សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ
នារសៀលថ្ងៃសុក្រ ៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ។
សន្និបាតរដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ ប្រធានក្រុមការងារថ្នាក់ជាតិ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងភ្ញៀវកិត្តិយសមួយចំនួនទៀត។
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធី ទន្ទឹមនឹងរួមចំណែកធ្វើឱ្យសម្រេចបានសមិទ្ធផលជាច្រើននៅឆ្នាំ២០២២ រាជធានីភ្នំពេញ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយបានក្លាយជាទីតាំងនៃកិច្ចប្រជុំកំពូលអាស៊ាន ក្នុងនោះទោះបីសភាពការណ៍តំបន់ និងពិភពលោកពោរពេញដោយបញ្ហាស្មុគស្មាញ និងមានភាពមិនច្បាស់លាស់យ៉ាងណាក្ដី ក៏រាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដោយជោគជ័យ ទន្ទឹមគ្នានឹងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ និងកិច្ចប្រជុំអន្តរជាតិជាច្រើនទៀត ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់។
ឯកឧត្តមបន្តថា សម្រាប់ឆ្នាំ២០២២ អង្គសន្និបាតបានវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ កងកម្លាំង និងបុគ្គលិក រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងសហការរួមគ្នាសម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារជាច្រើន ជាពិសេសក្នុងការស្តារសេដ្ឋកិច្ច និងសង្គមពីវិបត្តិជាសកលនៃជំងឺកូដ-១៥ ការទប់ទល់នឹងបញ្ហាប្រឈមបង្កឡើងដោយវិបត្តិសង្រ្គាមនៅអ៊ុយក្រែន និងការជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ដែលសម្រេចបានកំណើនក្នុងអត្រា ៥,២%។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថារាល់សមិទ្ធផលដែលសាលារាជធានីភ្នំពេញសម្រេចបាន និងរួមចំណែកធ្វើឱ្យសម្រេចបានជាមួយរាជរដ្ឋាភិបាលកម្ពុជាមកនេះ គឺជាការបង្ហាញអំពីតម្លៃនៃ «សន្តិភាព» និងអ្វីដែលជា «កម្ពុជាពិត» ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពោលគឺមានសន្តិភាព មានការអភិវឌ្ឍ។
ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០២២នោះដែរ រាល់សកម្មភាពប៉ុនប៉ងបង្កភាពចលាចលក្នុងសង្គម ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមគ្នាទប់ស្កាត់ និងបំផ្លាញឱ្យបរាជ័យជាបន្តបន្ទាប់ស្របតាមការចង្អុលបង្ហាញជាប្រចាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅគ្រប់ដំណាក់កាលទាំងអស់។
បន្ទាប់មក ឯកឧត្តមអភិបាលបានរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីអំពីសមាសភាពចូលរួមក្នុងសន្និបាត, កិច្ចដំណើរការសន្និបាត, លទ្ធផលនៃអង្គសន្និបាត ដែលផ្ដោតលើប្រធានបទសំខាន់ ៥ រួមមាន ការគ្រប់គ្រងសំណល់ផ្សេងៗក្រៅពីសំណល់រឹង និងសំរាម, ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, បទពិសោធន៍ល្អៗក្នុងការរៀបចំកិច្ចប្រជុំអន្តរជាតិធំៗ និងការត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២, គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការត្រៀមបង្ការ និងគ្រោះមហន្តរាយ និងវឌ្ឍនភាពនៃការផ្ដល់បណ្ណក្រីក្រ និងបណ្ណសមធម៌នៅរាជធានីភ្នំពេញ។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ ដែលបានសហការគ្នាបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ សម្រេចបាននូវសមិទ្ធផលនានាជាច្រើនក្នុងឆ្នាំ២០២២កន្លងទៅនេះ។ សម្ដេចបានចាត់ទុកស្នាដៃ និងសមិទ្ធផលដែលរដ្ឋបាលរាជធានីភ្នំពេញខិតខំសម្រេចបាន គឺពិតជាបានចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងខិតខំថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានគ្រប់គ្រងឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលានូវជំងឺឆ្លងរាតត្បាតជាសកលជំងឺកូវីដ-១៩ ព្រមជាមួយការដាក់ចេញនូវវិធានការដ៏មុតស្រួច ដើម្បីស្តារផលប៉ះពាល់នានាមកលើសេដ្ឋកិច្ច សង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បណ្តាលមកពីជំងឺឆ្លងដ៏កាចសាហាវនេះ, គ្រោះជំនន់ទឹកភ្លៀង និងវិបត្តិនានាជាសកលធ្វើឱ្យសេដ្ឋជាតិស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងអត្រាកំណើនប្រមាណ ៥,២% ក្នុងឆ្នាំ២០២២ និងព្យាករណ៍ថា នឹងមានកំណើនក្នុងរង្វង់ប្រមាណ ៥,៦% ក្នុងឆ្នាំ២០២៣នេះ។
