ្ញាតឲ្យ លោកស្រី Ann Marie SKELTON ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ព្រមទាំងលោកបណ្ឌិត Will Parks នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការ Unicef ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួងមហាផ្ទៃ​ ។ 

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា​ បានថ្លែងថា គម្រោងលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងគម្រោងកិច្ចការពារកុមារ ដែលអង្គការ Unicef បាន និងកំពុងអនុវត្តជាមួយក្រសួងមហាផ្ទៃ ជាគម្រោងដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ស្របតាមមុំទី៣ យុទ្ធសាស្ត្រទី១ នៃយុទ្ធសាស្ត្របញ្ចកោណ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងសិទ្ធិកុមារ ក្នុងគោលបំណងគាំពារ និងលើកកម្ពស់សិទ្ធិកុមារ តាមរយៈគោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ក៏ដូចជាកិច្ចសហការភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលនានា។ 

លោកស្រី Ann Marie SKELTON ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ បានថ្លែងឯកភាពជាគោលការណ៍ចំពោះប្រសាសន៍របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ដោយបានសម្ដែងការកោតសរសើរនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់កិច្ចការពារកុមារ ក៏ដូចជាការបន្តយកចិត្តទុកដាក់លើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ លោកស្រីបានសម្ដែងការគាំទ្រ និងលើកទឹកចិត្តដល់កម្ពុជាក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងទាំងនេះថែមទៀត។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន ស្នើដល់អង្គការ Unicef ឱ្យបន្តគាំទ្រគម្រោងដែលកំពុងអនុវត្តជាមួយក្រសួងមហាផ្ទៃ ដើម្បីបន្តលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស កុមារដែលកំពុងរងគ្រោះ, បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការជួញដូរកុមារ និងបន្តជួយកសាងសមត្ថភាពមន្រ្តីជំនាញរបស់ក្រសួងមហាផ្ទៃតាមរយៈការបណ្តុះបណ្តាលបង្កើនសមត្ថភាពស្របតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។
តបទៅនឹងការស្នើខាងលើ លោកបណ្ឌិត Will Parks នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការ Unicef ប្ដេជ្ញាគាំទ្រផ្ដល់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្សេងៗបន្តទៀត។ 

ជាកិច្ចបញ្ចប់ការសន្ទនា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការជាមួយអង្គការ Unicef គឺជាកត្តាចម្បងមួយក្នុងចំណោមកត្តាផ្សេងទៀត ក្នុងការបន្តលើកកម្ពស់សិទ្ធិកុមារកម្ពុជា ព្រមទាំងជម្រុញដល់ការដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕

អត្ថបទដែលជាប់ទាក់ទង