ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយលោកជំទាវ Paola Pampaloni នាយរងផ្នែកគ្រប់គ្រងប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយលោកជំទាវ Paola Pampaloni នាយរងផ្នែកគ្រប់គ្រងប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក។

ជាកិច្ចចាប់ផ្ដើមនៃជំនួបដ៏មានសារៈសំខាន់នោះ លោកជំទាវប្រធានប្រតិភូ បានជំរាបជូនសម្ដេចក្រឡាហោម ស ខេង អំពីខ្លឹមសារនៃគោលបំណងសំខាន់ៗចំនួន២ គឺការស្វែងយល់អំពីលំហរនយោបាយនៅកម្ពុជា និងការចូលរួមកម្មភាពនយោបាយក្នុងក្របខណ្ឌសង្គមប្រជាធិបតេយ្យ។

លោកជំទាវបានបន្តជំរាបជូនសម្ដេចថាបេសកកម្មនាពេលនេះ មិនមែនជាការចម្លែកនោះទេ ព្រោះជាការអនុវត្តតាមកាលបរិច្ឆេទ ដូចដែលបានបញ្ជាក់ក្នុងសេចក្ដីប្រកាសរបស់ហភាពអឺរ៉ុបកាលពីពេលកន្លងទៅ ដើម្បីបង្កើតការជួបសន្ទនាត្រង់ទៅត្រង់មកជាមួយភាគីកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍គណៈប្រតិភូ ដែលបានអញ្ជើញមកនាពេលនេះ នឹងបានមានប្រសាសន៍ពន្យល់ជូនប្រតិភូអំពីប្រធានបទសំខាន់ៗទាំង២ ដែលលោកជំទាវប្រធានប្រតិភូបានលើកឡើងនាឱកាសនៃជំនួបនេះ។

ពាក់ព័ន្ធនឹងការចង់ដឹងអំពីលំហរនយោបាយនៅកម្ពុជា និងការចូលរួមរបស់សង្គមស៊ីវិលនៅក្នុងដំណើរការអភិវឌ្ឍន៍នៅកម្ពុជានោះ សម្ដេចក្រឡាហោម បានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលតែងចាត់ទុកសង្គមស៊ីវិលជាដៃគូ ដោយបានខិតខំលើកម្ពស់ទំនាក់ទំនងតាមរយៈការបង្កើតវេទិការពិភាក្សា ទាំងជាមួយក្រសួងមហាផ្ទៃ និងក្រសួងការបរទេស។

សម្ដេចក៏បានមានប្រសាសន៍ដែរថាសម្រាប់ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលវិញ មុននឹងលេចចេញជារូបរាងឡើងនោះ គឺមានការរៀបចំវេទិការពិគ្រោះយោបល់រវាងដៃគូពាក់ព័ន្ធ និងមិត្តភក្ដិបរទេសមួយចំនួន មុននឹងសម្រេចបាននូវច្បាប់នេះ ហើយសម្ដេចបានគូសបញ្ជាក់ថា បើទោះបីជារាជរដ្ឋាភិបាល និងសង្គមស៊ីវិល ពេលខ្លះមានទស្សនៈ ឬមតិផ្ទុយគ្នាមែន ប៉ុន្តែមិនមែនរហូតធ្វើឲ្យភាគីទាំងពីរក្លាយជាសត្រូវនឹងគ្នានោះដែរ។

លោកជំទាវប្រធានប្រតិភូអឺរ៉ុបបានឯកភាពចំពោះចំណុចនេះ ដោយបានអះអាងថាសហភាពអឺរ៉ុប ពិតជាបានមើលឃើញចំពោះវឌ្ឍនភាពនៃការចូលរួមរបស់សង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាបាលនៅកម្ពុជា តាមរយៈការបង្កើតយន្តការថ្មីៗ ដូចជាការបង្កើតវេទិការពិភាក្សា និងការបង្កើតក្រុមការងារទទួលសំណូមពរ និងដោះស្រាយក្ដីកង្វល់ជូនក្រុមអង្គការសង្គមស៊ីវិលជាដើមនោះ។

ចំពោះប្រធានបទស្ដីពីការចូលរួមសកម្មភាពនយោបាយនៅក្នុងសង្គមប្រជាធិបតេយ្យ លោកជំទាវ ប្រធានប្រតិភូបានជំរាបជូនសម្ដេចក្រឡាហោម ស ខេង ថា សម្រាប់សហភាពអឺរ៉ុប គឺមិនគាំទ្របុគ្គលណាមួយ ឬគណបក្សនយោបាយណាមួយនោះទេ ប៉ុន្តែអ្វីដែលសហភាពអឺរ៉ុបចង់បាននោះ គឺសហភាពអឺរ៉ុបគាំទ្រគោលការណ៍រួមដើម្បីឲ្យមានគ្រប់សមាសភាពក្នុងសង្គមបានចូលរួមក្នុងការងារអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ជាការឆ្លើយតបចំពោះប្រធានបទនេះ សម្ដេចក្រឡាហោម ស ខេង បានជំរាបជូនថា បើទោះបីដំណើរការប្រជាធិបេតយ្យនៅកម្ពុជា ពុំទាន់មានភាពល្អឥតខ្ចោះយ៉ាងណាក៏ដោយ ប៉ុន្តែគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បានចាក់ឬសរួចទៅហើយ ហើយកម្ពុជាមិនអាចបោះបង់ផ្លូវប្រជាធិបតេយ្យនេះបានទេ។

សម្ដេចក្រឡាហោម ក៏បានបញ្ជាក់ជូនប្រតិភូដែរថាអ្វីដែលសំខាន់ទៀតនោះ គឺគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនេះ បានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ហើយសម្ដេចបានបញ្ជាក់ជូនដែរថាចំណុចសំខាន់២ក្នុងរដ្ឋធម្មនុញ្ញ ដែលគ្មាននរណាអាចប៉ះពាល់បាននោះ គឺរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនេះតែម្ដង។

ពាក់ព័ន្ធនឹងការលើកកម្ពស់ការចូលរូមពីគ្រប់សមាសភាពក្នុងសង្គមវិញ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ជូនប្រតិភូថាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលជាផ្នែកមួយនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ ដ្បិតរាជរដ្ឋាភិបាលបានបែងចែកអំណាចពីថ្នាក់ជាតិទៅឲ្យថ្នាក់ក្រោមជាតិ ដើម្បីឲ្យថ្នាក់ក្រោមធ្វើជាម្ចាស់អំណាចក្នុងការអនុវត្តការងារដោយផ្ទាល់ ឆ្លើយតបតម្រូវការប្រជាពលរដ្ឋ។

បន្ទាប់មក លោកជំទាវប្រធានប្រតិភូបានបញ្ជាក់ជូនសម្ដេចក្រឡាហោម ថាដំណើរអញ្ជើញមកដល់កម្ពុជារបស់ប្រតិភូអឺរ៉ុនាពេលនេះ មិនមែនជាការដកប្រព័ន្ធអនុគ្រោះពន្ធ ឬEBAពីកម្ពុជានោះទេ ប៉ុន្តែគឺមកធ្វើការជាមួយគ្នា បើកកិច្ចសុន្ទនាជាមួយគ្នា ស្វែងរកចំណុចរួមនៃដំណោះស្រាយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងបំរើដល់ផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។

លោកជំទាវប្រធានប្រតិបានជំរាបសម្ដេចឧបនាយករដ្ឋមន្រ្តីដែរថា សហភាពអឺរ៉ុបចង់បង្កើនភាពជាដៃគូឲ្យកាន់តែខ្លាំងក្លាថែមទៀតជាមួយកម្ពុជា ហើយបន្តនូវអ្វីដែលសហភាពអឺរ៉ុបបានជួយកម្ពុជា។

ជាការឆ្លើយតបចំពោះការលើកឡើងនេះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងខិតខំអនុវត្តតាមសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងអង្គការក្រៅរដ្ឋាភិបាល គណបក្សនយោបាយ សិទ្ធិការងារ និងសិទ្ធិដីធ្លីជាដើម ហើយសេចក្ដីថ្លែងការណ៍នោះគឺជាគោលការណ៍រួម ដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងបន្តធ្វើជាដំណាក់កាលៗ។

សម្ដេចក៏បានបញ្ជាក់ទៅកាន់ប្រតិភូដែរថារាជរដ្ឋាភិបាលកម្ពុជាត្រូវការមិត្តមកពីគ្រប់ទិសទី មិនថាសហភាពអឺរ៉ុប ចិន អាមេរិក ក្នុងតំបន់អាស៊ាន ឬក្រៅតំបន់អាស៊ាននោះទេ គឺសុទ្ធតែជាមិត្តទាំងអស់ ហើយសម្ដេចបានសម្ដែងក្ដីសង្ឃឹម និងជឿជាក់ថាតាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជានាពេលនេះ នឹងអាចស្វែងរកដំណោះស្រាយរួម និងសម្រេចបាននូវគោលបំណងរួមមួយដើម្បីប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋរបស់សហភាពអឺរ៉ុប៕

អត្ថបទដែលជាប់ទាក់ទង