ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារវត្តឧត្តមព្រឹក្សា ហៅវត្តជ័យមុនី ស្ថិតនៅភូមិជ័យមុនី ឃុំគោកគង់កើត ស្រុកកញ្រ្ចៀច ខេត្តព្រៃវែង

ព្រៃវែង៖ នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារវត្តឧត្តមព្រឹក្សា ហៅវត្តជ័យមុនី ស្ថិតនៅភូមិជ័យមុនី ឃុំគោកគង់កើត ស្រុកកញ្រ្ចៀច ខេត្តព្រៃវែង​ ។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី អភិបាលស្រុកកញ្ច្រៀចបានឡើងថ្លែងរបាយការណ៍ស្ដីអំពីស្ថានភាពទូទៅរបស់រដ្ឋបាលស្រុកកញ្ច្រៀច និងអំពីសាវតារវត្តជ័យមុនី ដោយបានរំលឹកថាវត្តនេះ បង្កើតឡើងនៅឆ្នាំ១៩៥៧ ដោយមានភូមិចំណុះឲ្យវត្តចំនួន៥ភូមិ។ នៅក្នុងរបបខ្មែរក្រហម ទីអារាមមួយនេះបានក្លាយជាមន្ទីរពេទ្យ។

នៅក្រោយថ្ងៃ៧មករា វត្តជ័យមុនី ក៏មិនខុសពីទីអារាមផ្សេងទៀតនៅកម្ពុជាដែរ គឺប្រជាពុទ្ធបរិស័ទ និងអាជ្ញាធរ បានរួមសាមគ្គីគ្នាកសាងជាបន្តបន្ទាប់ ដោយមានការគាំទ្រពីឥស្សរជនជនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាច្រើនរូប ពិសេសសម្ដេចអគ្គធម្មពោធិសាល ជា ស៊ីម រួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រហូតឈានដល់ការចាប់ផ្ដើមសាងសង់ព្រះវិហារថ្មី តាំងពីឆ្នាំ២០១២មក។

បន្ទាប់មកនៅក្នុងបរិយាកាសប្រកបដោយសេចក្ដីជ្រះថ្លាយ៉ាងក្រៃលែង នៃពិធីបញ្ចុះខណ្ឌសីមា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសន្ទរកថា និងមានមតិសំណេះសំណាលទៅកាន់អង្គពិធី ដោយសម្ដេចបានសម្ដែងសេចក្ដីសប្បាយរីករាយជាទីបំផុត ដែលបានអញ្ជើញមកចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមាដ៏មហាឡារិកនាថ្ងៃនេះ។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត សប្បុរសជន អាជ្ញាធរ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមគាំទ្រដំណើរការសាងសង់ព្រះវិហារវត្តជ័យឧត្តម ដោយសម្ដេចបានចាត់ទុកជាការស្ដែងឲ្យឃើញពីទឹកចិត្តសទ្ធាយ៉ាងមុតមាំក្នុងព្រះពុទ្ធសាសនា ហើយសម្ដេច ក្នុងនាមរាជរដ្ឋាភិបាល សូមសម្ដែងក្ដីមោទនភាពចំពោះសមិទ្ធិផលមួយនេះ។

សម្ដេចក្រឡាហោម ស ខេង បានរំលឹកជូនអង្គពិធី ដោយគូសបញ្ជាក់ថា ទម្រាំសង្គមជាតិ អាចឈានមកដល់ដំណាក់កាលនេះ យើងបានឆ្លងកាត់បទពិសោធន៍ជូរចត់ច្រើណាស់ តាំងពីសម័យសង្គ្រាម និងក្រោយសង្គ្រាម។ សម្ដេចបញ្ជាក់ថាប្រជាពលរដ្ឋវ័យចំណាស់ ពិតជាដឹងច្បាស់ ប៉ុន្តែសម្ដេចចង់ឲ្យយុវជនជំនាន់ក្រោយស្វែងយល់អំពីបញ្ហានេះ ហើយត្រូវប្រឹងប្រែងសិក្សារៀនសូត្រក្នុងឱកាសដែលប្រទេសជាតិមានសេចក្ដីសុខ និងសន្តិភាព។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីតម្លៃនៃការរក្សាសន្តិភាពប្រទេស ក្រោមម្លប់ព្រះមហាក្សត្រ និងតាមគន្លងលទ្ធិប្រជាធិបតេ្យយសេរីពហុបក្ស។ សម្ដេចបានមានប្រសាសន៍ថាបើទោះបីជាកម្ពុជាមានគណបក្សច្រើន មានទស្សនៈផ្ទុយគ្នាច្រើន នៅក្នុងដំណើរការកសាង និងដឹកនាំជាតិ ប៉ុន្តែតាមរយៈរដ្ឋធម្មនុញ្ញ និងច្បាប់ យើងបានគ្រប់គ្រងប្រទេសប្រកបដោយសេចក្ដីសុខ និងសន្តិភាពទូទាំងប្រទេស។

