សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាគណៈអធិបតី ពិធីទទួលវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ
នាព្រឹកថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាគណៈអធិបតី ពិធីទទួលវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នៃទីស្ដីការនាយករដ្ឋមន្ត្រី។
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរាយការណ៍ជូនសម្ដេច និងអង្គពិធីថាវត្ថុបុរាណដែលទទួលបានមកវិញនេះជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន និងជាព្រលឹងដូចតាខ្មែរជាច្រើនជំនាន់ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់ទៅក្រៅប្រទេស នៅក្នុងអំឡុងនៃសង្រ្គាមស៊ីវិលរ៉ាំរ៉ៃ និងអសន្តិសុខ ដែលបានកើតឡើងនៅកម្ពុជានាពេលកន្លងទៅនេះ។
លោកជំទាវបន្តថា សន្តិភាពដែលកើតចេញពីនយោបាយ ឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានផ្តល់ឱកាសមាស អនុញ្ញាតឱ្យកម្ពុជាអាចនាំយកនូវព្រលឹងដូនតា និងរតនសម្បត្តិដ៏មានតម្លៃនានាដែលបានបាត់បង់ ត្រឡប់មកមាតុភូមិ កំណើតវិញជាបន្តបន្ទាប់ដែលជាមង្គលនិងម្លប់ចំពោះប្រជាជាតិ និងប្រជាជនកម្ពុជា។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៅកាន់អង្គពិធីថា ថ្ងៃនេះ សម្តេចពិតជារីករាយបានទទួលនូវវត្ថុបុរាណខ្មែរ ដែលទទួលបានពីបរទេសមកវិញ ដែលបានបាត់ពីកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ សម្តេចតេជោបានស្វាគមន៍ដោយក្តីសោមនស្សរីករាយចំពោះការវិលត្រឡប់នៃព្រលឹងដូនតាខ្មែរមកវិញនាពេលនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលនាំឱ្យកម្ពុជាទទួលបាននូវព្រលឹងវប្បធម៌ដូនតាខ្មែរត្រឡប់វិញ។ សុខសន្តិភាពបានធ្វើឱ្យគ្រួសារអាទិទេព ព្រះឥសូរ ព្រះស្កន្ធ និងព្រះគណេស បានវិលជួបគ្នាវិញ ក្រោយបែកគ្នាប្រមាណ៤ទសវត្សរ៍កន្លងមក។
សម្តេចតេជោ ហ៊ុន សែន បានក៏អំពាវនាវផងដែរដល់អ្នកដែលកំពុងកាន់កាប់រតនវត្ថុរបស់ខ្មែរមួយចំនួនទៀត សូមប្រគល់មកឱ្យខ្មែរវិញ។ សម្តេចតេជោបន្តថា កម្ពុជាកំពុងធ្វើសមាហរណកម្មខ្លួនយ៉ាងរហ័សក្នុងតំបន់ និងអន្តរជាតិ ហើយកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ។
សម្ដេចចាត់ទុក ពិធីទទួលវត្ថុបុរាណត្រឡប់មកកម្ពុជាវិញនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍មានអត្ថន័យដ៏ឧត្តុង្គឧត្តម មិនមែនសម្រាប់តែប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមពិតប្រាកដនៃសម្បត្តិវប្បធម៌នោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិនៅក្នុងយុទ្ធនាការសកលប្រយុទ្ធទប់ស្កាត់អំពើចោរកម្ម ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូលទៀតផង។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បាន ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធរសហរដ្ឋអាមេរិក ចំពោះការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការទប់ស្កាត់ និងបញ្ជូនត្រឡប់មកវិញ នូវសម្បត្តិវប្បធម៌របស់ខ្មែរ និងសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស សមត្ថកិច្ចពាក់ព័ន្ធ និងស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា ដែលថ្មីៗនេះបានសហការដ៏ល្អប្រសើរ និងជួយសម្របសម្រួលក្នុងការបញ្ជូនរូបចម្លាក់ និងគ្រឿងអលង្ការ បុរាណខ្មែរត្រឡប់មកកម្ពុជាវិញ។
សូមបញ្ជាក់ថា ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរដែលទទួលបានមកវិញនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញ សាសនា និងពុទ្ធសាសនា ព្រមទាំងគ្រឿងអលង្ការបុរាណ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមា ថ្មធំៗដូចជាព្រះឥសូរនិងព្រះស្កន្ទ, ព្រះស្កន្ទគង់លើលោក និងព្រះគណេស ដែលមានប្រភពដើមមកពីរមណីយ ដ្ឋានប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០នៃគ.ស. ដែលធ្លាប់ជាគោលដៅនៃការ លួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំនៅក្នុងអំឡុងនៃសម័យសង្គ្រាមស៊ីវិល និងអសន្តិសុខក្នុងស្រុក៕