ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ របស់អជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

នារសៀលថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ របស់អជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងថាសន្និបាតនាពេលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ន សមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ គណៈកម្មការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ព្រមទាំងតំណាងអង្គការជាតិ និងអន្តរជាតិប្រមាណជាង២០០នាក់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានមានបន្តថានៅឆ្នាំ២០២២កន្លងទៅ ក្រុមឧក្រិដ្ឋជនបានផ្លាស់ប្ដូរវិធីសាស្រ្តថ្មីៗដើម្បីលួចលាក់ផលិតគ្រឿងញៀនខុសច្បាប់ ធ្វើបរិមាណគ្រឿងញៀនសំយោគដែលបង្ក្រាបបានមានការកើនឡើងពីមួយឆ្នាំៗទៅមួយឆ្នាំទាំងក្របខណ្ឌអន្តរជាតិ តំបន់ និងនៅកម្ពុជា ខណៈកម្ពុជានៅតែបន្តរងគ្រោះដោយសារការចរាចរណ៍ឆ្លងកាត់គ្រឿងញៀន ពិសេសករណីរក្សាទុក កែច្នៃ និងជួញដូរគ្រឿងញៀននៅតាមអគារខុនដូរ បុរីលំនៅដ្ឋាន ផ្ទះជួល ទីតាំងដីនិងឃ្លាំងជួល ដើម្បីដឹកទៅកាន់ប្រទេសនានា។

ឯកឧត្តម បានឱ្យដឹងថានៅឆ្នាំ២០២២កន្លងទៅ សមត្ថកិច្ចបានស្រាវជ្រាវ និងរឹបអូសគ្រឿងញៀនបានជាង១៤តោន កើនជាង៣០០ភាគរយធៀបនឹងឆ្នាំ២០២១ ដែលជាទំហំមួយច្រើនលើសលុបគួរឱ្យព្រួយបារម្ភ ខណៈអ្នកប្រើប្រាស់គ្រឿងញៀនមានជាង២ម៉ឺន២ពាន់នាក់ កើនជាង៥ពាន់នាក់ ធៀបនឹងឆ្នាំ២០២១។ ឯកឧត្តម បន្តថានៅឆ្នាំ២០២២ សមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀនបាន ៦ ៣៩០ករណី ឃាត់ខ្លួនជនសង្ស័យ ១៥ ០០២នាក់ ក្នុងនោះករណីធំៗមាន១៧៩ករណី ភាគច្រើនជាការបង្ក្រាបសារធាតិគីមីផ្សំ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់នៃក្រសួង-ស្ថាប័ន សមាជិក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្ត្រី រាជការ កងកម្លាំង នៃរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិលមនុស្សធម៌-សប្បុរសធម៌ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ វិស័យសាសនា និងវិស័យឯកជន ទាំងអស់ ដែលបានចូលរួម និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី ភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រហូតសម្រេចបានសមិទ្ធផល នានាជាច្រើនក្នុងឆ្នាំ២០២២ កន្លងមកនេះ។

ជាមួយនឹងការថ្លែងកោតសរសើរនេះ សម្ដេច ក៏បានកត់សម្គាល់ចំពោះសមិទ្ធផលសំខាន់ៗ រួមមានទាំងការងារផ្សព្វផ្សាយអប់រំ, ការងារអនុវត្តច្បាប់ ការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន, ការពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសក្នុងតំបន់ និងអន្តរជាតិ ការរៀប ចំ បង្កើត ភូមិ ឃុំ/សង្កាត់ ស គ្មានគ្រឿងញៀននៅតាមតំបន់ព្រំដែន ព្រមទាំងការររៀបចំ គោលនយោបាយនិងឯកសារគតិយុត្តិជាច្រើនទៀតដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដែលជាសកម្មភាពស្នូលដ៏សំខាន់ ពិសេសយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ របស់រាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទៀតថាក្នុងឆ្នាំ២០២២ កន្លងទៅ ទោះបីកម្ពុជា ក៏ដូជាបណ្តាប្រទេសនានាក្នុងតំបន់ បានខិតខំប្រឹងប្រែងយក ចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់យ៉ាងណាក្ដី ក៏ស្ថានភាពគ្រឿងញៀន ទាំងក្នុងក្របខ័ណ្ឌអន្តរជាតិ និងតំបន់នៅតែមានការវិវត្តប្រែប្រួលក្នុងរូបភាពស្មុគស្មាញ និងគ្រោះថ្នាក់បំផុតគួរឱ្យព្រួយបារម្ភ ព្រោះក្រុមឧក្រិដ្ឋជន បានធ្វើការផ្លាស់ប្ដូររូបភាព កលល្បិច វិធីសាស្ត្រថ្មីៗ ក្នុងការលួចលាក់ផលិតគ្រឿងញៀនខុសច្បាប់ ធ្វើឱ្យបរិមាណគ្រឿងញៀនសំយោគ ដែលបង្ក្រាបបានមានការកើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ទាំងក្នុងក្របខណ្ឌអន្តរជាតិ តំបន់ទាំងមូល រួមទាំងប្រទេសកម្ពុជាយើងផងដែរ។