សម្ដេចបានមានប្រសាសន៍ទៀតថា គ្រាន់តែនៅស្រុកកញ្ច្រៀចដែលមាន៩៩ភូមិ ពេលនេះមានភូមិ៩២រួចទៅហើយ ដែលកំពុងមានអគ្គិសនីប្រើប្រាស់ ដែលនេះគឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថានៅពេលប្រទេសជាតិមានសន្តិភាព ការអភិវឌ្ឍនឹងមានល្បឿនកាន់តែលឿន ។ សម្ដេចបានអះអាងថាភូមិនៅសល់៧ទៀតនៃស្រុកកញ្រ្ចៀច នឹងមានអគ្គិសនីប្រើឆាប់ៗនេះ។

ដោយឡែកឆ្លៀតក្នុងពិធីនេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍អំពីស្ថានភាពគ្រោះរាំងស្ងួតនៅឆ្នាំ២០១៩នេះ ដោយសម្ដេចបានសង្កត់ធ្ងន់អំពីហានីភ័យនៃការខ្វះខាតទឹកប្រើប្រាស់។ សម្ដេចបានណែនាំអាជ្ញាធរក្ដាប់ព័ត៌មានឲ្យបានពាក់ព័ន្ធនឹងបញ្ហានេះ ដើម្បីមានវិធានការជួយពលរដ្ឋឲ្យបានទាន់ពេលវេលា តាមរយៈការដឹកទឹកចែកពួកគាត់ ហើយត្រូវរៀបចំផែនការដោះស្រាយបញ្ហានេះក្នុងរយៈពេលវែង ដូចជាការជីកអណ្ដូង និងស្ដារស្រះជាដើម។

ក្នុងពិធីនេះដូចគ្នាដែរ សម្ដេចឧបនាយករដ្ឋមន្រ្តី បានក្រើនរំលឹកអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំបំរើសេវាសាធារណៈជូនពលរដ្ឋឲ្យបានល្អ ត្រូវមានវិធានការដោះស្រាយឲ្យបានច្បាស់លាស់ និងអនុវត្តឲ្យមានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយសម្ដេចបានសង្កត់ធ្ងន់ថាប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រឿងញៀនដែលជនល្មើសធ្លាប់តែចែកចាកនៅទីក្រុង និងទីប្រជុំជននានានោះ វាបានហូរមកដល់តំបន់ជនបទខ្លះហើយ។

ជាមួយគ្នានេះ សម្ដេចបានអំពាវនាវពលរដ្ឋចូលរួមរាយការណ៍មកសមត្ថកិច្ច និងអាជ្ញាធរ ដូចជានគរបាលប៉ុស្តិ៍រដ្ឋបាល មេភូមិ មេឃុំជាដើម ប្រសិនបើឃើញការលក់ ឬចែកចាយគ្រឿងញៀន និងការសេពគ្រឿងញៀន នៅគ្រប់ទីកន្លែទាំងអស់ ពិសេសនៅក្នុងភូមិរបស់បងប្អូន។ សម្ដេចក៏បានលើកទឹកចិត្តពលរដ្ឋចូលរាយការណ៍ករណីគ្រឿងញៀន និងករណីដែលធ្វើឲ្យភូមិឃុំមិនមានសុវត្ថិភាព ទៅក្នុងបណ្ដាញទំនាក់ទំនងសង្គមថ្នាក់ដឹកនាំស្រុក ខេត្ត ហើយក៏អាចផ្ញើ ឬសរសេរក្នុងប្រអប់បញ្ចេញយោបល់ លើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចបានដែរ។

ចំពោះដំណើរការសាងសង់ព្រះវិហារវត្តឧត្តមព្រឹក្សាហៅវត្តជ័យមុនី​ ដែលប្រារព្ធពិធីបញ្ចុះខណ្ឌសីមានាឱកាសដ៏នក្ខត្តឬក្សនេះ សម្ដេចក្រឡាហោម ស ខេង បានប្រកាសប្រគេនបច្ច័យ​២៤.៣២៧ដុល្លារអាមេរិក ដើម្បីបង្គ្រប់ការចំណាយសាងសង់ព្រះវិហារ និងបានប្រគេនបច្ច័យតាមរោងទិស ក្នុងមួយរោងទិស២សែនរៀល​ ។ សម្ដេចក៏បានឧបត្ថម្ភថវិកា និងសម្ភារៈ ជូនអង្គពិធីដែលបានចូលរួម និងអង្គភាពចំណុះរដ្ឋបាលស្រុកកញ្ច្រៀចមួយចំនួនទៀតដែរ។

នាឱកាសនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានពិតទូលព្រះចៅអធិការ និងស្នើទៅកាន់អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទ និងអាជ្ញាធរ បន្តរួមគ្នាថែរក្សា និងកែលម្អទីអារាមមួយនេះ​ ។ សម្ដេចចង់ឃើញមានការដាំដើមឈើឲ្យបានច្រើននៅក្នុងវត្ត ហើយដើម្បីជានិមិត្តរូប សម្ដេចបានអញ្ជើញដាំកូនឈើនៅក្នុងបរិវេណវត្តឧត្តមព្រឹក្សា មុននឹងអញ្ជើញប្រារព្ធពិធីកាត់សីមាក្នុងព្រះវិហារ​ ៕

អត្ថបទដែលជាប់ទាក់ទង