លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្ដាយមនុស្សធម៌ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំង ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញប្រគល់ម៉ូតូនិងជូនសិស្សនិទ្ទេស A និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារ
លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្ដាយមនុស្សធម៌ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំង ឯកឧត្តម ស សុខា និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង បានអញ្ជើញប្រគល់ម៉ូតូនិងជូនសិស្សនិទ្ទេស A និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ស សុខា បញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៤មក គឺមានរយៈពេលជិត១០ឆ្នាំហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្តើមធ្វើកំណែទម្រង់ទៅលើវិស័យអប់រំ ពិសេសការរឹតបន្តឹងការពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។ ឯកឧត្តមបន្តថា ជិត១០ឆ្នាំមកនេះ យើងបានឆ្លងកាត់នូវឧបសគ្គក៏ដូចជា បទពិសោធយ៉ាងច្រើនដែលជាមេរៀនដ៏ល្អ សម្រាប់អភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា បន្តទៀតដើម្បីឈានទៅបណ្តុះបណ្តាលធនធានមនុស្សពោរពេញដោយសមត្ថភាព ពិសេសអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសរីកចម្រើនដទៃទៀតនៅលើពិភពលោក។
ឯកឧត្តម ស សុខា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យអប់រំ ជាក់ស្ដែង សម្ដេចបានណែនាំឱ្យក្រសួងក្រសួងអប់រំ យុវជន និងកីឡា ត្រូវខិតខំកែលម្អសេវាអប់រំ និងកម្មវិធីអប់រំ ដើម្បីកសាងធនធានមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល ប្រកបដោយជំនាញ ក្នុងសតវត្សទី២១ ជាពិសេសការអប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានទាញការកត់សម្គាល់ថា ឆ្លងកាត់កំណែទម្រង់ជាបន្តបន្ទាប់ លទ្ធផលដែលយើងទទួលបាន គឺគុណភាពនៃវិស័យអប់រំនៅកម្ពុជា មានការផ្លាស់ប្តូរជាវិជ្ជមានគួរឲ្យមោទកៈ។ ជាក់ស្តែងសមត្ថភាពរបស់សិស្សនិស្សិតកម្ពុជាមានការកើនឡើងកាន់តែខ្ពស់ អាចប្រកួតប្រជែងរហូតដល់អាចដណ្តើមបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោកបានថែមទៀត។ នេះសបញ្ជាក់ឱ្យឃើញថា កំណែទម្រង់វិស័យអប់រំនៅកម្ពុជា បាននិងកំពុងតែដើរនៅលើផ្លូវត្រូវ បើទោះជាចុងក្រោយនេះ យើងបានរងផលប៉ះពាល់ដែលបង្កឡើងដោយសារវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩ ក្តី ។
ឯកឧត្តមបានគូសបញ្ជាក់ដែរថា លទ្ធផលដែលយើងទទួលបាននៅពេលនេះ គឺពិតជាពុំអាចកើតមាននោះឡើយ ប្រសិនបើមិនមានការចូលរួមសហការគ្នាពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជនទេនោះ ជាពិសេរឹតតែមិនអាចកើតមានទៅទៀត ប្រសិនបើប្រទេសជាតិរបស់យើង ពុំមានសុខសន្តិភាពក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នាពេលបច្ចុបន្ននេះ។
សូមបញ្ជាក់ថា ដើម្បីលើកទឹកចិត្ត និងបំផុសការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្ស សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អំណោយដល់សិស្សជាប់និទ្ទេស A ក្នុងខេត្តបាត់ដំបង ដោយសិស្សម្នាក់ទទួលបានម៉ូតូចំនួនមួយគ្រឿង និងមួកសុវត្ថិភាពចំនួន១។ ចំណែកប្រជាពលរដ្ឋជួបការខ្វះខាតក្នុងជីវភាពទាំង ៥០០គ្រួសារ ក្នុងក្រុងបាត់ដំបង ក្នុង១គ្រួសារទទួលបានអង្ករចំនួន៥០គីឡូក្រាម ទឹកត្រីចំនួន១យួរ ទឹកស៊ីអ៊ីវចំនួន១យួរ ត្រីខកំប៉ុងចំនួន១យួរ មីចំនួន ១កេស និងថវិកាចំនួន ៥០ ០០០រៀល៕