ឯកឧត្តម ស សុខា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ សរុបចំនួន ១ ៨៦១នាក់ ក្នុងស្រុកពាមជរ ខេត្តព្រៃវែង
នាព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ សរុបចំនួន ១ ៨៦១នាក់ ក្នុងស្រុកពាមជរ ខេត្តព្រៃវែង។
ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ ឯកឧត្តម ស សុខា បានថ្លែងអំណរគុណ កោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកពាមជរដែលខិតខំបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សំរេច បានសមិទ្ធផលនានាជាច្រើន ធ្វើឱ្យស្រុកមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ចូលរួមអនុវត្តសម្រេចដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
ឯកឧត្តមក៏បានបង្ហាញការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងអស់ក្នុងស្រុកពាមជរ ដែលបានតស៊ូលះបង់ ធ្វើពលិកម្មយ៉ាងលំបាកលំបិន ចូលរួមនាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម ដូចសព្វថ្ងៃ។ ឯកបានគូសបញ្ជាក់ថាថ្នាក់ដឹកនាំជាតិ ក៏ដូចជាយុវជនជំនាន់ក្រោយ បានកត់ត្រាក្នុងបេះដូង និងចងចាំទុកជាប្រវត្តិសាស្ត្រនូវគុណបំណាច់ និងស្នាដៃរបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់ជំនាន់ក្នុងការរួមចំណែកដើម្បីបុព្វហេតុជាតិ និងប្រជាជន។
ឯកឧត្តម បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាដោយមានការគាំទ្រ និងការចូលរួមពីមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងប្រជាពល ក្នុងនោះរួមទាំងក្នុងស្រុកពាមជរផងដែរ ធ្វើឱ្យប្រទេសជាតិអាចជម្នះបាននូវបញ្ហាប្រឈមនានាជាសាកល រួមទាំងជំងឺកូវីដ-១៩ ព្រមទាំងទប់ស្កាត់បាននូវរាល់ឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម រក្សាបានសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
នាឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានជម្រាបជូនអង្គពិធីអំពីសមិទ្ធផលរយៈពេល៥ឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ និងទិសដៅការងារដែលត្រូវបន្តខិតខំប្រឹងប្រែងរួមគ្នា សម្រេចឱ្យបានក្នុងឆ្នាំ២០២៣ និងសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ព្រមទាំងបង្ហាញសុទិដ្ឋិនិយមថាតាមរយៈការគាំទ្រ ការចូលរួមរបស់ប្រជាពលរដ្ឋ និងការប្តេជ្ញាចិត្តខិតខំបំពេញកិច្ចការងាររបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្ពុជានឹងបន្តអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ស្របតាមគោលដៅរំពឹងទុកក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ៕