សម្ដេចបន្តថា ទន្ទឹមនេះ ក្នុងឆ្នាំ២០២២ កម្ពុជាក៏សម្រេចបានការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ស្របតាមអាណត្តិកំណត់ប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពយ៉ាងល្អប្រសើរ ដោយគ្មានអំពើហឹង្សា និងគ្មានការគំរាមកំហែងនានា សំដៅបន្តជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សឱ្យមានការរីកចម្រើនប្រកបដោយនិរន្តភាព និងបានសម្រេចដោយជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏សម្រេចបានដោយជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអភិបាលក្រុងអាស៊ានផងដែរ។
សម្ដេចក្រឡាហោម បានកត់សម្គាល់អំពីបញ្ហាប្រឈមដែលនៅសេសសល់ រួមទាំងកិច្ចការសំខាន់ៗនានាជាច្រើនទៀត ដែលយើងត្រូវបន្តពុះពារអនុវត្តឱ្យបានល្អក្នុងឆ្នាំ២០២៣នេះ ពិសេសការធានាឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ យុត្តិធម៌ មានសុវត្ថិភាព និងការទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឱ្យទទួលបានជោគជ័យ និងមានសុវត្ថិភាព។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ សម្ដេចបានឯកភាព និងគាំទ្រនូវទិសដៅការងារឆ្នាំ២០២៣ ដែលបានពិភាក្សាឯកភាពគ្នាក្នុងសន្និបាតនេះ និងសូមធ្វើការណែនាំនូវកិច្ចការសំខាន់ៗដែលរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ ត្រូវខិតខំរួមគ្នាសម្រេចឱ្យបាននៅក្នុងឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម, ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និងឆ្លាតវៃ។
សម្ដេចបានទាញចំណាប់អារម្មណ៍ថា រាជធានីភ្នំពេញដែលជាប៉ូលសេដ្ឋកិច្ចដ៏ចម្បងរបស់ជាតិ បាននិងកំពុងទាក់ទាញការវិនិយោគពីបរទេស និងក្នុងស្រុកដើម្បីអភិវឌ្ឍវិស័យដីធ្លី អចលនទ្រព្យ និងផលិតកម្ម សេវាកម្មនានា ដែលធ្វើឱ្យសន្ទុះនៃការអភិវឌ្ឍទីក្រុងមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់នានាបណ្តាលមកពីការប្រែប្រួលនៃសភាពការណ៍ពិភពលោកក៏ដោយ។ ស្របពេលជាមួយការអភិវឌ្ឍរីកចម្រើនយ៉ាងលឿនរហ័សទាំងនេះ យើងក៏បានកត់សម្គាល់នូវបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធគុណភាពបរិស្ថាន បញ្ហាអនាម័យ សោភ័ណភាពទីក្រុង និងបញ្ហាកកស្ទះចរាចរណ៍ជាដើម ។ល។
សម្ដេចបានណែនាំការអភិវឌ្ឍទីក្រុង រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ សង្កាត់ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រងសំណង់, បញ្ហាបរិស្ថាន ការគ្រប់គ្រងសំរាម សំណល់រឹង និងរាវ, ការងារទីក្រុងវៃឆ្លាត (Smart City)។
សម្ដេចក៏បានជំរុញលើកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យបន្តសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងកៀរគរដៃគូនានារួមទាំងវិស័យឯកជនក្នុងការចូលរួមអនុវត្តនូវផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្តីពីទីក្រុងវៃឆ្លាត និងមានចីរភាព (២០២២-២០៣០) ដោយត្រូវខិតខំធ្វើការបណ្តុះបណ្តាលមន្រ្តីជំនាញឱ្យមានសមត្ថភាពក្នុងការអនុវត្តនូវកិច្ចការនេះ។ សម្ដេចក៏បានផ្ដល់អនុសាសន៍បន្ថែមពាក់ព័ន្ធនឹងការផ្តល់សេវាសាធារៈ និងការដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋ, ការពង្រឹងរបៀបរបបការងារ ដោយថ្នាក់ដឹកនាំគ្រប់ថ្នាក់នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាពឯកភាពផ្ទៃក្នុងឱ្យបានល្អ ក្នុងនោះប្រធានក្រុមប្រឹក្សា និងអភិបាលរាជធានីភ្នំពេញ ត្រូវធ្វើជាស្នូលក្នុងការពង្រឹងរបៀបរបបការងារ និងសាមគ្គីភាពក្នុងរដ្ឋបាលរបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។
សម្ដេចក៏បានណែនាំឱ្យពង្រឹងការគ្រប់គ្រងមន្រ្តីរាជការ បុគ្គលិកក្នុងការបំពេញការងារឱ្យបានត្រឹមត្រូវតាមពេលម៉ោងកំណត់ និងការលើកកម្ពស់ការទទួលខុសត្រូវរបស់មន្រ្តីម្នាក់ៗក្នុងការអនុវត្តតួនាទីភារកិច្ចដែលបានប្រគល់ជូន និងត្រូវពង្រឹងការងារតែងតាំង ការដំឡើងថ្នាក់ ឋានន្តរស័ក្តិដល់មន្រ្តីឱ្យបានត្រឹមត្រូវស្របតាមច្បាប់ គោលការណ៍ ណែនាំ បែបបទ និងនីតិវិធីដែលបានកំណត់។ ទន្ទឹមនេះ ត្រូវធ្វើការវិភាគមុខងារ ដើម្បីកំណត់ចំនួនបុគ្គលិកនៅតាមអង្គភាពនីមួយៗចំណុះរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌនានា ព្រមទាំងរៀបចំនិងដាក់ឱ្យអនុវត្តនូវប្រព័ន្ធវាយតម្លៃមន្រ្តីរាជការ បុគ្គលិកដោយផ្អែកលើសមិទ្ធកម្ម គុណភាពការងារ និងលក្ខខណ្ឌការងាររបស់បុគ្គលិកនីមួយៗ ៕