ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា និងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៣

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា និងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ទោ វៀក សុភាព នាយកសាលានគរបាលជាតិភូមិភាគ៣ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីអំពីដំណើរការបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈ ជំនាន់ទី១៧ លើកទី១ ដែលបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលវិញ្ញាបនបត្រពីសម្ដេចក្រឡាហោម ស ខេង នាឱកាសនេះ មានចំនួន១៨៣នាក់។ នគរបាលទាំងនេះ បានបញ្ជូនមកពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កំពត ព្រះសីហនុ និងខេត្តតាកែវ។

សមិទ្ធផលសម្ពោធនាថ្ងៃនេះវិញ រួមមានឡដុតសំរាមឧត្ថម្ភដោយឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន, ផ្លូវបេតុងប្រវែង ២ ២១០ម៉ែត្រ ប្រព័ន្ធដំដោះទឹកប្រវែង ៥០០ម៉ែត្រ ឧត្ថម្ភដោយឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ, អគារស្នាក់នៅ១ខ្នងកំពស់២ជាន់ ទំហំ៤៥ម៉ែត្រគុណ១៣,៥ម៉ែត្រ និងគ្រឿងបរិក្ខាឧត្ថម្ភដោយឯកឧត្តមអភិបាលខេត្តព្រះសីហនុ, អគារសិក្សា១ខ្នង កំពស់២ជាន់ ទំហំ៤៥គុណ១៣,៥ម៉ែត្រ និងគ្រឿងបរិក្ខា ឧត្ថម្ភដោយឯកឧត្តមអភិបាលខេត្តកំពត និងអភិបាលខេត្តតាកែវ និងលោកជំទាវ។

លោកឧត្តមសេនីយ៍ទោ បានបន្ថែមថាជាមួយគ្នានេះ ក៏មានសមិទ្ធផលកញ្ចុះសម្រាប់ទទួលភ្ញៀវ ទំហំ៥,៥ម៉ែត្រគុណ៧ម៉ែត្រ អគារផ្ទះបាយ១ខ្នង កម្ពស់១ជាន់ ទំហំ២៥គុណនឹង១៥ម៉ែត្រ និងជួសជុលអគារផ្ទះបាយចាស់ស្ទើរតែទាំងស្រុង ឧបត្ថម្ភដោយលោកជំទាវអភិបាលខេត្តកោះកុង និងឯកឧត្តមអភិបាលខេត្តកែប។ ជាមួយគ្នានេះ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកបុគ្គលិកក៏បានកៀគរសប្បុរសជនគាំទ្រការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតផងដែរ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណនិងកោតសរសើរផងដែរដល់បណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដូចជាសាលានគរបាលជាតិភូមិភាគ៣ ដោយបានរៀបចំឱ្យមានពិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីបង្ហាញអំពីសមិទ្ធផលថ្មីៗដែលសម្រេចបាន និងលទ្ធផលនៃការងារបណ្តុះបណ្តាល កងកម្លាំងនគរបាលជាតិក្នុងពេលកន្លងមក។ សម្ដេចបានបង្ហាញការចាប់អារម្មណ៍ប្រកបដោយមោទនភាពយ៉ាងខ្លាំងអំពីការវិវឌ្ឍរីកចម្រើនរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹងនិងហេដ្ឋារចនាសម្ព័ន្ធទន់។

សម្ដេចមានប្រសាសន៍ថាក្នុងពេលកន្លងមកថ្មីៗនេះ សម្ដេចបានសម្ពោធសមិទ្ធផលនានានៅបណ្ឌិត្យសភានិងសាលា នគរបាលជាតិភូមិភាគមួយចំនួន និងពិនិត្យឃើញថា មូលដ្ឋានសម្ភាររូបវន្តដែលត្រូវបាន កសាងក្នុងដំណាក់កាលនេះ ពិតជាអាចឆ្លើយតបបានភាគច្រើន ទៅនឹងតម្រូវការជាក់ស្តែង នៃការបណ្តុះបណ្តាលប្រកបដោយគុណភាព។ សម្ដេចចាត់ទុកស្នាដៃទាំងនេះថាបានកើតឡើងស្របពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងមានស្ថិរភាពនិងវឌ្ឍនភាពជាតិលើគ្រប់វិស័យហើយប្រជាពលរដ្ឋរស់នៅក្នុងភាពសម្បូររុងរឿងប្រកបដោយភាពសុខដុមរមនា ក្រោមដំបូលន សន្តិភាពពេញលេញដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំចុងក្រោយនេះ។

សម្ដេចបានគូសបញ្ជាក់ថា«មកដល់ចំណុចនេះ ខ្ញុំសូមបញ្ជាក់ជូនថា អ្វីៗដែលយើងខិតខំធ្វើក្នុងអតីតកាលបានឱ្យផលនាពេលបច្ចុប្បន្ននេះ ហើយអ្វីៗដែលយើងខិតខំធ្វើនាពេលបច្ចុប្បន្ននឹងឱ្យផលទៅថ្ងៃអនាគត។ ឧទាហរណ៍ជាក់ស្តែង ក្មួយៗខិតខំសិក្សារៀនសូត្រហ្វឹកហាត់នាពេលកន្លងមក ក្មួយៗទទួលបាន ជោគជ័យនាពេលនេះ ហើយបន្ទាប់ពីនេះ ក្មួយៗត្រូវព្យាយាមបន្តសិក្សារៀនសូត្រដកស្រង់ បទពិសោធការងារ និងយកចិត្តទុកដាក់លើភារកិច្ចទទួលខុសត្រូវ នោះក្មួយៗនឹងទទួលបាន ជោគជ័យបន្ថែមទៀតក្នុងជីវិតការងារ នាពេលអនាគត»។

ក្នុងក្របខណ្ឌនៃការបណ្ដុះបណ្ដាលនគរបាលជាតិ សម្ដេចមានប្រសាសន៍ថាក្រសួងបានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលក្នុងប្រទេស ដូច្នេះយើងបានជំរុញការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិ ភូមិភាគទាំងអស់ ឱ្យស្របតាមស្តង់ដាគុណភាព មានកិត្យានុភាព ឧត្ដមភាព និងការជឿ ទុកចិត្តទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ ពីព្រោះធនធានមនុស្សដែលទទួលបានពីការ បណ្តុះបណ្តាលត្រឹមត្រូវ គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ព្រោះគ្រឹះស្ថានបណ្តុះបណ្តាលបានដើរតួនាទីយ៉ាងសំខាន់ជារោងចក កែច្នៃមនុស្ស ឱ្យមានតម្លៃនិងមានប្រយោជន៍ដល់សង្គមជាតិទាំងមូល។

ទាក់ទងនឹងការបណ្តុះបណ្តាលវគ្គកម្រិតបឋមវិជ្ជាជីវៈនគរបាល សម្ដេចបានបញ្ជាក់ថា«ក្មួយៗ ទាំងអស់គឺជាឈាមថ្មី ដែលរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ បានជ្រើសរើសយកមកចាក់បញ្ចូល ក្នុងរដ្ឋបាលសាធារណៈ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ។ ហេតុនេះ ចាំបាច់ណាស់ដែលទាមទារឱ្យឈាមថ្មីនេះ ជាឈាមដែលមានគុណភាពល្អ ដើម្បីបំពេញតួនាទីជាមន្ត្រីនគរបាលបន្តវេន ប្រកបដោយ លក្ខណសម្បត្តិសមស្រប និងមានការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ»។ពីវេទិកាអធិបតីនោះដែរ សម្ដេចបានណែនាំណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ ត្រូវបន្ត អនុវត្តភារកិច្ចទទួលខុសត្រូវ ផែនការ គោលការណ៍នានា និងកម្មវិធីកំណែទម្រង់របស់ខ្លួន ឱ្យទទួលបានជោគជ័យនិងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ព្រមទាំងផ្តោតការយកចិត្ត ទុកដាក់បន្ថែមទៀតលើការងារពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសមាហរណកម្មខ្លួនទៅក្នុងក្របខណ្ឌអាស៊ាន តំបន់ និងពិភពលោកឱ្យបានពេញលេញ ព្រមទាំង មានឧត្តមភាពអាចប្រៀបធៀបបានក្នុងក្របខណ្ឌអន្តរជាតិ។

ចំណែកសិស្សនគរបាលជ័យលាភីទាំងអស់ សម្ដេចបានផ្ដល់ដំបូន្មានឱ្យចងចាំថាការសិក្សាស្រាវជ្រាវ ការរៀនសូត្រ និងការធ្វើស្វ័យសិក្សាតាមគ្រប់រូបភាពនិងគ្រប់ទីកន្លែង គឺជាកាតព្វកិច្ចរបស់ក្មួយៗ ទាំងអស់ ដែលត្រូវផ្តោតយកចិត្តទុកដាក់ខ្ពស់និងអនុវត្តឱ្យបានល្អ ដើម្បីពង្រឹងនិងពង្រីក ចំណេះដឹងឱ្យកាន់តែទូលំទូលាយនិងសមត្ថភាពជំនាញឱ្យកាន់តែល្អប្រសើរ និងដកស្រង់បទពិសោធល្អៗពីនគរបាលរៀមច្បង ក្នុងគោលដៅធ្វើឱ្យក្មួយៗក្លាយជាធនធានមនុស្សកាន់ត មានតម្លៃនិងមានប្រយោជន៍ដល់អង្គភាព ដល់ក្រសួងមហាផ្ទៃ និងសង្គមជាតិទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង