ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតី ពិធីអបអរសាទរ ទិវាអន្តរជាតិនារី៨មីនា

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតី ពិធីអបអរសាទរ ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ‌‌ «លើកកំពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» នៅទីស្ដីការក្រសួងមហាផ្ទៃ ។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនានេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ បុគ្គលិក និងនគរបាលជាស្រ្តី មកពីតាមបណ្ដាស្ថាប័ននានា ចំណុះឲ្យក្រសួងមហាផ្ទៃជាច្រើនរូប ។

ជាកិច្ចចាប់ផ្ដើមនៃពិធីអបអរសាទរនេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានអញ្ជើញឡើងថ្លែងរបាយការណ៍ ស្ដីអំពី លទ្ធផលនៃការងារបញ្ច្រាបយេនឌ័រឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ ជូនសម្ដេចក្រឡាហោម និងអង្គពិធីទាំងមូល ។

របាយការណ៍បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៨ ក្រសួងមហាផ្ទៃមានមន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារសរុបចំនួន ១៣.២៤១នាក់ ក្នុងនោះមានមន្រ្តីជាស្រ្តី៣៣០០នាក់ ។ ចំណែកមន្រ្តីនគរបាលជាតិវិញ មានសរុបចំនួន ៥៨.១៨៣នាក់ ក្នុងនោះមាននគរបាលជាស្រ្តី ៤.៣២៩នាក់ ។

បន្ទាប់មក លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួង កិច្ចការនារី បានអញ្ជើញឡើងមានប្រសាសន៍ជូនសម្ដេចឧបនាយករដ្ឋមន្រ្តី និងអង្គពិធី អំពីគោលនយោបាយពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ពិសេសការបង្កើនសមាសភាពស្រ្តីឲ្យកាន់តួនាទី ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ។

នាឱកាសនេះដែរ លោកជំទាវរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងទាំងអស់ ដែលរួមគាំទ្រ និងអនុវត្តការងារលើកកម្ពស់សមភាពយេនឌ័រនេះ ប្រកបដោយវឌ្ឍនភាពជាបន្តបន្ទាប់ ។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសុន្ទរកថា និងមានមតិសំណេះសំណាលទៅកាន់អង្គពិធី ដោយសម្ដេច និងក្នុងនាមភរិយារបស់សម្ដេច បានសម្ដែងសេចក្ដីសោមនស្សរីករាយ ដែលបានអញ្ជើញជាអធិបតីពិធីអបអរសាទរទិវានារីអន្តរជាតិ៨មីនាឆ្នាំ២០១៩នេះ ។

ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រីយ៍ មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គ តែងយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ពិសេសពលរដ្ឋជាស្រ្តី ។

សម្ដេចឧបនាយករដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមការងារសមភាពយេនឌ័រក្រសួងមហាផ្ទៃ ដែលមានសមាសភាពមកពីគ្រប់អង្គភាពក្រោមឱវាទទីស្ដីការក្រសួង ទាំង១៣អង្គភាព ថ្នាក់ដឹកនាំ និងមន្រ្តីជានារីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាបំពេញភារកិច្ចក្នុងសកម្មភាពយេនឌ័រនៅគ្រប់កម្រិត ។

សម្ដេចឡាហោម បានសង្កេតឃើញថាក្រុមការងារបានខិតខំលើកទឹកចិត្ត និងគាំទ្រគ្នាទៅវិញទៅមក ព្រមទាំងជួយបង្កលក្ខណៈឲ្យនារីបង្កើនសមត្ថភាព មានភាពស្វាហាប់ក្នុងការបំពេញការងារ ដែលនាំឲ្យមន្រ្តីជានារីកាន់តែច្រើន ត្រូវបានតែងតាំង តម្លើងឋានៈ និងមានសមត្ថភាពកាន់តែប្រសើរក្នុងការដឹកនាំ ។

សម្ដេចបានថ្លែងលើកទឹកចិត្ត ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ បន្តប្រពៃណីធ្វើការងារប្រកប​ដោយ​ស្មារតីសាមគ្គីភាព ឯកភាពគ្នា មានការទទួលខុសត្រូវ មានវិន័យ សេចក្ដីថ្លៃថ្នូរ ចេះគោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក ដើម្បីធ្វើឲ្យសម្រេចគោលដៅរួមរបស់ក្រសួងមហាផ្ទៃ ពិសេសការធ្វើកំណេទម្រង់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

ជាមួយគ្នានេះ សម្ដេចក៏បានមានប្រសាសន៍លើកឡើងដែរ អំពីគោលនយោបាយានារបស់ រាជរដ្ឋាភិបាល ដែលបានដាក់បញ្ចូលនូវទស្សនៈបញ្ច្រាបយេនឌ័រ ជំរុញការើកកម្ពស់ជីវភាពស្រ្តី ទាំងវិស័យសាធារណៈ និងវិស័យឯកជន ហើយរាជរដ្ឋាភិបាល ក៏បានចាត់ទុកទាំងនារី និងបុរស គឺជាដៃគូក្នុងគ្រួសារ និងសង្គមជាតិ ។

សម្ដេចបានបន្តមានប្រសាសន៍ទាញចំណាប់អារម្មណ៍អង្គពិធីទាំងមូល ថារាជរដ្ឋាភិបាល កំពុងផ្ដោតការយកចិត្តទុកដាក់ជាពិសេស ចំពោះនារីគ្រប់សមាសភាពសង្គម ដូចជានារីជាកម្មការនី កសិករ ពាណិជ្ជករ សិប្បករ សេវាករ មន្រ្តីរាជការ តាមរយៈការដាក់ចេញគោលនយោបាយ និងវិធានការឆ្លើយតបដោយឡែកៗជាបន្តបន្ទាប់ ។

សម្ដេចបានគូសបញ្ជាក់ថា ជាក់ស្ដែងការផ្ដល់សេវាគាំពារសង្គម ដែលមានរបបពិសេសដោយឡែកសម្រាប់ស្រ្តីមានផ្ទៃពោះ ការលំហែមាតុភាព ការលើកម្ពស់ការទទួលបាននូវឋានៈ តួនាទីមុខតំណែង និងការផ្ដល់ឱកាសឲ្យស្រ្តីទទួលបានការបណ្ដុះបណ្ដាលជំនាញ បច្ចេកទេស សម្រាប់ការងារ និងមុខរបរជាដើម ។

សម្ដេចក៏បានបន្តមានប្រសាសន៍ដែរថានៅកម្ពុជា នារីក៏ទទួលបានសិទ្ធិក្នុងការឈរឈ្មោះ និងធ្វើជាតំណាងសហគមន៍ ឬក្រុមរបស់ខ្លួន នូវរាល់ការជ្រើសរើសតាមរយៈការប្រកួតប្រជែង ដោយបោះឆ្នោត និងដោយគ្មានការរើសអើងឡើយ ហើយគោលនយោបាយនេះ ក៏កំពុងទទួលបានការសាទរទាំងនៅក្នុងប្រទេស និងនៅលើពិភពលោក ។

ពាក់ព័ន្ធនឹងការងារសមភាពយេនឌ័រ សម្ដេចឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ជាបណ្ដើរ​ៗ នារីជាមន្រ្តីក្នុងវិស័យទាំង៣ ដែលចំណុះក្រសួងមាផ្ទៃ គឺកងកម្លាំងនគរបាល រដ្ឋបាលស៊ីវិល និងអង្គភាពពន្ធនាគារ តែងតែមានកំណើនក្នុងតួនាទីដឹកនាំគ្រប់កម្រិតរៀងរាល់អាណត្តិ និងក៏កំពុងបង្កើនបរិមាណស្រ្តី ដើម្បីបន្តវេនដឹកនាំទៅអនាគតដែរ ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ជាថ្មីទៀតនូវការប្ដេជ្ញាចិត្តក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីធ្វើឲ្យសម្រេចគោលដៅ ក្នុងផែនការយុទ្ធសាស្រ្តសមភាពយេនឌ័រ ដូចជាត្រូវលុបបំបាត់ឲ្យបានដាច់ខាត ការរើសអើងសមភាពយេនឌ័រ ឬនាំឲ្យលម្អៀងរវាងស្រ្តី និងបុរស ពិនិត្យលទ្ធភាពជ្រើសរើស និងតែងតាំងស្រ្តីក្នុងមុខតំណែងដឹកនាំអង្គភាព ។

បន្ថែមពីនេះ ក្រសួងក៏បានដាក់ការប្ដេជ្ញាចិត្ត ក្នុងការកំណត់សម្រេចឲ្យបានចំនួនស្រ្តី ៣០ភាគរយ ពីក្នុងចំណោមមន្រ្តីជ្រើសរើសថ្មី ការរឹតបន្តឹងវិន័យ និងក្រមសីលធម៌មន្រ្តីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការពង្រឹងសមត្ថភាពមន្រ្តី និងការណែនាំមន្រ្តីទាំងអស់ យកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីឲ្យបានល្អ ៕

អត្ថបទដែលជាប់ទាក់ទង