សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ពិសាភោជនាហារជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ និងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៧
នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ពិសាភោជនាហារជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ និងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលជាផ្លូវការថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រឈ្នះអាសនៈចំនួន ១២០ អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រឈ្នះបាន ៥ អាសនៈ។ តាមគម្រោង រដ្ឋសភានីតិកាលទី៧ និងបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី២១ ខែសីហា និងបន្តកិច្ចប្រជុំបោះឆ្នោតអនុម័តរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភា និងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើរាជរដ្ឋាភិបាល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ៕