សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តទឹកជុំមានជ័យ (វត្តកោះចារ)
នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តទឹកជុំមានជ័យ (វត្តកោះចារ) ស្ថិតនៅភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
លោក ទេព ផន អភិបាលនៃគណៈអភិបាលស្រុកមោងឫស្សី បានធ្វើរបាយការណ៍ថា វត្តទឹកជុំមានជ័យ (វត្តកោះចារ) ធ្លាប់ត្រូវបានបង្កើតឡើងដោយបុព្វការីជនក្នុងភូមិកាលពីសង្គមមុនម្ដងរួចមកហើយ ប៉ុន្តែដោយសារសម័យសង្គ្រាម វត្តក៏បានក្លាយទីតាំងបន្ទាយទាហាន និងរងការបំផ្លិចបំផ្លាញ និងថាព្រោះហេតុដូច្នេះហើយ ទើបនៅឆ្នាំ១៩៨៨ ព្រះសង្ឃ អាចារ្យគណៈកម្មការ និងពុទ្ធបរិស័ទបានសម្រេចបង្កើតវត្តថ្មី លើទីតាំងមួយកន្លែងទៀត។
លោកអភិបាលរម្លឹកថា នៅឆ្នាំ២០០៨ ជំនាន់ព្រះចៅអធិការព្រះនាម ឱម សុខុន វត្តទឹកជុំមានជ័យ បានចាប់ផ្ដើមកសាងព្រះវិហារ សាលាធម្មសភា កុដិ រោងបាយ រោងទទួលភ្ញៀវ ស្រះទឹក បូជនីយដ្ឋានដើមពោធិ៍ព្រឹក បង្គោលភ្លើង ព្រះពុទ្ធបដិមារ និងសមិទ្ធផលផ្សេងៗទៀត ប៉ុន្តែជាអកុសល ព្រះចៅអធិការបានសុគតនៅអំឡុងឆ្នាំ២០២១ ទើបព្រះចៅធិការថ្មីព្រះនាម នេត វង្ស បានបន្តដឹកនាំវត្តដោយកសាង ខ្លោងទ្វារ របង និងបង្ហើយការសាងសង់ព្រះវិហារនៅឆ្នាំ២០២៣នេះ បន្ទាប់ពីសាងសង់អស់រយៈពេល១៧ឆ្នាំ។
លោក ទេព ផន បានគូសបញ្ជាក់ថា សមិទ្ធផលដែលប្រារព្ធពិធីបញ្ចុះខណ្ឌសីមារ និងសម្ពោធដាក់ឱ្យប្រើប្រាស់នាឱកាសនេះ បាមចំណាយថវិកាសាងសង់អស់ជាង ៣៥ ម៉ឺនដុល្លារអាមេរិក ដោយថវិកាទាំងអស់នោះបានមកពីការជួយឧបត្ថម្ភគាំទ្រពីសំណាក់ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកមោងឫស្សី សប្បុរសជនក្នុង និងក្រៅប្រទេស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទមកពីទីជិតឆ្ងាយ។
អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ក្រុមការងាររាជរដ្ឋាភិបាល និងដោយឡែកក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកមោងឫស្សី ខេត្តបាត់ដំបង និងសប្បុរសជនដែលបានបរិច្ចាគនូវធនធានជាច្រើនក្នុងការចូលរួមអភិវឌ្ឍន៍វិស័យពុទ្ធសាសនា និងវិស័យផ្សេងៗជាច្រើនទៀតក្នុងមូលដ្ឋានខេត្តបាត់ដំបង ពិសេសការកសាងសមិទ្ធផលដែលសម្ពោធនាថ្ងៃនេះ។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីគណបក្សប្រជាជនកម្ពុជារក្សាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថេរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញដំណើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗ ប្រកបដោយមោទនភាព ទោះបីជាយើងត្រូវជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍នយោបាយ សេដ្ឋកិច្ចអន្តរ ជាតិ និងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ក្ដី ប៉ុន្តែបានលើកតម្កើង និងរក្សាកិត្យានុភាព កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ជាតិនៅលើឆាកអន្តរជាតិ តាមរយៈតួនាទីជាប្រធានដឹកនាំសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាប្រកបដោយជោគជ័យ។
សម្ដេចឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា សមិទ្ធផលទាំងអស់ដែលប្រទេសជាតិសម្រេចបានរហូតមកទល់ពេលនេះ គឺពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញយ៉ាងត្រឹមត្រូវនូវកម្មវិធីនយោបាយ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្ម វិធីនានាជាមួយការចាត់តាំងអនុវត្ត ដោយមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស។
សម្ដេចឧបនាយករដ្ឋមន្ត្រី បានរម្លឹកថា យើងទាំងអស់គ្នាបានដឹងហើយថាក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សេរីភាពសម្រាប់ជំនឿសាសនាត្រូវលុបបំបាត់ចោលទាំងស្រុង។ រយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ វត្តអារាម និងវិហារសាសនាផ្សេងៗ ព្រមទាំងសមិទ្ធផលនានា បំរើឱ្យសាសនិកនៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ស្តារឡើងវិញពីចំណុចសូន្យ ហើយបច្ចុប្បន្ននេះមានភាពរីកចម្រើនគួរជាទីមោទនៈ ។
