សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធិសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកកំរៀង
នាព្រឹកថ្ងៃសៅរ៍ ២រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធិសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
ពិធីនេះមានការអញ្ជើញចូលរួមពីមន្រ្តីរាជការស៊ីវិលចំនួន៣៨៨រូប មន្រ្តីរាជការជាគ្រូបង្រៀនវិទ្យាល័យ និងអនុវិទ្យាល័យចំនួន១២១រូប គ្រូបង្រៀនកិច្ចសន្យាចំនួន៤៨រូប មន្រ្តីកិច្ចសន្យាទូទៅ មន្រ្តីនគរបាលចំនួន១០៥រូប មន្រ្តីនគរបាលការពារព្រំដែនចំនួន១៥៧រូប មន្រ្តីកងរាជអាវុធហត្ថចំនួន១២រូប មន្រ្តីសឹករងចំនួន៧៥រូប មន្រ្តីចូលនិវត្តន៍ចំនួន៦២រូប អតីតយុទ្ធជនចំនួន៩៥២រូប សរុបចំនួន១៩២២រូប។
អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ជម្រាបជូនអង្គពិធីថាជំនួបនាថ្ងៃនេះ មិនមែនជាការបូកសរុបការងារប្រចាំឆ្នាំ ឬការធ្វើមិទ្ទិញអ្វីនោះទេ ក៏ប៉ុន្តែជាការជួបសួរសុខទុក្ខជាមួយមន្រ្តីទាំងអស់ទាំងមន្រ្តីកំពុងបំពេញការងារ និងមន្រ្តីចូលនិវត្តន៍។ សម្ដេចបញ្ជាក់ថាសម្ដេចនឹងបន្តជួបមន្រ្តីទាំងអស់ប្រមាណជាង៣ម៉ឺននាក់នៅតាមបណ្ដាក្រុង ស្រុក នៅទូទាំងខេត្តបាត់ដំបង។
សម្ដេច បានមានប្រសាសន៍ថាពីដំបូងឡើយ ក្រុមការងារគ្រោងរៀបចំកម្មវិធីជួបសំណេះសំណាលនេះ នៅទីរួមខេត្តបាត់ដំបងតែម្ដង ក៏ប៉ុន្តែសម្ដេចយល់ឃើញថាការរៀបចំយ៉ាងដូច្នេះ អាចនឹងនាំឱ្យមានការលំបាកសម្រាប់មន្រ្តីរាជការទាំងមូល ជាពិសេសមន្រ្តីចាស់ទុំដែលចូលនិវត្តន៍ និងមានវ័យចំណាស់ ពាក់ព័ន្ធនឹងការធ្វើដំណើរឆ្ងាយ និងការចំណាយ។ ដូច្នេះសម្ដេចសម្រេចចុះមកជួបសំណេះសំណាលនៅតាមបណ្ដាស្រុក ក្រុងវិញ ដើម្បីបង្កភាពងាយស្រួលជូនអង្គពិធី។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃស្រុកកំរៀងដែលបានខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យស្រុកកំរៀងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងរួមចំណែកឱ្យសម្រេចបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
សម្ដេចក៏បានសម្ដែងការដឹងគុណ និងអរគុណចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់ក្នុងស្រុកកំរៀងដែលបានតស៊ូ លះបង់ ធ្វើពលិកម្មយ៉ាងលំបាកលំបិន នាំមកនូវសន្តិភាព ស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម ដូចសព្វថ្ងៃនេះ។ សម្ដេចបញ្ជាក់ថា យើងទាំងអស់គ្នាដែលជាអ្នកជំនាន់ក្រោយ បានកត់ត្រា និងចងចាំជានិច្ចនូវស្នាដៃ និងគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តន៍ជនគ្រប់ជំនាន់។
ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោម បានគូសបញ្ជាក់អំពីសមិទ្ធផលរយៈពេល៥ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ និងមានជំនឿថាអង្គពិធីទាំងមូលពិតជាបានតាមដាននូវដំណើរការវិវត្តន៍ប្រែប្រួលនៃសង្គមជាតិ ការប្រែប្រួលដ៏ស្មុគស្មាញនៃស្ថានការណ៍តំបន់ និងពិភពលោក ជាពិសេសផលវិបាកបង្កឡើងដោយសង្គ្រាម និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។ សម្ដេច បានជម្រាបជូនអង្គពិធីអំពីទិសដៅការងាររួមរបស់រាជរដ្ឋាភិបាល រួមមានទិសដៅការងារឆ្នាំ២០២៣ ទិសដៅរយៈពេល៥ឆ្នាំទៅមុខ។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាទន្ទឹមនឹងការវិវត្តន៍ប្រែប្រួលស្មុគស្មាញនៃសភាពការណ៍តំបន់ និងអន្តរជាតិនោះ នៅកម្ពុជា ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួននៅតែបន្តរិះរកគ្រប់វិធី ប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គមដើម្បីឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងប្រើប្រាស់គ្រប់ល្បិចកលដើម្បីរារាំងដល់ដំណើរការនៃការអភិវឌ្ឍសង្គមជាតិ។
ទោះបីប្រឈមមុខចំពោះវិបត្តិ និងបញ្ហាប្រឈមខាងលើនេះក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីមន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទូទាំងប្រទេស ក្នុងនោះរួមទាំងក្នុងស្រុកំរៀង។
សម្ដេចបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ យើងទាំងអស់គ្នាពិតជាមានកិច្ចការនានាជាច្រើនដែលត្រូវអនុវត្តដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ និងបានបង្ហាញសុទិដ្ឋិនិយមថាផ្អែកលើសមិទ្ធផលសម្រេចបានកន្លងមក និងដោយមានការគាំទ្រពីប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រទេសជាតិនឹងបន្តអភិវឌ្ឍរីកច្រើនលើគ្រប់វិស័យស្របតាមគោលដៅរំពឹងទុកក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត ៕