សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យមើលស្ថានភាពធ្វើស្រែចំការ និងកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវកសិករ និងដំណើរការអភិវឌ្ឍមូលដ្ឋានតាមបណ្ដាក្រុងស្រុកមួយចំនួនក្នុងខេត្តព្រៃវែង
ព្រៃវែង៖ ពេញមួយថ្ងៃពុធ ១កើត
ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមីនា
ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ពិនិត្យមើលស្ថានភាពធ្វើស្រែចំការ
និងកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវកសិករ
និងដំណើរការអភិវឌ្ឍមូលដ្ឋានតាមបណ្ដាក្រុងស្រុកមួយចំនួនក្នុងខេត្តព្រៃវែង។
ដំណើរអញ្ជើញចុះមកមូលដ្ឋានប្រជាពលរដ្ឋរបស់សម្ដេចឧបនាយករដ្ឋមន្រ្តីនាឱកាសនេះ
មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាប្រធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ
និងអង្គភាពពាក់ព័ន្ធចំណុះឲ្យរដ្ឋបាលខេត្តព្រៃវែង ជាច្រើនរូប។
ក្នុងដំណើរចុះមូលដ្ឋាននេះ សម្ដេចក្រឡាហោម ស ខេង
បានអញ្ជើញឆ្លៀតចូលសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ដោយសារការពុលនំបញ្ចុកចំនួន ៧២នាក់
ស្ថិតនៅភូមិថ្កោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលពួកគាត់ បាន
និងកំពុងសម្រាកព្យាបាលសុខភាព នៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច ។
បន្ទាប់ពីបានអញ្ជើញសួរសុខទុកប្រជាពលរដ្ឋរួចហើយសម្ដេចក្រឡាហោម ស ខេង
បានបន្តអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធប្រឡាយបូព៌ា
ដែលស្ថិតក្នុងស្រុកព្រះស្ដេច ប្រឡាយបូព៌ានេះ មានទទឹងមាត់លើ ១៣ម៉្រែត
និងបណ្តោយរហូតដល់ជាង២៥,០០០ម៉ែត្រ ។
នាឱកាសនោះដែរ សម្ដេចឧបនាយករដ្ឋមន្រ្តី បានបន្តចុះសួរសុខទុក្ខប្រជាកសិករនៅតាមបណ្ដាឃុំនៃស្រុកព្រះស្ដេចចំនួន៧ឃុំ
គឺឃុំល្វា, ឃុំជៃកំពក, ឃុំអង្គរាជ្យ, ឃុំសេនារាជឧត្តម,
ឃុំបន្ទាយចក្រី, ឃុំក្រាំស្វាយ និងឃុំរំចេក
។ ប្រជាកសិករក្មេងចាស់ស្រីប្រុសបានទទួលស្វាគមន៍សម្ដេចប្រកបដោយភាពរាក់ទាក់
និងគោរពស្រលាញ់។
ក្នុងដំណើរសួរសុខទុក្ខពលរដ្ឋប្រកបដោយភាពរីករាយ និងស្និតស្នាលនោះ
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញទៅដល់ស្ថានីយបូមទឹក ដែលដំណើរការដោយចរន្តអគ្គិសនី
ហើយមានវិសាលភាពបូមទឹកស្រោចស្រពផ្ទៃដី ស្រែកសិករជាង៧២៤០ហិកតា ក្នុង៧ឃុំ
ស្មើនឹង៤២ភូមិ ។
ដំណើរចុះទៅកាន់មូលដ្ឋានប្រជាពលរដ្ឋរបស់សម្ដេចក្រឡាហោម ស ខេង
ពេញមួយព្រឹកថ្ងៃទី៦ ខែមីនា បានបញ្ចប់នៅពេលសម្ដេច រួមទាំងថ្នាក់ដឹកនាំខេត្ត
បានបន្តអញ្ជើញទៅពិនិត្យស្ថានីយបូមទឹកមួយកន្លែងទៀត
គឺស្ថានីយបូមទឹកបញ្ចូលក្នុងប្រឡាយខ្សេរ
និងអញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅឃុំធាយ នៃស្រុកបាភ្នំ ។
បន្ទាប់មក គឺនៅរសៀលថ្ងៃដដែលនេះ សម្តេចក្រឡាហោម ស ខេង
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
បានបន្តអញ្ជើញពិនិត្យការដ្ឋានសាងសង់អគារដ្ឋបាលសាលាខេត្តព្រៃវែង
ដែលស្ថិតនៅក្នុងក្រុងព្រៃវែង ។
ចេញដំណើរពីក្រុងព្រៃវែង
សម្ដេចបានបន្តអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូតភ្ជាប់ពីឃុំមេសរប្រចាន់
ទៅកាន់ឃុំកំពង់ពពិល ស្រុកពារាំង និងមើលការសាងសង់ស្ពាន ពីឃុំមេសរប្រចាន់
ស្រុកពារាំង ខេត្តព្រៃវែង តភ្ជាប់ទៅឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
មានប្រវែង ៧២ម៉ែត្រ ទទឹង៥ម៉ែត្រ ។
នាឱកាសនោះដែរ សម្តេច
ក៏បានអញ្ជើញទៅពិនិត្យមើលការបូមទឹកសង្គ្រោះស្រូវប្រាំងចំនួន៣១១ ហិកតា
ជូនពលរដ្ឋជាប្រជាកសិករនៅចំណុចបឹងទ្រាំង ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង
ដែលមានម៉ាស៊ីនអន្តរាគមន៍ កំពុងដំណើរចំនួន២គ្រឿង ។
ជាចុងបញ្ចប់នៃដំណើរចុះមូលដ្ឋាននេះ សម្តេចក្រឡាហោម ស ខេង
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ និងជូនពរដល់
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត
រដ្ឋបាលខេត្តព្រៃវែង ព្រមទាំងសហការី ទាំងអស់ សូមមានសុខភាពល្អ
និងជ័យជំនះគ្រប់ភារកិច្ច ៕