ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនលោកស្រី KAMEI Haruko ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា

នារសៀលថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកស្រី KAMEI Haruko ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសលោកស្រីត្រូវបញ្ចប់អាណត្តិការងារ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអង្គការ JICA ដែលបានមកជួយគាំទ្រដល់គម្រោងនានាជាច្រើននៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបាមនឹងចាត់ទុកថាការអភិវឌ្ឍដែលកម្ពុជាទទួលបានរហូតមកដល់បច្ចុប្បន្ននេះ មានការរួមចំណែកមួយផ្នែកផងដែរពីសំណាក់រដ្ឋាភិបាលជប៉ុន ក៏ដូចជាអង្គការ JICA ផងដែរ ។

លោកស្រី KAMEI Haruko ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណ សម្តេចក្រឡាហោម និងបានជម្រាបសម្ដេចថា ឆ្នាំ២០២៣នេះ ជាឆ្នាំខួបនៃទំនាក់ទំនង ៧០ឆ្នាំ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ កម្ពុជា ជប៉ុន ហើយក៏ជាខួបលើកទី ៣០ឆ្នាំ នៃវត្តមានរបស់អង្គការ JICA ដែលបានបង្កើតការិយាល័យក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកស្រីបន្តថា ព្រឹត្តិការណ៍ដ៏មានអត្ថន័យនាឆ្នាំនេះ ពិតជាអាចស្តែងឲ្យឃើញអំពីកិច្ចសហប្រតិបត្តិការដ៏ល្អជាច្រើនទសវត្សរ៍កន្លងមក រវាង JICA ជាមួយកម្ពុជា។ លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងនានាជាមួយភាគីកម្ពុជា រាប់ទាំងក្រសួងមហាផ្ទៃ បើទោះបីជួបប្រទះនូវបញ្ហាប្រឈមដោយសារជំងឺCOVID-19 ក៏ប៉ុន្តែនៅតែបន្តមានដំណើរការវិវឌ្ឍទៅមុខយ៉ាងល្អប្រសើរ។

លោកស្រីក៏បានជម្រាបជូនសម្ដេចអំពីគម្រោងធំៗចំនួនពីរដែលអង្គការ JICA មានកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា ដោយទីមួយ គឺគម្រោងលើកកម្ពស់សមត្ថភាពមន្ត្រីរដ្ឋបាលមូលដ្ឋាន ដែលគម្រោងនេះអនុវត្តជាច្រើនឆ្នាំមកហើយ និងបានជួយគាំទ្រដល់ការ បណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពរបស់មន្ត្រីរដ្ឋបាលមូលដ្ឋាន ក៏ដូចជាមន្ត្រីរដ្ឋបាលស៊ីវិលនៃក្រសួងមហាផ្ទៃតាមរយៈការរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាល និងការរៀបចំដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធផ្សេងៗក្នុងរយៈពេលកន្លងមក។

លោកស្រីបន្ថែមថាគម្រោងទីពីរ គឺពាក់ព័ន្ធទៅនឹងគម្រោងសុវត្ថិភាពផ្លូវថ្នល់ ដែលគម្រោងនេះមករៀបចំឡើងក្នុងគោលបំណង ខិតខំធ្វើយ៉ាងណារួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលបច្ចុប្បន្នបញ្ហានេះ ជាបញ្ហាមួយដ៏ស្មុគស្មាញ ហើយលោកស្រីក៏បានដឹងថារាជរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាចិត្តក្នុងការធ្វើយ៉ាងណាខិតខំកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នេះដែរ។

សម្ដេចក្រឡាហោមបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ JICA មកលើគម្រោងដូចដែលលោកស្រីបានលើកឡើង ដោយសម្ដេចបានសង្កត់ធ្ងន់ថា ការជួយគាំទ្រដល់ការលើកកម្ពស់សមត្ថភាពមកមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត្រដែលការនេះងារ គាំទ្រទៅដល់ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ខិតខំធ្វើយ៉ាងណាឲ្យមន្ត្រីរដ្ឋបាលមូលដ្ឋានមានសមត្ថភាពក្នុងការបំពេញនូវមុខងារដែលត្រូវបានផ្ទេរពីថ្នាក់ជាតិ ដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ។

ពាក់ព័ន្ធទៅនឹងគម្រោងជួយគាំទ្រដល់ការងារសុវត្ថិភាពផ្លូវថ្នល់សម្ដេចក្រឡាហោម ក៏បានជម្រាបជូនលោកស្រីដែរថារាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំដោះស្រាយដោយបង្កើតនូវយន្តការថ្នាក់ជាតិ និងអន្តរក្រសួងមួយហៅថាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានសម្ដេចផ្ទាល់ជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ក៏បានធ្វើកិច្ចការជាច្រើន រាប់ទាំងការងាររៀបចំច្បាប់គោលនយោបាយ ក៏ដូចជាការដាក់ចេញនូវវិធានការផ្សេងៗក្នុង ការកាត់បន្ថយគ្រោះថ្នាក់។

សម្ដេចក្រឡាហោម ក៏បានជម្រាបជូនដែរថាថ្វីដ្បិតតែបញ្ហានេះនៅតែបន្តជាបញ្ហាដ៏ស្មុគស្មាញដែលត្រូវតែបន្តដោះស្រាយ ក៏ប៉ុន្តែតាមរយៈបទពិសោធន៍កន្លងមកបានកត់សម្គាល់ឃើញមានវឌ្ឍនភាពជាវិជ្ជមានទៅលើការយល់ដឹងកាន់តែច្រើនពីសំណាក់អ្នកប្រើប្រាស់ផ្លូវ។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណលោកស្រី KAMEI Haruko ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា និងសង្ឃឹមជឿជាក់ថា JICA នឹងនៅតែបន្តគាំទ្រដល់គម្រោងនានាដែលមានជាមួយព្រះរាជាណាចក្រកម្ពុជាក៏ដូចជាជាមួយនឹងក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង