សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនលោកឧញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ចូលជួបសម្ដែងការគួរសម
នារសៀលថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូនលោកឧញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម បានសម្ដែងការស្វាគមន៍ចំពោះប្រតិភូគមសមាគម និងបានសម្ដែងការកោតសរសើរចំពោះវឌ្ឍនភាពការងារដែលសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាសម្រេចបាន ជាពិសេសការរៀបចំពិធីសំណេះសំណាលជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។
សម្ដេចក្រឡាហោម ក៏បានសម្ដែងការកោតសរសើរចំពោះសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាដែលបានខិតខំរៀបចំរចនាសម្ព័ន្ធទាំងនៅរាជធានៅភ្នំពេញ និងតាមបណ្ដាខេត្ត រួមទាំងការរៀបចំជំនួន និងពិធីផ្សព្វផ្សាយនានាក្នុងន័យដើម្បីរួមចំណែកលើកកម្ពស់វិស័យសហគ្រាសធនតូច និងមធ្យមនៅកម្ពុជាស្របតាមទិសដៅរបស់សមាគម។
លោកឧញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណសម្ដេចក្រឡាហោម ស ខេង ដែលបានឆ្លៀតឱកាសពេលវេលាដ៏មានតម្លៃអនុញ្ញាតជូនប្រតិភូសមាគមបានចូលជួបសម្ដែងការគួរសម។ លោកឧកញ៉ា ក៏បានរាយការណ៍ជូនសម្ដេចអំពីកំណើនសមាជិកសមាគមទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកទឹកចិត្តសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា បន្តធ្វើសកម្មភាពឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការពង្រឹង និងពង្រីកសក្ដានុពលវិស័យសហគ្រាសធនតូច និងមធ្យមនៅកម្ពុជា៕