សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាសហអធិបតីក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ជាមួយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
នាព្រឹកថ្ងៃអង្គារ ១៤ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានអញ្ជើញជាសហអធិបតីក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ជាមួយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
សន្និបានេះបានប្រព្រឹត្តិទៅនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំ និងសមាជិកគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្នាក់ដឹកនាំនិងសមាជិកលេខាធិការដ្ឋានរៀបចំការបោះឆ្នោតទូទាំង២៥រាជធានី តំណាងបណ្ដាគណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគ.ជ.ប គ្រប់លំដាប់ថ្នាក់ អាជ្ញាធរគ្រប់មូលដ្ឋាន តំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋដែលចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួនស្របតាមច្បាប់ បទបញ្ជា នីតិវិធី នៃការបោះឆ្នោត ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ក្នុងនាមជាប្រជាតិខ្មែរ ធ្វើឱ្យការបោះឆ្នោតទទួលបានលទ្ធផលល្អប្រសើរ ទាំងលើទិដ្ឋភាពច្បាប់ និងបច្ចេកទេស។
សម្ដេចបានមានប្រសាសន៍ថាការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ក្រោមបរិយាកាសសន្តិភាព មានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ។ សម្ដេចបន្ថែមថាចាប់ពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣រហូតដល់ការបោះឆ្នោត២០២៣នេះ កម្ពុជាបានរៀបចំការបោះឆ្នោតចំនួន១៨លើករួចមកហើយ ហើយការបោះឆ្នោតចុងក្រោយនេះបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ធៀបនឹងការបោះឆ្នោតមុនៗ ជាពិសេសមានអត្រាអ្នកបោះឆ្នោតខ្ពស់។
សម្ដេចក្រឡាហោម ក៏បានបង្ហាញសុទិដ្ឋិនិយមថាការបោះឆ្នោតនាពេលខាងមុខនៅកម្ពុជា នឹងកាន់តែមានលក្ខណៈល្អប្រសើរថែមទៀត។ សម្ដេចបន្ថែមថានៅក្រោយការបោះឆ្នោត២០២៣នេះ តំណាងគណបក្សនយោបាយ និងអង្គការជាតិ និងអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍វាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោត និងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងអំពីបរិយាកាសយ៉ាងល្អប្រសើរនៃការបោះឆ្នោត ដោយលើកឡើងថាការបោះឆ្នោតនេះមានសុវត្ថិភាព ឯករាជ្យ មិនលម្អៀង មានវិជ្ជាជីវៈ មានតម្លាភាព និងស្របតាមស្តង់ដាអន្តរជាតិ។
សម្ដេចបញ្ជាក់ទៀតថាការវាយតម្លៃខាងលើនេះ ជាសូចនាករវាយតម្លៃការបោះឆ្នោត និងជាសមិទ្ធផលថ្មីមទួយទៀតនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ សម្ដេចសង្កត់ធ្ងន់ថាសមិទ្ធផលទាំងអស់នេះ កើតឡើងអាស្រ័យដោយគ្រប់ភាគីបានខិតខំរួមគ្នាកែលម្អរដំណើរការបោះឆ្នោត ទាំងក្របខណ្ឌច្បាប់ និងបច្ចេកទេស ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយដោយឈរលើមូលដ្ឋាននៃការប្រមូលអនុសាសន៍ ធាតុចូល ការតាំងចិត្ត និងចូលរួមដោយស្មោះស ពីគ្រប់ភាគីដើម្បីរួមគ្នាលើកម្ពស់ដំណើរការបោះឆ្នោត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានឡើងថ្លែងសុន្ទរកថាដោយបង្ហាញសេចក្ដីថ្លែងអំណរគុណចំពោះសម្ដេចក្រឡាហោម ស ខេង ដែលអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ឯកឧត្តមប្រធាន គ.ជ.ប ក៏បានថ្លែងដោយសង្ខេបជូនសម្ដេចក្រឡាហោម និងអង្គពិធីអំពីលទ្ធផលនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងភារកិច្ចសំខាន់ៗមួយចំនួនទៀតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សូមបញ្ជាក់ថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោយចូលរួមប្រកួតប្រជែងចំនួន១៨គណបក្ស។ លទ្ធផលផ្លូវការ ត្រូវបាបង្ហាញថាគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន១២០អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបានចំនួន៥អាសនៈ ក្នុងចំណោមអាសនៈសភាសរុបចំនួន១២៥។ រដ្ឋសភាបានប្រកាសបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី២១ ខែសីហា និងបន្តកិច្ចប្រជុំអនុម័តរចនាសម្ព័ន្ធថ្នាក់ដឹកនាំសភា និងផ្ដល់សេចក្ដីទុកចិត្តរាជរដ្ឋាភិបាលនីតិកាលថ្មី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
កម្ពុជាបានរៀបចំការបោះឆ្នោតនីតិកាលទី១ ដោយអង្គការសហប្រជាតិកាលពីឆ្នាំ១៩៩៣ និងបាន រៀបចំការបោះឆ្នោតដោយខ្លួនឯង នៅនីតិកាលទី២ ឆ្នាំ១៩៩៨។ កម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត៧លើកហើយ និងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់៥លើករួចមកហើយ។ ក្រៅពីនេះក៏មានការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើឡើងដោយអសាកលផងដែរ។ ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺជាជម្រើសតែមួយគត់ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ព្រមទាំងបញ្ចៀសបានទាំងស្រុងនូវសង្គ្រាម និងការបែកបាក់ជាតិ៕