សម្ដេចក្រឡាហោម ស ខេង អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ វ៉ាត់តៃ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នាយប់ថ្ងៃសៅរ៍ ១២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ វ៉ាត់តៃ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយសុវត្ថិភាព។
ការអញ្ជើញដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ របស់សម្ដេចក្រឡាហោម ស ខេង និងគណៈប្រតិភូកម្ពុជា នាឱកាសនោះ ត្រូវបានទទួលគាវរកិច្ចស្វាគមន៍ ដោយឧត្តមសេនីយ៍ឯក គុងថន ភុងភិជីត អនុរដ្ឋមន្ត្រី នៃក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជាន់ខ្ពស់ នៃក្រសួងសន្តិសុខសាធារណៈ និងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
សេចក្ដីប្រកាសព័ត៌មានក្រសួងមហាផ្ទៃ បានឱ្យដឹងថា ទស្សនកិច្ចការងាររបស់សម្ដេចក្រឡាហោម និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្រសួងមហាផ្ទៃគូសបញ្ជាក់ថា ទស្សនកិច្ចនេះជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយសម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងចុះហត្ថលេខាកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ សម្រាប់អនុវត្តបន្តក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរ៕