សម្ដេច បានសន្និដ្ឋានថាទាំងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ កម្ពុជានៅបន្តរងគ្រោះពីការចរាចរគ្រឿងញៀន ឆ្លងកាត់ទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍ ពិសេសករណី រក្សាទុកកែច្នៃផលិត និងជួញដូរគ្រឿងញៀននៅក្នុងប្រទេស ក្នុងនោះករណីកថ្ល ផលិតគ្រឿងញៀនប្រភេទកេតាមីន ករណីរក្សាទុក និងជួញដូរគ្រឿងញៀន ដែលកើត មានឡើងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តមួយចំនួន និងមួយចំនួនទៀតតែងកើតមានឡើងជាបន្តបន្ទាប់នៅតាមអគារខុនដូរបុរី លំនៅដ្ឋាន ផ្ទះជួល និងទីតាំងដី ឃ្លាំងជួល និងការវេចខ្ចប់គ្រឿងញៀនក្នុងគោលបំណងនាំចេញទៅក្រៅប្រទេសតាមច្រកព្រំដែនកម្ពុជា-វៀតណាម និងការដឹកជញ្ជូន ចេញតាមច្រកសមុទ្រកម្ពុជាក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង។

ពីវេទិការអធិបតីនោះ សម្ដេចក្រឡាហោម ស ខេង បានរំលឹក និងជំរុញអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនយកចិត្តទុកដាក់ពិនិត្យ និងចាត់ចែងឱ្យមានប្រសិទ្ធភាព ចំពោះប្រសាសន៍ណែនាំដ៏ ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និង ទិសដៅឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅដែលសម្តេចបានលើកទឹកចិត្តដល់ អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃ គូ អភិវឌ្ឍន៍នានាធ្វើការសិក្សាឡើងវិញអំពីក្របខណ្ឌច្បាប់ និងគោលការណ៍វិ ធានការនានាក្នុងការបង្ការទប់ស្កាត់ការលួចកែច្នៃផលិត ការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ និងការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនខុសច្បាប់ទាំងក្នុងពេល ចំពោះមុខ និងសម្រាប់រយៈពេលមធ្យម ទៅរយៈ ពេលវែង។

សម្ដេចបានស្នើគ្រប់ក្រសួង-ស្ថាប័ន អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេស គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកអនុវត្ត សកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យបានម៉ឺងម៉ាត់ និងកាន់តែខ្លាំងក្លាថែម ទៀត ស្របតាមផែនការគោលនយោបាយយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ហើយស្ថាប័ន-អង្គភាព ដែលមានមន្ត្រីបម្រើការងារនៅតាមខ្សែបន្ទាត់ព្រំដែន និងខេត្តជាប់ព្រំដែន ត្រូវបន្ត យកចិត្តទុកដាក់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបការ ចរាចរ ការជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់ឆ្លងកាត់ព្រំដែនឲ្យមាន ប្រសិទ្ធភាពខ្ពស់។

ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចក៏បានណែនាំដល់ ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសុខាភិបាល ត្រូវពង្រឹងនិងបង្កើនការ ត្រួតពិនិត្យរាល់សកម្មភាពនាំចូល និងប្រើប្រាស់សារធាតុគីមី និងសារធាតុគីមីផ្សំ គ្រឿងញៀន នៅតាមបណ្តាក្រុមហ៊ុនរោងចក្រ ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ យន្តការខ្សែបណ្ដោយថ្នាក់ក្រោមជាតិ ធ្វើជាសេនាធិការក្នុងការតាមដាន និងត្រួត ពិនិត្យបន្តលើការប្រើប្រាស់សារធាតុគីមីផ្សំ ហើយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្ត ត្រូវដឹកនាំជំរុញ និងលើកកម្ពស់ ប្រសិទ្ធភាព ការអនុវត្តគោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព គោលនយោបាយភូមិ ឃុំ/ សង្កាត់ ស គ្មានគ្រឿងញៀន និងត្រូវចាត់តាំងចូលរួមអនុវត្តកម្មវិធីព័ត៌មានទាន់ហេតុការណ៍ ដែលជាកម្មវិធីរបស់ក្រសួងមហាផ្ទៃជាមួយវិទ្យុ អេហ្វអឹម ១០២ ឱ្យបានជាប្រចាំន និងមានប្រសិទ្ធភាព។

សម្ដេច ក៏បានណែនាំក្រសួង ស្ថាប័ន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសក្រសួងយុត្តិធម៌ សម្របសម្រួលជាមួយស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ ដើម្បីពន្លឿនការជំនុំជំរះក្តី នៃបទល្មើសគ្រឿងញៀនឲ្យបានឆាប់រហ័ស និងបន្តពន្លាតដែនសមត្ថកិច្ចស្រាវជ្រាវ លើបទល្មើសគ្រឿងញៀនណាដែលសង្ស័យថាមានពាក់ព័ន្ធនឹងការសម្អាតប្រាក់ ដើម្បី ធ្វើការដកហូតបានទាន់ពេលវេលានូវទ្រព្យសម្បត្តិ ដែលបានមកពីផលនៃការប្រព្រឹត្តិ បទល្មើស និងបង្ហាញពីឆន្ទៈ កិច្ចសហប្រតិបត្តិការ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ ចូលរួមស៊ើបអង្កេតស្រាវជ្រាវប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញ ប្បទានគាំទដល់ការរីកសាយភាយអាវុធមហាប្រល័យនៅក្នុងក្របខណ្ឌសកលលោក ហើយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសម្របសម្រួលជាមួយក្រសួង- សា្ថប័នជំនាញមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពន្លឿនការធ្វើវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ដើម្បីអនុវត្តទិសដៅការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ ២០២៣ ក៏ដូចជាការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាល កាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរខ្លាំង ឡើងថែមទៀតនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក៏បានអំពាវសប្បុរសជន អង្គការ សមាគម វិស័យឯកជន និងដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ សូមចូលរួម និងផ្ដល់ការគាំទ្រតាមគ្រប់លទ្ធភាពជា មធ្យោបាយ សម្ភារៈ បច្ចេកទេស និងថវិកា ដើម្បីឱ្យការដោះស្រាយ បញ្ហា គ្រឿងញៀននៅ កម្ពុជា កាន់តែមាន ប្រសិទ្ធភាព ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ និងសូមពុកម៉ែបងប្អូន កូនក្មួយ សិស្សានុសិស្ស ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការ និងគាំទ្រដល់សកម្មភាព ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមគ្រប់រូបភាព គ្រប់ពេលវេលា សម្រាប់មូលដ្ឋាន និងសង្គមរបស់យើង មានសុខសុវត្ថិភាព និងការអភិវឌ្ឍន៍។

ជាមួយគ្នានេះ ដើម្បីជំរុញប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និង កាត់បន្ថយបាននូវភាពស្មុគស្មាញ ឬឧបសគ្គនៃការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រី អនុវត្តច្បាប់គ្រឿងញៀន សម្ដេចក៏បានអំពាវនាវដល់គ្រប់ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមផ្សព្វផ្សាយ ណែនាំ បន្ត និងអនុវត្តទិសស្លោករបស់រាជរដ្ឋាភិបាល ៣កុំ ១រាយការណ៍ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ ផ្តល់ព័ត៌មានដល់សមត្ថកិច្ចគ្រប់ករណីបទល្មើសគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង