ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីណែនាំរួម ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីណែនាំរួម ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តរដ្ឋមន្ត្រី រដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការ ឯកឧត្តម អគ្គមេបញ្ជាការរង អគ្គស្នងការរង និងមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឯកឧត្តម អគ្គលេខាធិការនៃ គ.ជ.ប ឯកឧត្តម លោកជំទាវ ប្រធានគណៈកម្មការ រាជធានី-ខេត្ត រៀបចំការបោះឆ្នោត ឯកឧត្តម លោកជំទាវ អភិបាល អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត តំណាង គណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

នាឱកាសនោះ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាសមាជិក គ.ស.អ បានអានអនុក្រឹត្យ ស្ដីពីការបំពេញបន្ថែមសមាសភាព និងកែសម្រួលភារកិច្ចរបស់ គ.ស.អ មុននឹងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភភ្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាសមាជិក គ.ស.អ បន្តអានសេចក្ដីណែនាំរួមស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្ដិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣។

បន្ទាប់មក ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានអញ្ជើញថ្លែងសុន្ទរកថា និងចំណាប់អារម្មណ៍ដោយអំពាវនាវគ្រប់គណបក្សនយោបាយត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងក្រមសីលធម៌សម្រាប់គណបក្សនយោបាយឱ្យបានហ្មត់ចត់ អាជ្ញាធរសាធារណៈទាំងអស់ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាព ការងាររបស់ខ្លួន និងហាមយកសម្ភារ និងមធ្យោបាយដឹកជញ្ជូនដែលជាទ្រព្យសម្បត្តិរដ្ឋ ដើម្បីបម្រើឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយណាមួយ និងទប់ស្កាត់ឱ្យបាននូវរាល់អំពើបំភិតបំភ័យ គំរាមកំហែង ដល់បេក្ខជន សកម្មជន គណបក្សនយោបាយ និងអ្នកបោះឆ្នោតតាមគ្រប់រូបភាព។

អញ្ជើញថ្លែងសុន្ទរកថា និងមានប្រសាសន៍ណែនាំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានគូសបញ្ជាក់ថា ការបោះឆ្នោតនៅថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ជាច្រើនលើកច្រើនសារនាពេលកន្លងមក រួម ទាំងការបោះឆ្នោតជាបន្តបន្ទាប់នាពេលខាងមុខនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រកបដោយ មោទនភាពជាតិ ដែលជាសក្ខីភាពនៃឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល រួមទាំងឥស្សរជននៃបណ្ដាគណបក្សនយោបាយ ក្នុងការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីភាពសុខក្សេមក្សាន្ត សម្បូររុងរឿងប្រកបដោយសេចក្ដីថ្លៃថ្នូរ របស់ពលរដ្ឋ ព្រមទាំងការលើកកម្ពស់កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។

សម្ដេចក្រឡាហោមបន្តថា ការទទួលបានជ័យជំនះជាបន្តបន្ទាប់សម្រាប់ការរៀបចំព្រឹត្តិការណ៍នយោបាយ រួមទាំង ភាពជោគជ័យនៃការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃ អាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២នាពេលកន្លងមក គឺអាស្រ័យដោយក្រសួង ស្ថាប័ន គណៈ បញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានរៀបចំផែនការសកម្មភាពយ៉ាងហ្មត់ចត់ សមស្របទៅនឹងស្ថានភាពជាក់ស្តែង គួបផ្សំនឹងការចូលរួម យ៉ាងកុះករពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត សម្ដេច បានសម្តែងការកោតសរសើរដោយស្មោះចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងប្រជាពលរដ្ឋទាំងអស់ ដោយបានចូលរួមចំណែក យ៉ាងសកម្មដល់កិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេស ការធានាស្ថិរភាពសន្តិសុខសម្រាប់ការបោះឆ្នោតនាពេលកន្លងមក ដែលចលនាប្រកបដោយសុឆន្ទៈ និងសង្គតិភាពនេះ បានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីវឌ្ឍនភាព និងភាពរឹងមាំ ការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា។

ជាមួយគ្នានេះ សម្ដេច បានទាញចំណាប់អារម្មណ៍អង្គពិធីអំពីសភាពការណ៍ទូទៅនៃពិភពលោកដែលនៅតែបន្តស្មុគ្រស្មាញ និងមានការប្រែប្រួលយ៉ាងឆាប់រហ័ស គ្មានភាពច្បាស់លាស់ និងមិនអាចប៉ាន់ស្មានបាន រួមទាំង ការបន្តឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ មិនទាន់ផុតរលត់នៅឡើយ និងថាស្ថានការណ៍ ប្រកបដោយភាពអវិជ្ជមាននេះ បានជះឥទ្ធិពលបង្កហានិភ័យនៅគ្រប់តំបន់ ហើយក្នុងខណៈ ពេលដូចគ្នានោះក៏មានប្រទេសមួយចំនួនទាំងក្នុង និងក្រៅតំបន់ កំពុងប្រឈមទៅនឹងសង្គ្រាម ស៊ីវិល ជម្លោះផ្ទៃក្នុង ដោយទទួលរងនូវសោកនាដកម្ម និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។

សម្ដេច បានបន្ថែមថា ចំពោះព្រះរាជាណាចក្រកម្ពុជា បើទោះបីជាបានទទួលរងឥទ្ធិពលដោយផ្ទាល់ ឬដោយ ប្រយោលពីព្រឹត្តិការណ៍ដូចបានពោលខាងលើនេះក្តី ប៉ុន្តែស្ថានភាពពិត គឺកម្ពុជាកំពុងតែស្ថិត ក្រោមម្លប់នៃសន្តិភាព រក្សាបាននូវស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដោយបញ្ចៀសបាន នូវអំពើភេរវកម្ម រក្សាបាននូវសន្តិសុខផ្ទៃក្នុង គ្មានជម្លោះប្រដាប់អាវុធ ជាពិសេសការធានាបាន នូវប្រក្រតីកម្មស្ថាប័នជាតិ និងធានាសុវត្ថិភាព ទាំងស្រុងសម្រាប់ព្រឹត្តិការណ៍ជាតិ អន្តរជាតិសំខាន់ៗ ដែលរៀបចំឡើងនៅកម្ពុជា។

សម្ដេចបន្ថែមថា ទោះបីស្ថានការណ៍ជារួមមានលក្ខណៈល្អប្រសើរ ហើយការត្រៀមរៀបចំមូលដ្ឋាន គ្រឹះសម្រាប់ធានាសន្តិសុខ ត្រូវបានរៀបចំប្រកបដោយភាពម្ចាស់ការ និងមានស្មារតីទទួលខុស ត្រូវខ្ពស់ពីគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ប៉ុន្តែកិច្ចដំណើរការនៃការ រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ គឺ ជាដំណាក់កាលនៃការតស៊ូប្រកួតប្រជែងនយោបាយយ៉ាងតឹងតែង និងក្ដៅគគុករបស់គ្រប់ គណបក្សនយោបាយ ដែលបានចូលរួម ហើយក៏ជាដំណាក់កាលដែលងាយនឹងកើតឡើងនូវ ទំនាស់ ឬបទល្មើសផ្សេងៗ បង្កជាឧបសគ្គ រាំងស្ទះ ឬបន្ទុចបង្អាក់ដល់កិច្ចដំណើការបោះឆ្នោត ទៀតផង។

សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការគាំទ្រចំពោះការផ្តល់នូវមតិជាធាតុចូលរបស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជួយរំលឹកដាស់តឿនបន្ថែមដល់ប្រតិបត្តិកររបស់ យើង ទាំងសកម្មភាពការងារ ទាំងអាកប្បកិរិយាបំពេញភារកិច្ច និងការប្រតិបត្តិក្រមសីលធម៌ ស្របតាមច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតពេលខាងមុខ។ ជាមួយគ្នានេះក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត សម្ដេចក៏បានសង្កត់ធ្ងន់លើកិច្ចការសំខាន់ៗមួយចំនួន បន្ថែមលើកិច្ចការដែលបាន និងកំពុងអនុវត្តតាមការ ចង្អុលបង្ហាញ នៃសេចក្ដីណែនាំរួមផងដែរ។

