ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំ ឆ្លងសេចក្ដីព្រាង វិធានការទូទៅស្ដីពីការកសាងចលនាប្រជាការពារ

នាព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ឆ្លងសេចក្ដីព្រាង វិធានការទូទៅស្ដីពីការកសាងចលនាប្រជាការពារ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក អគ្គនាយករង និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។

អញ្ជើញមានប្រសាសន៍បើកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាឆ្លងតាមរយៈការរៀបចំប្រជាការពារតាំងពីឆ្នាំ១៩៩៩ រហូតដល់ពេលនេះ កម្លាំងប្រជាការពារកាន់តែចូលរួមបានសកម្មក្នុងការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋានជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច។ សម្ដេច បានរម្លឹកថានៅឆ្នាំ២០១៣ កម្លាំងប្រជាការពារក៏បានចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងចលនាបដិវត្តន៍ពណ៌ ហើយនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ ក៏បានរួមចំណែកការពារសន្តិសុខបោះឆ្នោត បានយ៉ាងល្អប្រសើរផងដែរ។

សម្ដេច បានវាយតម្លៃថារហូតមកដល់ពេលនេះ ទោះបីយន្តការពាក់ព័ន្ធនឹងការគ្រប់គ្រង និងពង្រឹងកម្លាំងប្រជាការពារនៅមិនទាន់មានភាពជាក់លាក់ ប៉ុន្តែឆ្លងកាត់បទពិសោធអនុវត្ត កម្លាំងប្រជាការពារបានទទួលការគាំទ្រពីប្រជាពលរដ្ឋ និងទទួលបានការជួយជ្រោមជ្រែង ពីរដ្ឋបាលមូលដ្ឋាន រួមទាំងភាគីពាក់ព័ន្ធផងដែរ។

សម្ដេចបញ្ជាក់ថាផ្ដើមចេញពីចំណុចវិជ្ជាមានជាច្រើនដូចបានបញ្ជាក់មកនេះ សម្ដេចក៏បានចាត់តាំងឱ្យរៀបចំសិក្សាអំពីវិធានការទូទៅ ស្ដីពី ការកសាងកម្លាំងប្រជាការពារ រហូតឈានដល់ការបើកកិច្ចប្រជុំពិនិត្យពីភាក្សានៅថ្ងៃនេះ។

ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ថាចលនាប្រជាការពារត្រូវបានក្រសួងមហាផ្ទៃ រៀបចំឡើងតាមរយៈគម្រោងចាត់តាំងចលនាការពារសន្តិសុខមាតុភូមិ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៩ ក្រោយការរលំរលាយទាំងស្រុងអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ព្រមទាំងនាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិកម្ពុជាកាលពីឆ្នាំ១៩៩៨ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្ដីព្រាង ចលនាប្រជាការពារ ជាវិធានការក្នុងការកៀរគរកម្លាំងប្រជាពលរដ្ឋទាំងមូលចូលរួមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅ ទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព និងសុខដុមរមនា។

ចលនាប្រជាការពារ គឺជាចលនានៃការចូលរួមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានដើម្បីរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការពារអាយុជីវិត ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្រុមគ្រួសារខ្លួន និងសហគមន៍ ភូមិ ឃុំ សង្កាត់ ក្រោមការដឹកនាំ និងសម្របសម្រួលរបស់អាជ្ញាធរមាន សមត្ថកិច្ចនៅមូលដ្ឋានក្នុងដែនសមត្ថកិច្ច។

សេចក្ដីព្រាងក៏បានបញ្ជាក់ដែរថាចលនាប្រជាការពារពុំមែនជាអង្គការចាត់តាំងរបស់កម្លាំងប្រដាប់អាវុធ ឬអង្គការចាត់តាំងណា មួយដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ និងមិនមានការកំណត់ក្របខ័ណ្ឌ ឬឯកសណ្ឋានជាក់លាក់ជាកងកម្លាំង ឯកភាពនោះទេ។ ការចងក្រងកម្លាំងប្រជាការពារ គឺអាស្រ័យទៅតាមឆន្ទៈរបស់អ្នកចូលរួម និងផ្អែកតាមស្ថាន ភាពជាក់ស្ដែងនៃលក្ខណៈភូមិសាស្ត្រ និងប្រជាសាស្ត្រ ហើយប្រជាការពារគឺជាប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកអង្គការ សមាគមនានាគ្រប់ស្រទាប់ជាន់ថ្នាក់ ដែលស្ម័គ្រចិត្តចូលរួមធ្វើសកម្មភាព ក្នុងចលនាប្រជាការពារនៅមូលដ្ឋាន។

សូមបញ្ជាក់ថា ប្រជាការពារមិនទទួលបានប្រាក់បៀវត្សដូចក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ឬកងកម្លាំងប្រដាប់អាវុធ នោះទេ។ ការទ្រទ្រង់សកម្មភាពចលនាប្រជាការពារអាស្រ័យដោយការឧបត្ថម្ភទាំងស្មារតី សម្ភារៈ ថវិកា របស់អាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច វិស័យឯកជន ប្រជាពលរដ្ឋ សប្បុរសជន និងក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។ នេះបើតាមសេចក្ដីព្រាងដែលក៏បានកំណត់អំពី ការកសាង និងចាត់តាំងកម្លាំងប្រជាការពារ និងការៀបចំយន្តការដឹកនាំ គ្រប់គ្រងចលនាប្រជាការពារ ៕ 
 

អត្ថបទដែលជាប់ទាក់ទង