ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣

នាព្រឹកថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រៃវែង។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោម អង្គសន្និបាតរដ្ឋបាលខេត្តព្រៃវែង មានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាខេត្ត គណៈបាលខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ស្នងការ មេបញ្ហាការ អស់លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ និងសមាជិកសមាជិកាសរុបចំនួន ៤២៩នាក់។

ឯកឱត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ជំនួសមុខជូនអង្គសន្និបាត បានធ្វើរបាយការណ៍ឱ្យដឹងថា ផ្អែកលើសេចក្តីព្រាងលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្មាំ២០១៣ របស់រដ្ឋបាលខេត្តព្រៃវែង អង្គសន្និបាតបានរៀបចំឲ្យមានបទអន្តរាគមន៍លើប្រធានបទសំខាន់ៗរួម មាន ការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន ការងារផ្តល់អត្តសញ្ញាណប័ណ្ណ ការគ្រប់គ្រងជនអន្តោប្រវេសន៍ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ ការដោះស្រាយបណ្ដឹង សំណើ សំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ការដោះស្រាយទំនាស់ដីធ្លីនៅមូលដ្ឋាន ការពង្រឹងប្រសិទ្ធភាពអនុវត្តការងារ នៃរដ្ឋបាលស្រុក ការងារបង្កបង្កើនផលស្រូវ ដំណាំរួមផ្សំ និងបសុព្យាបាល។

ឯកឧត្តមបន្ថែមថា ក្រៅពីនេះក៏មានប្រធានបទពាក់ព័ន្ធ ការចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងដោះស្រាយវិវាទដីធ្លី ការងារគ្រប់គ្រងការរីកពលដាលជំងឺកូវីដ-១៩ ក្នុងខេត្ត ការអភិវឌ្ឍន៍ផ្លូវជនបទ និងអនាម័យជនបទ ការពង្រឹងនិងការគ្រប់គ្រងធនពានទឹក នឹងប្រព័ន្ធភាពសាស្ត្រ កិច្ចការសាសនា និងដោះស្រាយអធិករណ៍នៅតាមបណ្តាវត្តក្នុងខេត្ត និងការអនុវត្តគម្រោងមូលនិធិឃុំ ព្រមទាំងការលើកឡើងនូវបទពិសោធន៍ នៃការអនុវត្តការងារកន្លងមក បញ្ហាប្រឈមនានា និងវិធានការដោះស្រាយ។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ជារួមសន្និបាតនេះ គឺជាឱកាសសម្រាប់យើងទាំងអស់គ្នា រៀបចំកម្មវិធីប្រជុំបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី នៅរៀងរាល់ដំណាច់ឆ្នាំ ក្នុងបំណងពិនិត្យនូវសមិទ្ធផលការងារដែលសម្រេចបានកន្លងមក ជាមួយបញ្ហាប្រឈមមួយចំនួន ដែលចាំបាច់ត្រូវមានវិធានការបន្តដោះស្រាយ និងដើម្បីដាក់ចេញនូវផែនការសកម្មភាពការងារ ដែលត្រូវអនុវត្តសម្រាប់ឆ្នាំថ្មី ឆ្លើយតបទៅនឹងតម្រូវការក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋានរឹងមាំ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងមហាផ្ទៃ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តព្រៃវែង ព្រមទាំង ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ក្នុងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលបានខិតខំរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ច សម្រេចបានសមិទ្ធផលនានាជាច្រើនក្នុងឆ្នាំ២០២២ ដោយសម្ដេចចាត់ទុកការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មទាំងនេះថា បានរួមចំណែកក្នុងការថែរក្សា សន្តិភាព ស្ថិរភាពនយោបាយ និងខិតខំថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យកាន់តែរឹងមាំប្រកបដោយចីរភាព និងបរិយាប័ន្ន។

សម្ដេចក្រឡាហោម បានបញ្ជាក់ទៅកាន់អង្គសន្និបាតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានដាក់ចេញនូវវិធានការគ្រប់គ្រងឆ្លើយតបនឹងវិបត្តិ និងបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព ដើម្បីស្តារផលប៉ះពាល់នានាមកលើ សេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បណ្ដាលមកពីជំងឺកូវីដ-១៩, គ្រោះទឹកជំនន់ទឹកភ្លៀង និងវិបត្តិនានាជាសកល ធ្វើឲ្យសេដ្ឋកិច្ចជាតិយើងស្ទុះ ងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងអត្រាកំណើនប្រមាណ ៥,២% ក្នុងឆ្នាំ២០២២ និងរំពឹងទុកថា នឹងមានកំណើនក្នុងរង្វង់ប្រមាណ ៥,៦% ក្នុងឆ្នាំ២០២៣នេះ។

ក្នុងឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាក៏សម្រេចបានការរៀបចំ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមច្បាប់ និងបទបញ្ជ នីតិវិធីនៃការបោះឆ្នោត ព្រមទាំងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោតនេះបានយ៉ាងល្អប្រសើរ ពិសេសក្នុងតួនាទី ជាប្រធានប្តូរវេនរបស់អាស៊ាន ក៏បានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ និងជា ប្រវត្តិសាស្ត្រក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន ដែលជាការលើក កម្ពស់ថែមទៀតនូវកិត្យានុភាពប្រទេសកម្ពុជាលើឆាកអន្តរជាតិ។

សម្ដេចឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ទន្ទឹមនឹងសមិទ្ធផលខាងលើនេះ យើងក៏បានកត់សម្គាល់អំពីបញ្ហាប្រឈមនានា ដែលនៅសេសសល់ រួមទាំងកិច្ចការសំខាន់ៗនានាជាច្រើន ដែលត្រូវបន្ត ខិតខំរួមគ្នាពុះពារអនុវត្តឲ្យបានល្អក្នុងឆ្នាំ២០២៣នេះ ពិសេសការធានារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យប្រព្រឹត្តទៅប្រកបដោយ លក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព រួមទាំងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឲ្យទទួលបានជោគជ័យ និងមានសុវត្ថិភាព។

ពីវេទិកាអធិបតីនោះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានផ្ដល់ការណែនាំនូវកិច្ចការសំខាន់ៗដែលរដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ត្រូវខិតខំ រួមគ្នា សម្រេចឲ្យបានក្នុងឆ្នាំ២០២៣ រួមមាន ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ការបោះឆ្នោតជាតិ លើកទី៧, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម, ការគ្រប់គ្រង ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន, ការគ្រប់គ្រងធនធានធម្មជាតិ, ការផ្តល់សេវាសាធារណៈ និងការដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋ និងការពង្រឹងរបៀបរបបការងារ។

ដើម្បីម្រេចបានភារកិច្ចតាមផែនការកំណត់ និងអនុសាសន៍ណែនាំនេះ សម្ដេចបានសង្កត់ធ្ងន់អំពីការបន្តខិតខំរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារព្រះមហាក្សត្រ ការពារ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដើរទន្ទឹមនឹងការពង្រឹង នីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង