សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តបឹងដោល ស្ថិតក្នុងភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង
នាព្រឹកថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តបឹងដោល ស្ថិតក្នុងភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។
លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេច បានធ្វើរបាយការណ៍ឱ្យដឹងថា វត្តបឹងដោល ស្ថិតនៅភូមិបឹងដោល បានកសាងឡើងក្នុងរចកាលព្រះបាទនរោត្តម នៅឆ្នាំ១៨៩០ ស្ថិតលើដីទួលចាស់មួយកន្លែងដែលមានទំហំជិត ២ហិចតា ដោយចាស់ព្រឹទ្ធាចារ្យ និងពុទ្ធបរិស័ទ មន្ត្រីរាជការសម័យនោះ ដោយមាន ភិក្ខុ ព្រះនាម ចឺម ជាអ្នកដឹកនាំកសាងដំបូង។
លោកបន្តថា នៅឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត វត្តនេះត្រូវបានពួកខ្មែរក្រហម យកធ្វើជាកន្លែងផ្សំថ្នាំឱសថបុរាណ រហូតក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ អាជ្ញាធរ ចាស់ព្រឹទ្ធាចារ្យ និងពុទ្ធបរិស័ទក៏រៀបចំបង្កើតឡើងវិញនៅឆ្នាំ១៩៨៥ ដោយបាននិមន្តភិក្ខុព្រះនាម ពូនង ប៊ុនម៉េង និមន្តមក ពីកម្ពុជាក្រោម ជាព្រះចៅអធិការវត្ត ចាប់ពីឆ្នាំ១៩៨៥ រហូតឆ្នាំ ១៩៨៨ បានជួសជុលសមិទ្ធផលចាស់ៗ។
លោកអភិបាលស្រុកព្រះស្ដេចបានបន្ថែមថា ដោយសារព្រះវិហារមុនមានសភាពចាស់ទ្រុឌទ្រោម ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តបានសម្រេចរុះរើ និងកសាងព្រះវិហារថ្មីឡើងវិញ នៅខែមីនា ឆ្នាំ២០១៩ ដែលមានទំហំទទឹង ៩,៧៥ម៉ែត្រ បណ្ដោយ ១៨.៧០ ម៉ែត្រ និងដងទង់មួយគូរ កំពស់២៥ម៉ែត្រ ហើយរួចរាល់ជាស្ថាពរនៅខែឧសភា ឆ្នាំ២០២៣នេះ ចំណាយថវិកាគិតជាដុល្ល អស់ចំនួន ២៧៩,៥៥០ ដុល្លារ។
របាយការណ៍បានឱ្យដឹងទៀតថា សមិទ្ធផលនេះ ដឹកនាំកសាងដោយព្រះគ្រូ យីម យុត ព្រះគ្រូ អាញ អាន ព្រះចៅអធិការវត្ត លោកអាចារ្យ យ៉ាន់ ត្រេះ លោកអាចារ្យឡុក ឆន ព្រមទាំងអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទដោយមានការឧបត្ថម្ភគាំទ្រ ពីឯកឧត្តមប្រធានឯកឧត្តមអនុប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកព្រះស្តេច និងសប្បុរសជទាំងគ្រប់ទិសទី។
អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ព្រៃវែង សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងសម្រេច បាននូវសមិទ្ធផលនានាជាច្រើន និងសូមថ្លែងអំណរគុណជូនចំពោះក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច ខេត្តព្រៃវែង និងសប្បុរសជនដែលបាន បរិច្ចាគនូវធនធានជាច្រើនក្នុងការចូលរួមអភិវឌ្ឍវិស័យពុទ្ធសាសនា និងវិស័យផ្សេងៗ ជាច្រើនទៀត ដើម្បីរួមចំណែកអភិវឌ្ឍមូលដ្ឋានខេត្តព្រៃវែង។
សម្ដេចឧបនាយករដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជារក្សាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថេរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញដំណើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗ ប្រកបដោយមោទនភាព ទោះបីជាយើងត្រូវជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍នយោបាយ សេដ្ឋកិច្ចអន្តរជាតិ និងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីក្តី។
