ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេងអញ្ជើញជាអធីបតីក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ

នាព្រឹកថ្ងៃពុធ ១១កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធីបតីក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ។

ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិរណ៌កោះពេជ្រ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំ និងសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ បណ្ដាអង្គទូតអង្គទូតនានាប្រចាំកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រី និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតសរុបប្រមាណជា ៣០០០នាក់។

ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអានសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ជូនគណៈអធីបតី និងអង្គពិធីដែលសម្ដេចបានអំពានវាវបងប្អូនកូនក្មួយជនរួមជាតិទាំងអស់ ពិសេស មាតា បិតា អាណាព្យាបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធដទៃទៀតត្រូវបន្តយកចិត្តទុកដាក់អប់រំកូនចៅ កុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ និងសូមបន្តចូលរួមឱ្យកាន់តែសកម្មថែមទៀតក្នុងការកំណត់មុខសញ្ញាបទល្មើស និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចអនុវត្តច្បាប់ ដើម្បីឈានទៅមានវិធានការដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមខ្លឹមសារគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល និងទិសស្លោក «៣កុំ ១រាយការណ៍»។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បន្ដថា គណៈបញ្ជាការ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធដែលនៅជាប់ជាមួយប្រជាជន ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសពង្រឹងការចុះជាប់ជាមួយប្រជាជន បង្កើនសកម្មភាពធ្វើវេទិកាសាធារណៈដែលតាមរយៈសកម្មភាពទាំងនោះ ត្រូវខិតខំធ្វើការអប់រំផ្សព្វផ្សាយឱ្យបានជាប្រចាំ ដើម្បីបង្កើនការយល់ដឹងឱ្យបានកាន់តែទូលំទូលាយ បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធរវាងប្រជាជន និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមួយសមត្ថកិច្ចអនុវត្តច្បាប់ ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់ផ្នត់គំនិតរើសអើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន លើកទឹកចិត្តដល់ការគិតគូរ និងជួយគ្នាទៅវិញ ទៅមក ក្នុងការជួយសង្គ្រោះអ្នកញៀនគ្រឿងញៀន និងផ្ដល់នូវសេវាសុខភាព ដើម្បីទទួលបាននូវការព្យាបាលស្ដារនីតិសម្បទា បណ្ដុះបណ្ដាលបំណិនជីវិត និងការបង្ការខ្លួនពីការលាប់ឡើងវិញផងដែរ។

អញ្ជើញថ្លែងសុន្ទរកថា និងមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនូវការអរគុណ និងកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួង ស្ថាប័ន អង្គភាពជាសមាជិកទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការ សមាគមជាតិ អន្តរជាតិ វិស័យសាសនា វិស័យឯកជន សប្បុរសជន បណ្តាប្រទេសជាមិត្ត ពិសេស បងប្អូនប្រជាពលរដ្ឋទូទៅ ក៏ដូចជាក្មួយៗនិស្សិត និងសិស្សានុសិស្សទាំងអស់ ដែលបានចូលរួម និងគាំទ្រយ៉ាងពេញទំហឹងនាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន រហូតធ្វើឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេស ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល ដំណើរការបានយ៉ាងរលូន និងទទួលបានលទ្ធផលល្អប្រសើគួរឱ្យកត់សម្គាល់។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទៀតថា ការប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ មានគោលបំណង និងទិសដៅលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងការជួញដូរខុសច្បាប់ ឈានទៅបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងកាត់បន្ថយតម្រូវការគ្រឿងញៀនខុសច្បាប់ ពិសេស ធ្វើការពិនិត្យឡើងវិញ ដោយធ្វើការពង្រឹងគោលនយោបាយ និងច្បាប់ ស្តីពីការត្រួតពិនិត្យ គ្រឿងញៀននៅក្នុងប្រទេសនីមួយៗ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។

សម្ដេចក្រឡាហោម បានបង្ហាញការកត់សម្គាល់ថា ជាការពិតប៉ុន្មានឆ្នាំកន្លងមកនេះ បើទោះបីកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល បានទទួលនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់ប្រក្រតីភាពនៃដំណើរការសេដ្ឋកិច្ច វប្បធម៌ សង្គមធម៌ ក៏ដូចជាជីវភាពសង្គមផ្សេងៗទៀតដែលបណ្តាលមកពីជំងឺឆ្លងរាលត្បាតកូវីដ-១៩ ក្តី ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបានបង្កើនការយកចិត្តទុកដាក់ និងពង្រឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាប់ជាប្រចាំពិសេស តាមរយៈការបន្តដាក់ចេញ និងអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ សំដៅពង្រឹងនូវប្រសិទ្ធភាពទាំងលើការងារអនុវត្តច្បាប់ ការងារផ្សព្វផ្សាយអប់រំ ព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន។

សម្ដេចក៏បានមានប្រសាសន៍ទៀតថា ការងារ អនុវត្តច្បាប់បានពង្រឹងនូវប្រសិទ្ធភាពនៃការស្រាវជ្រាវ ស៊ើបអង្កេត និងកំណត់មុខសញ្ញា រហូតឈានដល់ការបង្រ្កាប និងវាយបំបាក់នូវរាល់ល្បិចកលថ្មីៗរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនធំៗ ដែលព្យាយាមធ្វើចរាចរគ្រឿងញៀនឆ្លងកាត់ និងប៉ុនប៉ងប្រើប្រាស់កម្ពុជាធ្វើជាទីតាំងកែច្នៃផលិតគ្រឿងញៀនខុសច្បាប់បានជាបន្តបន្ទាប់។

នៅចុងបញ្ជប់នៃពិធីនោះ សម្ដេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានអញ្ជើញដុតបំផ្លាញចោលនូវត្ថុតាង និងសារធាតុញៀន និងសារធាតុគីមីផ្សំជាច្រើនតោនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង