សម្ដេចក្រឡាហោម ស ខេង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមាតុភូមិនិវត្តន៍ពីបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព
នាយប់ថ្ងៃអាទិត្យ ១១កើត ខែពិសាខ ឆ្នាំថោះ បញ្ចសក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមាតុភូមិនិវត្តន៍ពីបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព។
អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍សម្ដេចក្រឡាហោម និងគណៈប្រតិភូក្រសួងមហាផ្ទៃ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាឱកាសនោះ រួមមាន ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ, ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធានអង្គភាពពាក់ព័ន្ធ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ផ្ដើម ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ ៕