សម្តេចក្រឡាហោម ស ខេង អញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្ដេចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីបុណ្យរុក្ខទិវា ៩ កក្កដា
នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីបុណ្យរុក្ខទិវា ៩ កក្កដា នៅស្ថានីយដាំឈើ ម្សៅក្រដាស ហ៊ុន សែន មា.នក ស្ថិតនៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ នៃខេត្តកំពង់ឆ្នាំង។
យាង និងអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនាឱកាស រួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះញាតិវង្សានុវង្ស ថ្នាក់ដឹកនាំសង្ឃ ឥស្សរជនជាថ្នាក់ដឹកនាំក្រសួងស្ថាប័នជាតិ អង្គទូតនានាប្រចាំនៅកម្ពុជា កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលថ្នាក់ជាតិ ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងប្រជាពលរដ្ឋជាច្រើនពាក់នាក់ទៀត។
ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង បានមានព្រះរាជឱង្ការអំពាវនាវដល់ ប្រជាពលរដ្ឋ ឱ្យបន្តចូលរួមការពារព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ ដើម្បីធានាធនធានទាំងនេះ សម្រាប់កូនចៅជំនាន់ក្រោយ និងសុំឱ្យ ប្រជាពលរដ្ឋ យកចិត្តទុកដាក់ធ្វើកសិកម្មចម្រុះ ឱ្យអស់តាមសហគមន៍សក្តានុពល ដោយពុំបាច់ពឹងតែលើផលនៃអនុផលព្រៃឈើឡើយ។ ជាមួយគ្នានេះ អង្គព្រះមហាក្សត្រ ក៏អំពាវនាវឱ្យជនរួមជាតិ បន្តដាំដើមត្នោត ដែលជារុក្ខជាតិអត្តសញ្ញាណជាតិ និងដើមឈើកម្រផ្សេងទៀតផងដែរ។
ព្រះអង្គមានព្រះរាជបន្ទូលទៀតថា «ខ្ញុំសូមអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរដែនដី និងបងប្អូនជនរួមជាតិ មេត្តា ចូលរួមដាំដើមឈើគ្រប់ប្រភេទឱ្យបានច្រើន ក្នុងនោះក៏មានត្នោតដែលជារុក្ខជាតិតំណាងអត្តសញ្ញាណជាតិយើង។ ដើមឈើទាល ដើមគគីជាដើម នៅតាមទីវត្តអារាម ទីសាធារណៈ រមណីយដ្ឋាន ដងផ្លូវលំ ផ្លូវជាតិ ប្រឡាយ ភូមិឋាននានា តាមភ្លឺស្រែ ដើម្បីបំពេញតម្រូវការផលព្រៃឈើ និងសហគមន៍នានា»។
សូមបញ្ជាក់ថាសួនរុក្ខទិវាឆ្នាំនេះមានទំហំ១០ហិកតា នឹងត្រូវ ដាំកូនឈើ ជាច្រើនប្រភេទដូចជាកូនធ្នង់ ច្រេស គីនីន គ្រញ៉ូង ស្តៅ និងក្ងោក សរុបជាង ១៣ ០០០ដើម។ គិតត្រឹមឆ្នាំ២០២៣នេះ ពិធីបុណ្យរុក្ខទិវា ត្រូវបានរៀបចំ ២៨លើក នៅ ខេត្តក្រុងចំនួន១៤ ដោយ បានបង្កើតជាសួនរុក្ខទិវា ទំហំ ៤៦២ ហិកតា។ ព្រឹត្តិ ការណ៍រុក្ខទិវា ក៏បាន បង្កើត ឱ្យមានចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើក្នុងចំ ណោម សាធារណជន ដោយបានបង្កើតជាចម្ការឈើជាង ៨ម៉ឺនហិកតា និងសួនសាធារណៈ និងសួនឯកជនជាច្រើនផងដែរ៕