ក្រុមក្រឡាហោមមនុស្សធម៌ បានបន្តនាំយកអំណោយរបស់សម្ដេច និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅឃុំក្តុលតាហែន
ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន សខេង ក្រុមក្រឡាហោមមនុស្សធម៌ បានបន្តនាំយកអំណោយរបស់សម្ដេច និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅឃុំក្តុលតាហែន ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង នាថ្ងៃសៅរ៍ ២រោច ខែស្រាពណ៍ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣។
ប្រជាពលរដ្ឋទាំង២ឃុំ នៃស្រុកបវេល ដែលបានទទួលអំណោយសម្ដេចក្រឡាហោម និងលោកជំទាវនាឱកាសនោះ មានចំនួន ៤០២គ្រួសារ។ អំណោយដែលបានផ្ដល់ជូនរួមមាន៖ អង្ករ១ការ៉ុង មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវទឹកត្រី១យួរ ទឹកសុទ្ធ២កេស។
ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ចន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ឯកឧត្តម ព្រួញ រិទ្ធថា, ឯកឧត្តម សួ ប៉ុណ្ណារ៉ុង, លោក អេង ភិរុណ និងសមាជិកសមាជិកាក្រុមក្រឡាហោមមនុស្សធម៌ បានជម្រាបជូនប្រជាពលរដ្ឋ ដែលបានទទួលអំណោយនាឱកាសនេះ និងប្រជាពលរដ្ឋទូទៅនៅខេត្តបាត់ដំបងទាំងអស់ នូវសេចក្ដីនឹករលឹកយ៉ាងក្រៃលែង ពីសម្ដេចក្រឡាហោម និងលោកជំទាវ។
ឯកឧត្តម ខាន់ ម៉ាណេរ បានជម្រាបជូននូវសេចក្ដីថ្លែងអំណរគុណរបស់សម្ដេចក្រឡាហោម និងលោកជំទាវ ចំពោះថ្នាក់ដឹកនាំ និងជារួមប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ដែលបានគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ និងសង្ឃឹមជឿជាក់ថា ការគាំទ្រនេះនឹងបន្តមានក្នុងនីតិកាលទី៧នេះ និងជារៀងរហូត។
ឯកឧត្តម ក៏បានមានប្រសាសន៍ថា សម្ដេចក្រឡាហោម នឹងនៅតែបន្តភារកិច្ចរួមចំណែកបម្រើជាតិ និងប្រជាជនទូទាំងប្រទេស រួមទាំងក្នុងខេត្តបាត់ដំបង បើទោះជាក្នុងនីតិកាលទី៧នេះ សម្ដេចមិនបន្តភារកិច្ចនៅក្រសួងមហាផ្ទៃក៏ដោយ។ ឯកឧត្តមបន្តទៀតថា សម្ដេចក៏នៅតែបន្តគាំទ្រ និងជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងខេត្តបាត់ដំបង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេរ ក៏បានពាំនាំប្រសាសន៍សម្ដេចក្រឡាហោម ស ខេង សូមឲ្យប្រជាពលរដ្ឋ ខិតខំបង្កបង្កើនផល ថែរក្សាសុខភាព ក្នុងស្ថានភាពអាកាសធាតុប្រែប្រួល និងក្នុងស្ថានភាពសេដ្ឋកិច្ចសកលមានការលំបាក ៕