សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងឆ្លងសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
នាព្រឹកថ្ងៃចន្ទ ៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងឆ្លងសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីពីឯកឧត្តម អង្គវង្ស វឌ្ឍនា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្រ្តីជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ។
អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថាសេចក្ដីព្រាងច្បាប់នេះមានទំនាក់ទំនងជិតស្និតទៅនឹងជីវភាពប្រចាំថ្ងៃប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសពាក់ព័ន្ធនឹងការចុះបញ្ជីព្រឹត្តិការណ៍កំណើន ការរៀបអាពាហ៍ពិពាហ៍ និងការទទួលមរណភាព។ សម្ដេចបន្ថែមថាបទបញ្ញត្តិកំពុងប្រើប្រាស់បច្ចុប្បន្នបានវិសោធនកម្មច្រើនលើក និងប្រឈមភាពស្មុគស្មាញច្រើន ទើបរៀបចំសេចក្ដីព្រាងច្បាប់ថ្មី។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារតាក់តែងសេចក្ដីច្បាប់ស្ដីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបានដឹកនាំ សហការ សម្របសម្រួលបំពេញភារកិច្ចតាក់តែងច្បាប់យ៉ាងល្អ ពិសេសការរៀបចំកិច្ចប្រជុំ សិក្ខាសាលាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនលើក រហូតរៀបចំបានសេចក្ដីព្រាងច្បាប់ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ។
សេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មាន១២ជំពូក និង១៨២មាត្រា។ សេចក្ដីព្រាងច្បាប់នេះចែងអំពីការចុះបញ្ជីអត្រានុកូលដ្ឋាន, ស្ថិតិអត្រានុកូលដ្ឋាន, ការចុះបញ្ជីស្នាក់នៅ, ការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, ប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន, ការប្រើប្រាស់ទិន្នន័យ ការការពារឯកជនភាពបុគ្គល និងសន្តិសុខទិន្នន័យ, កម្រៃសេវា, ការត្រួតពិនិត្យ និងអធិការកិច្ច និងទោសប្បញ្ញាត្តិជាដើម៕