ឯកឧត្តម ស សុខា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំង អតីតយុទ្ធជន និងនិវត្តជន អាចារ្យ គណៈកម្មការវត្ត អ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន២១១៨នាក់ ក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង
នាព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំង អតីតយុទ្ធជន និងនិវត្តជន អាចារ្យ គណៈកម្មការវត្ត អ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន២១១៨នាក់ ក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
នាឱកាសនោះ ឯកឧត្តម ស សុខា ក្នុងនាមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារ និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាប្រមុខដឹកនាំ បានថ្លែងអំណរគុណនិងកោតសរសើរចំពោះរដ្ឋបាលស្រុកកញ្ជ្រៀច មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលស្រុកទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចសម្រេចបានសមទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៦ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣នេះ។
ទន្ទឹមគ្នានោះដែរ ឯកឧត្តមក៏បានថ្លែងដោយក្ដីគោរពចំពោះគុណបំណាច់នៃការរួមចំណែកដ៏ធំធេងរបស់និវត្តជន និងយោធិនទាំងអស់ក្នុងស្រុកកញ្ជ្រៀចដែលបានតស៊ូធ្វើពលិកម្មយ៉ាងលំបាកលំបិនដើម្បីបុព្វហេតុសន្តិភាព ការបង្រួបង្រួម និងអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។ ឯកឧត្តមបានមានប្រសាសន៍ថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្តនូវការចូលរួមចំណែករបស់អតីតថ្នាក់ដឹកនាំ អតីតមន្រ្តីរាជការ និងអតីតកងកម្លាំងប្រដាប់វុធទាំងអស់ ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយៗទៀត។
ឯកឧត្តម ស សុខា ក៏បានបញ្ជាក់ជូនអង្គពិធីក្នុងស្រុកកញ្ជ្រៀចអំពីសភាពការណ៍សាកលដែលមានការប្រឈមនឹងបញ្ហាស្មុគស្មាញ ដូចជាជំងឺឆ្លងកូវីដ-១៩ដែលនៅតែមិនទាន់បញ្ចប់ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ វិបត្តិសង្គ្រាមរុស្សី និងអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ និងបទល្មើសមិនប្រពៃណីជាអន្តរជាតិផ្សេងៗទៀត។ ឯកឧត្តមបន្តថាសម្រាប់កម្ពុជាទន្ទឹមនឹងការប្រឈមបញ្ហាសាកលនេះដូចបានបញ្ជាក់មកនេះ ក្រុមប្រឆាំងជ្រុលនិយម ក៏នៅតែមិនបោះបង់ផែនការបំផ្លាញសុខសន្តិភាព និងស្ថេរភាពសង្គមនោះដែរ។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ឯកឧត្តម ស សុខា ក៏បានបន្តគូសបញ្ជាក់ជូនអង្គពិធីអំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។
ឯកឧត្តម ក៏បានគូសបញ្ជាក់បន្ថែមអំពីទិសដៅរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ និងរយៈពេល៥ឆ្នាំបន្តទៀតក្នុងក្របខណ្ឌរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម បានសង្កត់ធ្ងន់ជាថ្មីទៀតអំពីសារៈសំខាន់នៃការរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ខាងមុខនេះ ដែលគ្រប់តួអង្គត្រូវតែបន្តរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ។
នៅចុងបញ្ចប់នៃពិធីសំណេះសំណាល ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់កិត្តិយសបំពាក់មេដាយជូនអតីតមន្រ្តីរាជការ អតីតកងកម្លាំងប្រដាប់អាវុធដែលមានស្នាដៃឆ្នើមក្នុងការចូលរួមចំណែកបម្រើបុព្វហេតុជាតិ និងប្រជាជន និងមន្រ្តីមានស្នាដៃខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងប្រគល់ជូនថវិកាដល់អង្គពិធីទាំងមូលផងដែរ៕