សម្ដេចបន្តថា ព្រមជាមួយគ្នានេះ កិត្យានុភាព កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ជាតិយើងនៅ លើឆាកអន្តរជាតិ កាន់តែបានលើកកម្ពស់ និងទទួលស្គាល់ពីបណ្តាប្រទេសនៅលើសកលលោក នៅពេលដែលកម្ពុជាបានអនុវត្តតួនាទីជាប្រធានដឹកនាំសម្រប សម្រួលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ប្រកបដោយជោគជ័យ ហើយថ្មីៗនេះ កម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (SEA GAME) ជាមួយលទ្ធផលល្អគាប់ ប្រសើរ និងជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងទទួលបាននូវការកោតសរសើរពីបណ្តាភ្ញៀវជាតិ និងអន្តរជាតិ ក៏ដូចជាការគាំទ្រ អបអរសាទរពីប្រជាជនខ្មែរនៅទូទាំងប្រទេស។
នាឱកាសនោះ សម្ដេចបានមានប្រសាសន៍ណែនាំអាជ្ញាធរមានសមត្ថកិច្ច កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាដើម្បីការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម ព្រោះថា មានសន្តិភាព ទើបមានការអភិវឌ្ឍ និងមានការរីកចម្រើនដូចសព្វថ្ងៃនេះ ហើយអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអោយបានខ្ជាប់ខ្ជួនស្របតាមពាក្យស្លោករបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី «ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍»។
សម្ដេចក៏បានលើកទឹកចិត្តឱ្យជំរុញសកម្មភាពត្រួតពិនិត្យ និងផ្សព្វផ្សាយអប់រំដល់យុវជនអំពីការជួញដូរ និង ប្រើប្រាស់គ្រឿងញៀន តាមគោលការណ៍ «បីកុំ មួយរាយការណ៍» ហើយប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស ដោយសហការយ៉ាងមានប្រសិទ្ធភាពជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាបនឹងទប់ស្កាត់បានទាន់ពេលវេលា។
ចំណែក ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក-ក្រុង ឃុំ-សង្កាត់ ភូមិ និងកងកម្លាំង មានសមត្ថកិច្ចទាំងអស់ សម្ដេចបានស្នើឱ្យបន្តលើកកម្ពស់ការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និង អនុវត្តឱ្យត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ ក្នុងនោះត្រូវយកចិត្តទុកដាក់ខិតខំដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយមិនមានការរើសអើងនិន្នាការនយោបាយ ប្រកបដោយយុត្តិធម៌ និងសុចរិតភាព។
ជាមួយគ្នានោះដែរ សម្ដេចបានណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានចូលរួមផ្ដល់ការគាំទ្រដល់ ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តាមរយៈការគាំទ្រដល់តួអង្គសំខាន់ទាំង៥ គឺទី១.មេឃុំចៅសង្កាត់ ទី២.ស្មៀនឃុំសង្កាត់ ទី៣.នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ សង្កាត់ ទី៤. ថ្នាក់ដឹកនាំភូមិ ពិសេសគឺមេភូមិ ទី៥.មណ្ឌល សុខភាពឃុំសង្កាត់។
សម្ដេចសង្កត់ធ្ងន់ថា ការងារនេះរួមចំណែកសំខាន់ណាស់ដល់ការយកជ័យជម្នះ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៧នាពេលខាងមុខ ពីព្រោះ តួអង្គទាំង៥នេះ ជាយន្តការ និងជាអ្នកដែលនៅកៀកប្រជាពលរដ្ឋ ផ្សារភ្ជាប់ជីវភាពប្រជាពលរដ្ឋ មានន័យថា ពលរដ្ឋស្រលាញ់ ឬស្អប់គណបក្ស គឺលើប្រសិទ្ធភាព នៃយន្តការនិងលទ្ធផលការងាររបស់តួអង្គទាំង៥នេះហើយ៕