សម្ដេច បានណែនាំឱ្យប្រគល់តួនាទី ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ដែលជាគណៈ បញ្ហាការសន្តិសុខអចិន្ត្រៃយ៍រាជធានី-ខេត្តសម្រាប់ការបោះឆ្នោត ទទួលខុសត្រូវដឹកនាំដោយ ផ្ទាល់ក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងភូមិសាស្ត្ររបស់ខ្លួន និងធានាឲ្យបានដាច់ខាតនូវស្ថិរភាពសន្តិសុខសម្រាប់ការបោះឆ្នោត។ គ្រប់ហេតុការណ៍ទំនាស់ផ្សេងៗ ដែលកើតឡើងនៅមូលដ្ឋាន សម្ដេចក៏បានណែនាំឱ្យខិតខំដោះស្រាយពី ដើមទី ដោយមិនត្រូវទុកឲ្យក្លាយជាទំនាស់រ៉ាំរ៉ៃ ដែលអាចបង្កឲ្យមានចលាចលសង្គម និងក្លាយ ជាឧបករណ៍នៃការកេងចំណេញផ្នែកនយោបាយ។

សម្ដេច បានផ្ដល់អនុសាសន៍ឱ្យលើកកម្ពស់តួនាទីដឹកនាំ ដោយត្រូវចាត់វិធានការតាមគ្រប់មធ្យោបាយ គ្រប់រូប ភាពស្របតាមច្បាប់ ដើម្បីបង្ការហេតុការណ៍គ្រោះថ្នាក់នានា ក៏ដូចជាការបង្ការ ទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររបស់ខ្លួន រាល់ហេតុការណ៍គ្រោះថ្នាក់ ឬ បទល្មើសដែលបានកើតឡើង ត្រូវខិតខំដោះស្រាយ តាមស្វែងរកជនបង្ក និងស្រាវជ្រាវតាម ចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីចៀសវាងការឆ្លៀតឱកាសយក ហេតុការណ៍គ្រោះថ្នាក់ ឬបទល្មើសនានា បំភ្លឺទៅជារឿងនយោបាយ និងត្រូវជំរុញសកម្មភាពផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ឲ្យបានយល់ដឹងអំពីសារៈសំខាន់នៃព្រឹត្តិការណ៍នយោបាយ ដែលនឹងរៀបចំដំណើរជាបន្តបន្ទាប់នាពេលខាងមុខ។

សម្ដេច បានរម្លឹកជាថ្មីទៀតឱ្យរៀបចំក្រុមប្រមូលព័ត៌មាន និងក្រុមប្រតិកម្មរហ័ស ដើម្បីធ្វើការបំភ្លឺ បកស្រាយជូនសាធារណៈមតិជាតិ-អន្តរជាតិអំពីហេតុការណ៍ពិត និងវាយបក បន្សាបឥទ្ធិពលនូវរាល់ ការប្រឌិត បំប៉ោងព័ត៌មាន ឬបំភ្លៃសភាពការណ៍ លុបបំបាត់ការភាន់ច្រលំនានា ឲ្យបានទាន់ពេល វេលា។ ជាមួយគ្នានេះ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសភ្នាក់សន្តិសុខបោះឆ្នោតទាំងអស់ ត្រូវមានអព្យាក្រឹត្យភាព និងគោរពឲ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និង នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដោយត្រូវ បង្កលក្ខណៈងាយស្រួល និងផ្តល់សេវាសន្តិសុខដល់គ្រប់គណបក្សនយោបាយ បេក្ខជនទាំង អស់ តំណាងគណបក្សនយោបាយ វាគ្មិន អ្នកសង្កេតការណ៍ជាតិ-អន្ដរជាតិ និងប្រជាពលរដ្ឋ គ្រប់រូប ប្រកបដោយតម្លាភាព និងគ្មានការរើសអើង។

មុននឹងបញ្ចប់ ក្នុងនាមគណៈបញ្ហាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការ សង្គមស៊ីវិលនិងអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ សូមចូលរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោត ដើម្បីធ្វើឲ្យ កិច្ចដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាង មុខនេះ ប្រព្រឹត្តិទៅប្រកបដោយភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព៕

អត្ថបទដែលជាប់ទាក់ទង