សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីប្រណាំងទូក បណ្ដែតប្រទីប អបអរបុណ្យចេញព្រះវស្សាខេត្តបាត់ដំបង
នារសៀលថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីពិធីប្រណាំងទូក បណ្ដែតប្រទីប អបអរបុណ្យចេញព្រះវស្សាខេត្តបាត់ដំបង នៅវេទិកាអុំទូកមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
គណៈប្រតិភូអមដំណើរចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានការចូលរួមទស្សនាពីប្រជាពលរដ្ឋតាមបណ្ដាលស្រុកនានាក្នុងខេត្ត ក៏មានការចូលរួមពីភ្ញៀវទេសចរជាតិ អន្តរជាតិ នៅអមសងខាងនៃមាត់ស្ទឹងសង្កែយ៉ាងច្រើនកុះករ។
ពិធីប្រណាំងទូក បណ្ដែតប្រទីប របស់ខេត្តបាត់ដំបងនាពេលនេះគឺជាលើកទី២២ ដែលបានប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ និងទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយខកខានប្រារព្ធរយៈពេល២ឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារជំងឺរាតត្បាតកូវីដ១៩។ ក្នុងឆ្នាំ២០២៣នេះទូកដែលបានចូលរួមប្រកួតសរុបចំនួន ៤៥ទូក និងមានកីឡាករ កីឡាការិនី សរុប ១.៥៩៦រូប ដោយក្នុងនោះបែងចែកជា ទូកកាចារ ចំណុះ ៧ទៅ១០នាក់ មាន៨ទូក, ទូកខ្នាតអន្តរជាតិនារី ចំណុះ២២នាក់ ២ទូក, ទូកខ្នាតអន្តរជាតិបុរស ចំណុះ២២នាក់ ៦ទូក, ទូកខ្លីប្រពៃណីជាតិ ចំណុះ ២៣នាក់ ២៣ទូក និងទូកវែងប្រពៃណីជាតិ ចំណុះ ៦៨នាក់ឡើង ១១ទូក។
ក្នុងរយៈពេល២ថ្ងៃនេះ ពិធីប្រណាំងទូកនៅខេត្តបាត់ដំបង និងបានដំណើរការទៅប្រកបដោយជោគជ័យ ស្ថិតក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង រីឯកីឡាករ កីឡាការិនីទាំងអស់បានបញ្ចេញអស់ថាមពល និង បច្ចេកទេស ធ្វើការប្រកួតដោយលក្ខណៈសាមគ្គីភាព មិត្តភាព ក្នុងការដណ្ដើមយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។
ឆ្លងកាត់ការប្រណាំងទូក តាមរូបមន្តលក្ខណៈវិលជុំ លទ្ធផលទូកដែលទទួលចំណាត់ថ្នាក់ប្រចាំឆ្នាំ២០២៣នេះ មានរួមមាន ១- ទូកខ្នាតអន្តរជាតិ (ផ្នែកបុរស) ចំណុះ ២២នាក់ លេខ១ បានទៅលើទូកឈ្មោះ «យុវជនបាត់ដំបងសជ័យបារមីគង្គារ», លេខ២ បានទៅលើទូកឈ្មោះ «អនុវិទ្យាល័យព្រែកនរិន្ទសជ័យ» និងលេខ៣បានទៅលើទូកឈ្មោះ «បាណន់មានជ័យ បារមីលោកតាដំបងដែក», លេខ៣ស្ទួនបានទៅលើទូកឈ្មោះ «ផ្សោតមានជ័យដែនដីសុវណ្ណ»។ ចំពោះទូកខ្លីប្រពៃណីផ្នែកបុរស យើងបានកំណត់បែងចែកចំណាត់ថ្នាក់ក្របខ័ណ្ឌ គឺក្របខ័ណ្ឌ អក្សរ (ក).(ខ) និង ក្របខ័ណ្ឌ អក្សរ (គ)៖ ក្របខ័ណ្ឌ អក្សរ (គ)លេខ១ បានទៅលើទូកឈ្មោះ «កាកបាទក្រហម សជ័យបារមីតេជោ»,
លេខ២ បានទៅលើទូកឈ្មោះ «បញ្ញាវ័ន្តក្មេងវត្តបាត់ដំបងបារមីតេជោសែន», លេខ៣ បានទៅលើទូកឈ្មោះ «ទូកលោកម្ចាស់» និងលេខ៣ស្ទួនបានទៅលើទូកឈ្មោះ «រាជសីហ៍សរសែនជ័យ»។ ក្របខ័ណ្ឌ អក្សរ (ខ) លេខ១ បានទៅលើទូកឈ្មោះ «នទីមង្គលកម្ពុជរតនមានជ័យ» , លេខ២បានទៅលើទូកឈ្មោះ «រតនសំឡូតមានជ័យ», លេខ៣ បានទៅលើទូកឈ្មោះ «តាតាំងមានជ័យបារមីវត្តសង្កែវារ» និងលេខ៣ស្ទួនបានទៅលើទូកឈ្មោះ «ថ្មគោលសជ័យបារមីលោកឱហេងសុខន»។ ក្របខ័ណ្ឌ អក្សរ (ក) លេខ១ បានទៅលើទូកឈ្មោះ «សាធារណការសម័យបារមីកំចាយមារ», លេខ២ បានទៅលើទូកឈ្មោះ «សុវណ្ណមានជ័យបារមីវត្តសង្កែវា», លេខ៣ បានទៅលើទូកឈ្មោះ «សង្គមកិច្ចសែនជ័យ បារមីមានរិទ្ឋិ» និងលេខ៣ស្ទួនបានទៅលើទូកឈ្មោះ «ឧស្សាហពាណិជ្ជ មានជ័យ»។ ទូក ង វែងប្រពៃណីផ្នកបុរស លេខ១ បានទៅលើទូកឈ្មោះ «នរិន្ទរង្សី សពិជ័យ ចិត្របុត្រ» , លេខ២បានទៅលើទូកឈោ្មះ «ឯ.ឧ ភូពុយ សុវណ្ណ រាជសីហ៍បារមីបន្ទាយមហានគរ», លេខ៣ បានទៅលើទូកឈ្មោះ «បាត់ដំបងខនស៍ស៊ីមេនមានជ័យបារមីភ្នំដូនមាយ» និងលេខ៣ស្ទួន បានទៅលើទូកឈ្មោះ «សុវណ្ណភេត្រាបាត់ដំបងសជ័យ»។
អញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ពិសេសបងប្អូនកីឡាករ កីឡាការិនី នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីរីករាយដែលមានឱកាសជាថ្មីទៀតបានចូលរួមទស្សនា និងគាំទ្រការប្រារព្ធពិធីប្រណាំងទូកខេត្តបាត់ដំបង ដែលមានប្រជាពលរដ្ឋជាចំណុះទូក និងប្រជាពលរដ្ឋជាអ្នកមកលេងកំសាន្តយ៉ាងច្រើនកុះករនាឱកាសនេះ។
សម្ដេចក៏បានថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក្រុមការងារ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សប្បុរជនទូទៅ ដែលបានចូលរួមគាំទ្ររដ្ឋបាលខេត្តបាត់ដំបង នៅក្នុងការរៀបចំព្រឹត្តិការណ៍នេះ ពិសេសបានចូលរួមផ្ដល់ការគាំទ្រជាថវិកា សម្លៀកបំពាក់ ស្បៀងអាហារ ភេសជ្ជៈ ដល់ចំណុះទូកដែលបានចូលរួមប្រណាំងញាំងបរិយាកាសរីករាយជូនប្រជាពលរដ្ឋ។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏ថ្លែងទាញចំណាប់អារម្មណ៍អង្គពិធីអំពីសមិទ្ធផលធំៗ លើគ្រប់វិស័យ ទាំងផ្នែកនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលនាំឱ្យកម្ពុជា សម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈនេះ គឺបានមក តាមរយៈ នយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នសម្តេចជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ទាំងបួនដំណាក់កាល ព្រមទាំងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រផ្សេងទៀត។ ជាពិសេសស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងមាន ព្រះមហាក្សត គង់ប្រថាប់ជាម្លប់ជាទីគោរពសក្ការៈ ប្រទេសកម្ពុជាយើង មានការអភិវឌ្ឍ រីកចម្រើនលើ គ្រប់វិស័យ ហើយប្រជាពលរដ្ឋកំពុងរស់នៅជាមួយនឹងជីវភាពសមរម្យ មានចំណេះដឹង មានសុខុមាលភាពល្អប្រសើរ ចីរភាព។ សមិទ្ធផលទាំងនេះក៏បាននិងកំពុងជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និង សេដ្ឋកិច្ច ដើម្បីធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់ល្អប្រសើរ។
ឱកាសដ៏ថ្លៃថ្លានេះ សម្ដេចក៏មានប្រសាសន៍ផ្ដាំផ្ញើ ឲ្យប្រជាពលរដ្ឋបន្តជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើក កម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ពិសេសសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង។ ជំរុញការផ្សព្វផ្សាយអប់រំដល់យុវជនអំពីការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន តាមគោលការណ៍ « បីកុំ មួយរាយការណ៍»។ រួមគ្នាជំរុញផ្សព្វផ្សាយអប់រំ និង អនុវត្តច្បាប់ចរាចរណ៍ឱ្យទូលំទូលាយ សំដៅធ្វើយ៉ាងណាកាត់បន្ថយអត្រាគ្រោះថ្នាក់ ចរាចរណ៍ និងផ្សព្វផ្សាយអប់រំឱ្យប្រជាពលរដ្ឋ ថែរក្សាសុខភាព អនាម័យ ហូបស្អាត ផឹក ស្អាត និងរស់នៅស្អាត អោយបានជាប់ជាប្រចាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
សម្ដេចក៏បានថ្លែងការកោតសរសើរចំពោះ អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ចំណុះរដ្ឋបាលខេត្តបាត់ដំបង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បាត់ដំបង សប្បុរសជន កីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែល បានរួមគ្នាធ្វើឱ្យពិធីនេះ ប្រព្រឹត្តទៅដោយរលូន និងក្រោមបរិយាកាសប្រកបដោយ សាមគ្គីភាព និងសប្បាយរីករាយ៕