សម្ដេចបានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលក៏បានពង្រឹងសុខដុមនីយកម្ម រវាងសាសនិកនៃគ្រប់សាសនា ប្រឆាំងការរើសអើង ប្រឆាំងការបែងចែកក្នុងចំណោមប្រជាពលរដ្ឋដែលកាន់សាសនាខុសគ្នា សំដៅប្រែក្លាយសក្តានុពលនៃសាសនាទាំងអស់ ឱ្យក្លាយជាកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ លើកតម្កើងសីលធម៌ និងរាំងស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម។
ផ្អែកលើមូលដ្ឋាននេះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ណែនាំអាជ្ញាធរមានសមត្ថកិច្ច កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ រួមគ្នាការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ព្រោះថា មានសន្តិភាព ទើបមានការអភិវឌ្ឍ និងមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ សម្ដេចក៏ជំរុញអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវជំរុញអប់រំផ្សព្វផ្សាយលើកកម្ពស់ការអនុវត្តច្បាប់ ដើរទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ជាប់ជាប្រចាំ ហើយទន្ទឹមនេះអាជ្ញាធរមូលដ្ឋានត្រូវខិតខំរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ តាមទីក្រុង ទីប្រជុំជននានា ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍។
ពីវេទិកាអធិបតីនោះដែរ សម្ដេចបានអំពាវនាវអង្គពិធី រួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើ គ្រប់វិស័យជាបន្តទៀត។
ជាមួយគ្នានេះ សម្ដេចបានណែនាំជាថ្មីទៀតឱ្យអាជ្ញាធរ ជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទ ល្មើសនានានៅមូលដ្ឋាន ពិសេសសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់គ្រឿង ញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសនានានៅមូលដ្ឋានទូទាំងខេត្ត។
អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៃខេត្តបាត់ដំបង ត្រូវបន្តខិតខំរួមគ្នាជំរុញអនុវត្តឲ្យសកម្មផុលផុសជាប់ជាប្រចាំនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយត្រូវលើកកម្ពស់ការអនុវត្តវិធានការ បីកុំ មួយរាយការណ៍ - កុំពាក់ព័ន្ធ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។ កុំអន្តរាគមន៍៖ កុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិក៏ដោយ។ កុំលើកលែង៖ បន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់។ មួយរាយការណ៍៖ ត្រូវរាយការណ៍ផ្ដល់ព័ត៌មានដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ទីតាំងកែច្នៃ ផលិត និងទីតាំងស្តុកទុកគ្រឿងញៀន។
សម្ដេចក៏បានស្នើអាជ្ញាធរមានសមត្តកិច្ច និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស ដោយសហការយ៉ាងមានប្រសិទ្ធភាពជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ហើយត្រូវបន្តខិតខំពង្រឹងកម្លាំងប្រជាការពារឲ្យមានចំនួនសមស្របតាម ភូមិសាស្ត្រ និងប្រជាសាស្ត្រនៃមូលដ្ឋាននីមួយៗ ដោយត្រូវបំផុសលើកទឹកចិត្ត ប្រជាពលរដ្ឋឲ្យចូលរួមក្នុងចលនាប្រជាការពារ និងបំផុសចលនាឲ្យមានការចូលរួម ជួយឧបត្ថម្ភគាំទ្រទាំងខាងមធ្យោបាយ សម្ភារៈ ថវិកា និងការគាំទ្រខាងស្មារតីដល់ ប្រជាការពារនៅគ្រប់មូលដ្ឋានឲ្យមាននិរន្តភាព។
នាឱកាសនោះដែរ សម្ដេចក៏បានទទូចឱ្យបង្កើនការអប់រំប្រជាពលរដ្ឋឲ្យចូលរួមបង្ការគ្រោះថ្នាក់នានាក្នុង សង្គម ជាពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់អគ្គិភ័យមកលើផ្ទះសម្បែង ផ្សារ និងមូលដ្ឋានអាជីវកម្ម ផលិតកម្មនានា។ ចំណែកអាជ្ញាធរមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យប្រព័ន្ធការពារអគ្គិភ័យនៅតាមអគារសំណង់នានាឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសកំណត់ ព្រមទាំងបង្កើន ការបំផុសអប់រំប្រជាជនឲ្យចូលរួមការពារភ្លើងឆេះព្រៃនៅតាមមូលដ្ឋានរៀងៗខ្លួន ហើយត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការអប់រំ និងណែនាំដល់ប្រជាពលរដ្ឋពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញអោយទៅចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតឡើងវិញក្នុងសហគមន៍៕