សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២៣ របស់បណ្ឌិត្យសភានគរបាលកម្ពុជា
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២៣ របស់បណ្ឌិត្យសភានគរបាលកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្នាក់ដឹកនាំ នៃបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើសេចក្តីរាយការណ៍គោរពជូន សម្តេចក្រឡាហោម និងអង្គប្រជុំអំពីដំណើរការនៃការរៀបចំផែនការសកម្មភាពឆ្នាំ២០២៣ របស់បណ្ឌិត្យសភានគរបាលកម្ពុជាថា ផែនការសកម្មភាពនេះស្របតាមផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងផែនការយុទ្ធសាស្រ្តបណ្តាឆ្នាំកន្លងទៅរបស់បណ្ឌិត្យសភានគរបាលកម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍បញ្ជាក់ថា ផែនការនេះរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារដឹកនាំ និងគ្រប់គ្រងលើកកម្ពស់សមត្ថភាព បណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យក្លាយជាស្ថាប័នដែលមានលក្ខណៈសម្បត្តិសមស្របតាមស្តង់ដាគុណភាព លើកកម្ពស់ គុណភាពការស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល។
ឯកឧត្តមសាស្ត្រាចារ្យ បន្តថាផែនការនេះ នឹងលើកកម្ពស់គុណភាព និងសមត្ថភាពវិជ្ជាជីវៈមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារឱ្យក្លាយជាកងកម្លាំងសហការ និងកម្លាំងស្នូល ដែលមានចំណេះដឹងជំនាញវិជ្ជាជីវៈពិតប្រាកដ គោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពប្រតិបត្តិច្បាប់ គោរពសិទ្ធិមនុស្ស មានស្មារតីទទួលខុសត្រូវលើការងារ ចេះប្រើប្រាស់ឧបករណ៍ និងសម្ភារៈបច្ចេកទេសទំនើប ព្រមទាំងបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិបានល្អប្រសើរ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាល និងមន្ដ្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងបំពេញភារៈកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន ទាក់ទងទៅនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការកសាងធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិជាឧត្តមប្រយោជន៍សម្រាប់ប្រទេសកម្ពុជា។
សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ក៏បានឯកភាពលើផែនការសកម្មភាពឆ្នាំ២០២៣របស់បណ្ឌិត្យសភានគរបាលកម្ពុជា និងបានមានមតិណែនាំបណ្ឌិត្យសភានគរបាលកម្ពុជាពាក់ព័ន្ធនឹងការងារសមភាពយេនឌ័រ ដោយបង្កើនសមាសភាពមន្ត្រីជាស្ត្រីយ៉ាងតិច២នាក់ នៅក្នុងអង្គភាពក្រោមចំណុះរបស់ខ្លួន ដោយសារតែមកដល់ពេលនេះសូម្បីតែអភិបាលរងខេត្ត ក៏ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានយ៉ាងតិច២នាក់ផងដែរ។
សម្តេចក្រឡាហោម ស ខេង ក៏បានបង្ហាញ ការជឿជាក់ទៅលើការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ ថាបណ្ឌិត្យសភានគរបាលកម្ពុជា អាចសម្រេចបានជោគជ័យ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការសកម្មភាពនេះ ជាពិសេសដើម្បីពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិគ្រប់កម្រិតទាំងនៅបណ្ឌិត្យសភានគរបាលកម្ពុជា និងនៅតាមសាលានគរបាលជាតិភូមិភាគ៕