សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ លើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង និងបង្ហាញបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧
នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ លើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង និងបង្ហាញបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មណ្ឌលខេត្តព្រៃវែង។
ឯកឧត្តម ស្បោង សារ៉ាត់ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែងវែង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង អំពីលទ្ធផលការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ពិសេសក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ ព្រមទាំងលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈម សំណើរ និងសំណូមពរប្រជាពលរដ្ឋ និងការកសាងកម្លាំងគាំទ្រគណបក្ស។
ឯកឧត្តមក៏បានអានសេចក្ដីសម្រេច ស្ដីពីការតែងតាំងបេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មណ្ឌលខេត្តព្រៃវែង ដែលរួមមាន ឯកឧត្តម ជាម យៀប, ឯកឧត្តម ស សុខា, ឯកឧត្តម ម៉ុម ស៊ីបុន, ឯកឧត្តម ឡុង ប៊ុន្នី, ឯកឧត្តម ជាម ប៉េអា, ឯកឧត្តម ញឹម វណ្ណដា, ឯកឧត្តម ស្បោង សារ៉ាត់, ឯកឧត្តម ហ៊ឺ ប៉ាវី, លោកជំទាវ គង់ សាឡន, ឯកឧត្តម អ៊ុក សិទ្ធិជាតិ, ឯកឧត្តម ពេជ្រ ជីវ័ន។ ជាមួយគ្នានេះក៏មានបេក្ខជនបម្រុង ១១រូប ទៀតផងដែរ។
អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចទូទាំងខេត្តព្រៃវែង ដែលបានខិតខំរួមសហការគ្នាថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវសុវត្ថិភាពយ៉ាងល្អប្រសើរ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីសប្ដាហ៍កន្លងទៅ ដែលបង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋបានជួបជុំគ្រួសារ សាច់ញាតិ និងមិត្តភក្ដិយ៉ាងសប្បាយរីករាយ។
សម្ដេចក្រឡាហោម បានឯកភាព និងគាំទ្រទាំងស្រុងលើរបាយការណ៍គណបក្សខេត្តព្រៃវែង។ ក្នុងនាមសម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិការ នៃក្រុមការងារគណបក្សគ្រប់ថ្នាក់ ព្រមទាំងអង្គការមហាជនគណបក្សទូទាំងខេត្តព្រៃវែងដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលការងារនានាជាច្រើន ទាំងការងារដ្ឋ និងការងារគណបក្ស។
ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកក្ពុជា ក៏បានផ្ដល់អនុសាសន៍មួយចំនួនទៅកាន់អង្គសន្និបាត ដោយក្ដោបរួមទាំងលើការងាររាជរដ្ឋាភិបាល និងការងារគណបក្ស។ សម្ដេចក៏បានបង្ហាញការកត់សម្គាល់អំពីលទ្ធផលការងារឆ្នាំ២០២២ ដំណើរការជ្រើសរើសរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមណ្ឌលព្រៃវែង ទិសដៅភារកិច្ចឆ្នាំ២០២៣ ដំណើរឆ្ពោះទៅកាន់ការបោះឆ្នោត ភារកិច្ចរបស់អាជ្ញាធរមូលដ្ឋានផងដែរ៕