សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូនឯកឧត្តម Dominic William ឯកអគ្គរាជទូតចក្រភពអង់គ្លេស ទើបតែងតាំងថ្មី ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព
នាព្រឹកថ្ងៃពុធ ១៥កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម Dominic William ឯកអគ្គរាជទូតចក្រភពអង់គ្លេស ទើបតែងតាំងថ្មី ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព។
សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម Dominic William ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបានចូលរួមអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចក្រភពអង់គ្លេស និងក៏អបអរសាទរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្របត្តិការរវាងចក្រភពអង់គ្លេសជាមួយក្រសួងមហាផ្ទៃកម្ពុជា លើវិស័យនានាដែលក្រសួងមហាផ្ទៃទទួលខុសត្រូវ។
សម្ដេចក្រឡាហោម សង្ឃឹមជឿជាក់ថា តាមរយៈអាណត្តិនៃបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជានឹងបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយនឹងក្រសួងមហាផ្ទៃកាន់តែរីកចម្រើនលូតលាស់ថែមទៀត។
ជាការឆ្លើយតប ឯកឧត្ដម Dominic William ឯកអគ្គរាជទូតចក្រភពអង់គ្លេស បានថ្លែងអំណរគុណ ឯកភាព និងវាយតម្លៃខ្ពស់ចំពោះកិច្ចទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា និងចក្រភពអង់គ្លេស ដែលក្នុងនោះក៏មានទំនាក់ទំនងដ៏ល្អជាមួយក្រសួងមហាផ្ទៃ លើវិស័យការងារពាក់ព័ន្ធ រួមទាំងកិច្ចសហប្រតិបត្តិការល្អពាក់ព័ន្ធទៅនឹងកិច្ចការកុងស៊ុលផងដែរ។
ឯកឧត្តមក៏បានសម្ដែងនូវការអបអរសាទរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានប្រកបដោយជោគជ័យ កាលពីឆ្នាំ២០២២កន្លងទៅ ដោយឯកឧត្ដមចាត់ទុកថា ជោគជ័យរបស់កិច្ចប្រជុំកំពូលអាស៊ាននេះ ក៏មានការរួមចំណែកមួយយ៉ាងសំខាន់ពីសំណាក់សម្ដេចក្រឡាហោម និងក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកកិច្ចការងារស្នូលមួយនៅក្នុងការធានាដល់ការរក្សាបានសន្តិសុខល្អប្រសើរសម្រាប់ព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ។
ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនោះក៏មានសម្ដេចក្រឡាហោម ស ខេង ជាអ្នកដឹកនាំផ្ទាល់ដែលបានខិតខំប្រឹងប្រែង ក្នុងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ធ្វើឱ្យកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះនៃប្រទេសមានហានិភ័យក្នុងការសម្អាតប្រាក់ ខណៈការងារពាក់ព័ន្ធទៅនឹងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ឯកឧត្តមក៏សម្ដែងនូវសេចក្ដីរីករាយដែលបានចូលរួមចំណែក ជាមួយនឹងបណ្ដាប្រទេសសមាជិកអាស៊ានក្នុងការអនុវត្តនូវយន្តការនានាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស។ ឯកឧត្ដមចាត់ទុកថា សមិទ្ធផលការងារដូចបានបញ្ជាក់មកនេះ គឺជាការបង្ហាញអំពីការប្ដេជ្ញាចិត្ត និងឆន្ទៈរបស់ចក្រភពអង់គ្លេសក្នុងការរួមចំណែករក្សានូវសន្តិសុខល្អនៅក្នុងតំបន់។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ល្អរបស់ឯកឧត្ដម និងការវាយតម្លៃមកលើតួនាទីរបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ កន្លងទៅ។ សម្ដេចក៏សូមយកឱកាសនេះតាមរយៈ៛កអគ្គរាជទូតថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេស ដែលបានចាត់ថ្នាក់ដឹកនាំជាន់ខ្ពស់ចូលរួមក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា។
សម្ដេចបានចាត់ទុកថា ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន គឺមិនត្រឹមតែជាជោគជ័យរបស់កម្ពុជានោះទេ ក៏ប៉ុន្តែជាជោគជ័យរបស់តំបន់ ក៏ដូចជាសកលលោកទាំងមូលផងដែរ។ ជាមួយគ្នានេះ សម្តេចក៏ថ្លែងអំណរគុណចំពោះឯកឧត្តម ដែលបានធ្វើការវាយតម្លៃទៅលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសសម្អាតប្រាក់ ដែលរហូតមកដល់ពេលនេះធ្វើឲ្យកម្ពុជាត្រូវដកចេញពីបញ្ជីប្រផេះ ហើយទោះបីជាទទួលបានលទ្ធផលល្អប្រសើរយ៉ាងនេះក្ដី ក៏ប៉ុន្តែកម្ពុជានៅតែបន្តខិតខំលើការងារនេះបន្ថែមទៀតនិងបន្តដោះស្រាយបញ្ហានានាដែលនៅសេសសល់ពាក់ព័ន្ធទៅនឹងការងាររៀបចំការសម្អាតប្រាក់។
ចំពោះ ការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនក៏ដូចគ្នា ដោយសម្ដេចបានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសគឺបទល្មើសពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស និងគ្រឿងញៀនខុសច្បាប់ដែលបញ្ហានេះ គឺជាបញ្ហាមួយមានភាពស្មុគស្មាញ ហើយដែលកម្ពុជាត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាធំៗទាំងនេះ។
សម្ដែចក៏បានសង្កត់ធ្ងន់ថា ការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសគឺបទល្មើសប្រឆាំងការជួញដូរមនុស្ស កម្ពុជាតែឯងមិនអាចធ្វើបាននោះទេ គឺទាមទារចាំបាច់នៃកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក ដើម្បីរួមសហការគ្នាធ្វើការស្រាវជ្រាវផ្តន្ទាទោសដល់អ្នកពាក់ព័ន្ធក៏ដូចជាមេក្លោង ក្នុងបទល្មើសទាំងនេះដែរដែលមានវត្តមានក្នុងប្រទេសរបស់ខ្លួន។
សម្ដេចក៏សុំយកឱកាសនេះសម្តែងនូវបំណងឲ្យមានកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លាថែមទៀត ក៏ដូចជាស្នើឲ្យមានការចែករំលែកបទពិសោធក៏ដូចជាការអនុវត្តល្អៗរបស់ចក្រភពអង់គ្លេស ក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពកងកម្លាំងអនុវត្តច្បាប់របស់កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងការងារប្រយុទ្ធប្រឆាំងទៅឧក្រិដ្ឋកម្មឆ្លងដែន។
សម្ដេចក្រឡាហោម និងឯកឧត្តមអគ្គរាជទូតចក្រភពអង់គ្លេស ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើការងារមួយចំនួនទៀត រួមមាន ដំណើរការត្រៀមលក្ខណៈសម្រាប់ដំណើរការការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ ការចូលរួមរបស់អង្គការសង្គមស៊ីវិលនៅក្នុងដំណើរការអភិវឌ្ឍសង្គមជាតិ ការពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគាំទ្រគ្នាទៅវិញទៅមកលើការងារកុងស៊ុល ជាពិសេសពាក់ព័ន្ធទៅនឹងពលរដ្ឋចក្រភពអង់គ្លេស ដែលរស់នៅព្រះរាជាណាចក្រកម្ពុជា៕