ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ទទួលជួបលោក Graeme Buckley ប្រធានអង្គការ ILO ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព

នារសៀលថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលជួបលោក Graeme Buckley ប្រធានអង្គការ ILO ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងស្វាគមន៍ និងថ្លែងអំណរគុណ អង្គការ ILO ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការជួយគាំទ្រដល់កម្ពុជា តាមរយៈការអនុវត្តគម្រោងនានា ជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក្នុងវិស័យស្ថិតក្រោមក្រសួងមហាផ្ទៃ ក៏មានកិច្ចការសំខាន់ៗ ដូចជាការគាំទ្រដល់ការងារទេសន្តរប្រវេសន៍ និងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

សម្តេចក្រឡាហោម ក៏បានជម្រាបជូនលោកប្រធាន ILO ថាសម្ដេច ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ត្រៀមខ្លួនជានិច្ចក្នុងការបន្តនូវកិច្ចសហប្រតិបត្តិការដ៏ល្អនេះជាមួយនឹងអង្គការ ILO លើគម្រោងដែលមានស្រាប់រវាងភាគីទាំងពីរ ក៏ដូចជាគម្រោងនានា ក្នុងឱកាសនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ជាការឆ្លើយតប លោក Graeme Buckley ប្រធានអង្គការ ILO ប្រចាំកម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាមកលើបេសកកម្មរបស់អង្គការ ILO នៅកម្ពុជា និងបានជម្រាបជូនថាគិតមកដល់ពេលនេះ ទំនាក់ទំនងកិច្ចសហប្របត្តិការរវាងលោកជាមួយកម្ពុជា ជាកិច្ចសហប្រតិបត្តិការយូរអង្វែងមួយដែលមានរយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ។

លោកក៏ថ្លែងអំណរគុណចំពោះ ភាពជាដៃគូដ៏ល្អនេះ ដែលមានជាច្រើនទសវត្សរ៍កន្លងមក និងបានជម្រាបជូនសម្ដេចផងដែរថាបច្ចុប្បន្ន អង្គការ ILO មានកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពមួយចំនួនជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយចំពោះកិច្ចការស្នូលរបស់អង្គការ គឺធ្វើការងារពាក់ព័ន្ធទៅនឹងវិស័យការងារស្ថិតក្រោមសមត្ថកិច្ចក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយគាំទ្រដល់ការលើកកម្ពស់លក្ខខណ្ឌការងារក្នុងវិស័យការងាររោងចក្រកាត់ដេរក៏ដូចជារោងចក្រ ផលិតលិតផលវាយនភណ្ឌដទៃទៀត។

ចំពោះការងារសុវត្ថិភាពផ្លូវថ្នល់ដូចសម្ដេចក្រឡាហោម បានមានប្រសាសន៍នោះ លោកប្រធានអង្គការក៏បានជម្រាបជូនសម្ដេចដែរថាអង្គការ ILO ក៏មានគម្រោងមួយដែលគាំទ្រដល់ការងារលើកកម្ពស់សុវត្ថិភាពផ្លូវថ្នល់ គឺការពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនកម្មករតាមបណ្ដារោងចក្រ ដែលគម្រោងរបស់អង្គការ គឺធ្វើយ៉ាងណាលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពផ្លូវថ្នល់ក្នុងការដឹកជញ្ជូនកម្មករដោយប្រើមធ្យោបាយ ប្រកបដោយសុវត្ថិភាព។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះអង្គការ ILO ដែលបានគាំទ្រតាមរយៈគម្រោងផ្សេងៗដល់ការលើកកម្ពស់សមត្ថភាពផ្លូវថ្នល់។ សម្ដេចក៏បានជម្រាបជូនលោកប្រធានអង្គការដែរថា នាពេលឆាប់ឆាប់ខាងមុខ រាជរដ្ឋាភិបាលកម្ពុជានឹងអនុម័តនូវផែនការទសវត្សសុវត្ថិភាពចរាចរណ៍ ដែលជាផែនទីបង្ហាញផ្លូវមួយដ៏មានសារៈសំខាន់ក្នុងទិសដៅពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

សម្ដេចក៏បានជម្រាបជូនថារាជរដ្ឋាភិបាលកម្ពុជាក៏កំពុងតែរៀបចំនូវសេចក្ដីព្រាងស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ ដើម្បីឆ្លើយតបឲ្យបានសមស្របទៅនឹងការវិវឌ្ឍប្រែប្រួលនៃស្ថានភាពសង្គមរបស់កម្ពុជា។ សម្ដេចសង្ឃឹមជឿជាក់ថាផ្អែកលើមូលដ្ឋាននៃលិខិតបទដ្ឋានគតិយុត្តិទាំងនេះ អង្គការ ILO នឹងនៅតែបន្តជួយគាំទ្របន្ថែមទៀតទៅដល់ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងវិស័យដទៃទៀតដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង