ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ ប្រារព្ធនៅក្រុងតាខ្មៅ ខេត្តកណ្ដាល

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ ប្រារព្ធនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីអំពីសមិទ្ធផលខេត្តសម្រេចបានក្នុងរយៈពេល៥ឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៦ ដូចជាការរួមចំណែកថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ពាក់ព័ន្ធនឹងការងារសុវត្ថិភាពចរចរណ៍ក្នុងខេត្តកណ្ដាល ឯកឧត្តម បានឱ្យដឹងថាគិតត្រឹមត្រីមាសទី១ ដើមឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កើតមាន៣៣ លើ៥៩លើក ថយចុះ២៦លើក ស្មើ៤៤ភាគរយ កម្រិតស្រាល១៥ លើ២០លើក បណ្ដាលឱ្យស្លាប់និងរបួសសរុប៥៧លើ១១២នាក់ ក្នុងនោះស្លាប់១៩នាក់ ថយចុះ២៣នាក់។

ឯកឧត្តម បានទាញការកត់សម្គាល់ថាក្នុងចំណោមអ្នកស្លាប់១៩នាក់នោះ មានអ្នកបើកបរម៉ូតូ១៤នាក់ មិនពាក់មួកសុវត្ថិភាព ៩នាក់ អ្នករួមដំណើរម៉ូតូ២នាក់មិនពាក់មួកសុវត្ថិភាព អ្នកបើកបររថយន្ត២នាក់ និងអ្នកថ្មើជើងម្នាក់ ខណៈមូលហេតុនៃគ្រោះថ្នាក់គឺបើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្ដាំ មិនគោរពសិទ្ធិអាទិភាព ប្រជែងគ្រោះថ្នាក់ កត្តាយានយន្ត និងស្រវឹងជាដើម។ សម្រាប់រយៈពេល៣ខែនៃគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកណ្ដាលនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានឱ្យដឹងទៀតថាបានបណ្ដាលឱ្យខូចថយន្ត៣៨គ្រឿង ម៉ូតូ៣២គ្រឿង ព្រមទាំងបន្សល់ទុកនូវវិបត្តិសង្គមដូចជាជនមានពិការភាព កុមារកំព្រា ស្ត្រីមេម៉ាយ ចាស់ជរាឥតទីពឹង និងបង្កឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម។

ទោះបីជាតួលេខមានការថយចុះ ប៉ុន្តែដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានឱ្យដឹងថាអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកណ្ដាលបានអនុវត្តយ៉ាងម៉ឺម៉ាត់នូវច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើរទន្ទឹមនឹងការអប់រំផ្សព្វផ្សាយជាប្រចាំដល់អ្នកបើកបរ និងក្រុមគោលដៅ រួមទាំងវិធីសាស្រ្តនានា ដូចជាការដកាផ្លាក ភ្លើង គំនូស និងសញ្ញាចរាចរណ៍ ព្រមទាំភ្លើងបំភ្លឺផ្លូវ។ ឯកឧត្តម ក៏បានបង្ហាញការក្ដីសង្ឃឹម និងជឿជាក់ថាតាមរយៈវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្នុងទិវាសប្ដាហ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកនាឱកាសនេះ អនុគណៈកម្មការសុវត្ថិភាពចរាណ៍ខេត្តកណ្ដាល មន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់នឹងរួមគ្នាធ្វើឱ្យបានតាមទិសស្លោកសម្ដេចតេជោ ហ៊ុន សែន ដាក់ចេញថា«ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។

ក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីសាធារណការនិងដឹកជញ្ជូន កងរាជអាវុធហត្ថ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបានបំពេញតួនាទីភារកិច្ចរក្សា សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់។ សម្ដេច បានបន្តលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែកក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ ការផ្សព្វផ្សាយអប់រំច្បាប់ ការសង្គ្រោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងកិច្ចការសំខាន់ៗជាច្រើនទៀតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ក៏បានទាញការកត់សម្គាល់ជូនអង្គពិធីអំពីលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ ដោយបន្តថាតាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៣ ធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២២ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយ ចំនួន ១៥៤លើក ស្មើ១៣%(១.០១១/១.១៦៥លើក) អ្នកស្លាប់ថយ១៨០នាក់ ស្មើ២៦% (៥០២/៦៨២នាក់) អ្នករបួសថយ ៣០១នាក់ ស្មើ១៨% (១.៣៦៣/១.៦៦៤នាក់)។ ជាមួយគ្នានេះ សម្ដេចបានថ្លែងអំណរគុណចំពោះអង្គការជាតិ និងអន្តរជាតិ បណ្ដាញសារព័ត៌មាន ក្រុមហ៊ុនឯកជន រោងចក្រសហគ្រាស និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងតាមការអំពាវនាវ ឬសេចក្តីប្រកាស របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងបំណងជំរុញការរក្សាសុវត្ថិភាព ចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរឡើងជាលំដាប់។

ពីវេទិកាអធិបតីនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍បញ្ជាក់ទៅកាន់អង្គពិធីថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងគាំទ្រឱ្យមានការប្រារព្ធទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កអន្តរាយដល់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិនិងពេលវេលាជាច្រើនរបស់ឯកជននិងសាធារណៈ ព្រមទាំងបំផុសស្មារតីឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ បើកបរប្រកាន់ខ្ជាប់នូវសីលធម៌ ចេះយោគយល់អធ្យាស្រ័យ គោរពសិទ្ធិគ្នា និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងអត្រាទាបបំផុត។

សម្ដេចបន្តថា ក្នុងស្ថានភាពដែលប្រទេសកម្ពុជារក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ វិស័យសេដ្ឋកិច្ច និងវិស័យគមនាគមន៍មានការរីកចម្រើនជាលំដាប់ ព្រមជាមួយកំណើនយានយន្តគ្រប់ប្រភេទបានកើនឡើងជារៀងរាល់ឆ្នាំ ហើយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏នៅតែកើតមានជារៀងរាល់ថ្ងៃ បើទោះបីជាវាមានកម្រិតមួយទាបជាងមុនក៏ដោយ។ សម្ដេច បន្ថែមថាព្រោះហេតុដូច្នេះហើយ ប្រមុខរាជរដ្ឋាភិបាលបានណែនាំអង្គភាពពាក់ព័ន្ធ ទាំងអស់រួមគ្នាធ្វើយ៉ាងណាទប់ស្កាត់ និងកាត់បន្ថយបញ្ហាចរាចរណ៍នេះអោយនៅត្រឹមកម្រិតអប្បបរិមាជាទីបំផុត។

ក្នុងន័យនេះ សម្ដេចបានអំពាវនាវពលរដ្ឋទាំងអស់ដែលជាអ្នកប្រើប្រាស់ផ្លូវ ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ សូមចូលរួមគោរពអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា «ថ្ងៃនេះ ថ្ងៃ ស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ក្នុងនោះត្រូវអនុវត្តវិធានការសំខាន់ៗ ដែលមាន ដូចជា មិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងញៀន ឬគ្រឿងស្រវឹង និងប្រើប្រាស់យាន្តជំនិះអោយបានត្រឹមត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេស ដែលបានកំណត់ ពោលគឺរួមគ្នាគោរពអនុវត្តច្បាប់ចរាចរណ៍ មិនមែនខ្លាចមន្ត្រីនគរបាលចរាចរណ៍នោះទេ។

សម្ដេចក៏បានណែនាំមន្ត្រីនគរបាលចរាចរណ៍ទាំងអស់បន្តការពន្យល់ អប់រំ ណែនាំប្រជាពលរដ្ឋមុននឹងធ្វើការផាកពិន័យបទល្មើសចរាចរណ៍ និងត្រូវគោរពសិទ្ធិប្រជាពលរដ្ឋ។ សម្ដេចបន្ថែមថា ការផាកពិន័យបទល្មើសចរាចរណ៍ត្រូវផ្អែកលើគោលការណ៍ច្បាប់ដែលមានជាធរមាន និងអនុវត្តឱ្យបានស្មើភាពគ្នា ដោយមិនប្រកាន់ ឬបែងចែកបក្ខពួកនោះទេ ហើយរាល់ការផាកពិន័យត្រូវចេញវិក័យបត្រ និងយោងមាត្រាច្បាប់ឱ្យបានត្រឹមត្រូវ ចៀសវាងការយកច្បាប់ចរាចរណ៍ធ្វើជាអាជីវកម្ម ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន។

ដូចគ្នាដែរ អាជ្ញាធរមូលដ្ឋាននៅទូទាំងរាជធានី-ខេត្តទាំងអស់ ក៏ត្រូវបានសម្ដេចណែនាំឱ្យខិតខំធ្វើការផ្សព្វផ្សាយ អប់រំច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា ត្រូវយកចិត្ត ទុកដាក់ និងពិនិត្យឡើងវិញចំពោះអាជីវកម្មមួយចំនួនដែលបង្ករផលរំខាន ឬផលប៉ះពាល់ ដល់សុវត្ថិភាពចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈរបស់ប្រជាពលរដ្ឋ និងពិនិត្យមើល ចំពោះ ការផ្សព្វផ្សាយផលិតផលទាំងឡាយណាដែលមានឥទ្ធិពលអវិជ្ជមាន ឬហានិភ័យ ដល់សុវត្ថិភាពចរាចរណ៍។ សម្ដេចក៏អំពាវនាវឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ដែលមានកំណើនខ្ពស់នូវគ្រោះថ្នាក់ចរាចរណ៍និងជនរងគ្រោះ ត្រូវចាត់ វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ជាបន្ទាន់តាមទិសដៅការងារឆ្នាំ២០២៣ របស់ គ.ស.ច.គ៕ 

អត្ថបទដែលជាប់ទាក់ទង