សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យឯកឧត្តមGeorge Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលសម្តែងការគួរសម និងជម្រាបលា
ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យឯកឧត្តមGeorge Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជាដែលជិតបញ្ចប់អាណត្តិការងារ ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់ឯកឧត្តមឯអគ្គរដ្ឋទូតសហភាពអឺរ៉ុបថាសម្ដេច ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណសហភាពអឺរ៉ុប ដែលតែងតែផ្ដល់កិច្ចសហប្រតិបត្តិការជួយប្រទេសកម្ពុជាយ៉ាងច្រើននាពេលកន្លងមក។
សម្ដេចក្រឡាហោម មានប្រសាស៍បន្តថាបើទោះបីជារយៈពេលចុងក្រោយនេះ កម្ពុជា និងសហភាពអឺរ៉ុប មានបញ្ហាមិនចុះសម្រុងគ្នាខ្លះ ប៉ុន្តែសម្ដេចនៅតែមានជំនឿថាទំនាក់ទំនងរវាងកម្ពុជា និងសហភាពអឺរ៉ុបនៅតែបន្តស្ថិតក្នុងភាពល្អប្រសើរដូចកន្លងមក តាមរយៈការជួបពិភាក្សាគ្នារវាងភាគីទាំងពីរ ដើម្បីដោះស្រាយបញ្ហាមិនចុះសម្រុងទាំងនោះ។
ឯកឧត្តម George Edgar បានមានប្រសាសន៍ជម្រាបសម្ដេចក្រឡាហោម ស ខេង ថាឯកឧត្តមពិតជាមានសេចក្ដីរីករាយ និងសូមថ្លែងអំណរគុណសម្ដេច ដែលក្នុងឋានៈជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃតែងតែផ្ដល់ការគាំទ្របេសកកម្មរបស់ស្ថានទូតសហភាពអឺរ៉ុប ហើយសហភាពអឺរ៉ុបពិតជាពេញចិត្តចំពោះការចូលរួមគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
ឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបក៏បានសម្ដែងការអបអរសាទរចំពោះវឌ្ឍនភាពដ៏ឆាប់រហ័សរបស់កម្ពុជា ក្នុងកិច្ចការអភវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដោយឯកឧត្តមបានរំលឹកឡើងវិញថាអ្វីៗដែលកម្ពុជាកំពុងមានសព្វថ្ងៃនេះ មានភាពខុសគ្នាឆ្ងាយណាស់ បើធៀបនឹងប្រទេសកម្ពុជាកាលពីជាង២០ឆ្នាំមុន ដែលឯកឧត្តមធ្លាប់មកជាលើកដំបូងនោះ។
ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងកោតសរសើ និងអបអរសាទរចំពោះផ្លែផ្កានៃការរៀបចំវេទិកាពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល ពិសេសក្រសួងមហាផ្ទៃ ដែលបានដំណើរការកិច្ចពិគ្រោះយោបល់ជាមួយក្រុមអង្គការសង្គមស៊ីវិល ដោយឯកឧត្តមកត់សំគាល់ថាវេទិកានេះ ធ្វើឲ្យភាគីទាំងពីរមានការយល់យោគគ្នាបានច្រើនជាងមុន។
បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថ្លែងអំណរគុណសហភាពអឺរ៉ុបចំពោះការគាំទ្រកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់ក្រសួងមហាផ្ទៃ ហើយសម្ដេចនៅតែជឿជាក់ថា សហភាពអឺរ៉ុបនឹងបន្តគាំទ្រការងារនេះទៀត ពិសេសក្នុងដំណាក់កាលដែលក្រសួងកំពុងផ្ទេរសិទ្ធិ អំណាច ធនធាន និងការទទួលខុសត្រូវឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
ពាក់ព័ន្ធនឹងការរៀបចំវេទិកាពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល សម្ដេចក្រឡាហោម ស ខេង ក៏បាបង្ហាញការវាយតម្លៃខ្ពស់ចំពោះការងារនេះដែរ ដោយសម្ដេចបានគូសបញ្ជាក់ថាតាមរយៈវេទិកាពិគ្រោះយោបល់នេះ រាជរដ្ឋាភិបាល និងសង្គមស៊ីវិល កាន់តែមានភាពជិតស្និតគ្នាមែន ព្រោះបញ្ហានានាត្រូវបានដាក់លើតុ ដើម្បីដោះស្រាយជាមួយគ្នា។
ភ្ជាប់នឹងប្រធានបទនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក៏បាននាំសំណើររបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនមកជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ដែរ គឺក្រុមសង្គមស៊ីវិលបានស្នើរាជរដ្ឋាភិបាលបង្កើនការការពារធានធានធម្មជាតិ ពិសេសសត្វព្រៃ និងព្រៃឈើ និងសូមសម្ដេចជួយគាំទ្រដល់សង្គមស៊ីវិលដែលធ្វើការនេះបន្ថែមទៀតផង។
សម្ដេចក្រឡាហោម ស ខេង បានឯកភាពទទួលយកសំណើរនេះ និងបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះការងារអភិរក្សធនធានធម្មជាតិ ហើយជាក់ស្ដែង ក្រសួងមហាផ្ទៃកំពុងដឹកនាំក្រុមការងារព្រាងសេចក្ដីស្នើវិសោធនកម្មច្បាប់មួយចំនួនពាក់ព័ន្ធនឹងធនធានធម្មជាតិ ដើម្បីពង្រឹងការងារនេះឲ្យកាន់តែមានប្រសិទ្ធភាពបំផុត។
ដោយឡែកនៅក្នុងជំនួបនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក៏បានជំរាបជូនសម្ដេចក្រឡាហោម ស ខេង ថាសហភាពអឺរ៉ុប ចង់ឃើញកម្ពុជាមានការបើកចំហរសិទ្ធិសេរីភាពនយោបាយឲ្យកាន់តែច្រើន។ ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលប្ដេជ្ញាចិត្តអនុវត្តតាមស្មារតី ដូចមានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨៕