សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពីសំណើរសុំផ្លាស់ប្ដូរឧបករណ៍បច្ចេកទេសបំពាក់បន្ថែមឧបករណ៍ផ្ទុកទិន្នន័យ និងកែសម្រួលដើម្បីលើកកម្ពស់កម្មវិធីផ្នែកទន់នៃប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ហៅកាត់ថា (CBMS)
នាព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពីសំណើរសុំផ្លាស់ប្ដូរឧបករណ៍បច្ចេកទេសបំពាក់បន្ថែមឧបករណ៍ផ្ទុកទិន្នន័យ និងកែសម្រួលដើម្បីលើកកម្ពស់កម្មវិធីផ្នែកទន់នៃប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ហៅកាត់ថា (CBMS) នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយក អគ្គនាយករង អគ្គស្នងការរង ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាកិច្ចប្រជុំនេះធ្វើឡើងតាមសំណើរអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបានណែនាំឯកឧត្តមអគ្គនាយករាយការណ៍ជូនអង្គប្រជុំ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានធ្វើសេចក្ដីរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គប្រជុំ អំពីប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា រួមមានសវតារនៃការរៀបចំប្រព័ន្ធនេះ ដំណើរការមុខងាររបស់ប្រព័ន្ធ លក្ខណៈបច្ចេកទេសដែលជាតម្រូវការ បញ្ហាប្រឈម និងសំណូមពរមួយចំនួន ពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ហៅកាត់ថា (CBMS)។
បន្ទាប់ពីបានស្ដាប់ការធ្វើសេចក្ដីរាយការណ៍របស់ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំសមាជិក សមាជិការ ពិភាក្សា និងផ្ដល់យោបល់បន្ថែម ទៅលើសំណើរសុំផ្លាស់ប្ដូរឧបករណ៍បច្ចេកទេសបំពាក់បន្ថែមឧបករណ៍ផ្ទុកទិន្នន័យ និងកែសម្រួលដើម្បីលើកកម្ពស់កម្មវិធីផ្នែកទន់នៃប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា និងបានផ្ដល់អនុសាសន៍មួយចំនួនផងដែរ។
សូមបញ្ជាក់ថាប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា មានសមត្ថភាពត្រួតពិនិត្យឯកសារធ្វើដំណើរក្លែងបន្លំ និងក្លែងក្លាយ ការរក្សាផ្ទៀងផ្ទាត់ជាមួយបញ្ជីមុខសញ្ញា ផ្ទៀងផ្ទាត់ផ្ទៃមុខជាក់ស្ដែងជាមួយរូបថតខាងក្នុង របស់លិខិតឆ្លងដែន ការរក្សាទុក និងផ្ទៀងផ្ទាត់ក្រយ៉ៅដៃ ការរក្សាទុកទិន្នន័យប្រវត្តិធ្វើដំណើរ និងទិន្នន័យដំណើរចេញ-ចូល ដោយមានបំពាក់ឧបករណ៍សំខាន់ៗដូចជាម៉ាស៊ីនមេមជ្ឈមណ្ឌលកណ្ដាល (HQ Server), ម៉ាស៊ីនមេតាមបណ្ដាប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិ, ឧបករណ៍បំពេញការងារក្នុងបញ្ជរ និងត្រួតពិនិត្យចល័តតាមកំពង់ផែជាដើម៕