សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣
នាព្រឹកថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ប្រារព្ធនៅក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកជំទាវ មឹន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរាយការណ៍អំពីលទ្ធផលនៃការត្រួតពិនិត្យរិតបន្តឹងការអនុវត្តច្បាប់ ដោយក្នុងរយៈពេល១ឆ្នាំបានត្រួតពិនិត្យយានយន្តសរុប ១ ១២១ ១៣៦គ្រឿង ក្នុងនោះម៉ូតូ៧៥ភាគរយ រកឃើញយានយន្តល្មើសនឹងពិន័យចំនួន ១៤២ ៨១៧គ្រឿង ក្នុងនោះទោចក្រយានយន្ត និងត្រីចក្រយានយន្តមានចំនួន ១១៥ ៨០១គ្រឿង។ ដោយឡែកមានរថយន្តល្មើសចំនួន ២៧ ០១៦គ្រឿង ក្នុងនោះរថយន្តធុនធ្ងន់មាន ៣ ៥៩២គ្រឿង។
លោកជំទាវឱ្យដឹងថា នៅក្នុងឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍សរុបកើតឡើង ២២ ៩៧៦ ករណី មានអ្នកស្លាប់ ១ ៧០៩នាក់ របួស ៤ ០២៦នាក់ ក្នុងនោះធ្ងន់ ២ ៥៧៩នាក់ ខណៈអ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ មាន២៧២នាក់ ខេត្តកណ្ដាល ១៥៧នាក់ ខេត្តកំពង់ចាម ១៣១នាក់។ មូលហេតុនៃគ្រោះថ្នាក់ គឺបើកបរលើសល្បឿន ៣៩ភាគរយ មិនគោរពសិទ្ធិអាទិភាព ២៤ភាគរយ មិនប្រកាន់ស្ដាំ ១១ភាគរយ វ៉ាជែង ១០ភាគរយ បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ៩ភាគ ស្រវឹង ៤ភាគរយ ងងុយ ១ភាគរយ។
លោកជំទាវអះអាងថា ករណីគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆ្នាំ២០២២នេះ បើធៀបនឹងឆ្នាំ២០២១ បានកើនឡើង៣០៦លើក ស្មើនឹង ១១ភាគរយ អ្នកស្លាប់កើន ២១២នាក់ ស្មើ១៤ភាគរយ របួសកើន ៤១១នាក់ ស្មើ១១ភាគរយ។ ប៉ុន្តែបើធៀបនឹងឆ្នាំ២០១៩ ដែលជាឆ្នាំមានគ្រោះថ្នាក់ចរាចរណ៍ច្រើនបំផុតនោះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានថយ ១ ១៤៥ លើក ស្មើ២៨ភាគរយ អ្នកស្លាប់បានថយចុះ ២៧២នាក់ ស្មើនឹង១៤ភាគរយ អ្នករបួសថយចុះ ២ ១១៥នាក់ ស្មើនឹង ៣៤ភាគរយ។
លោកជំទាវអគ្គលេខាធិការបន្តថា ជាការកត់សម្គាល់អ្នកជួបគ្រោះថ្នាក់ដោយការប្រើប្រាស់ម៉ូតូមាន ៤ ៤០៣នាក់ ស្មើនឹង៧៧ភាគរយ ក្នុងនោះមិនពាក់មួកសុវត្ថិភាព ៣ ០៥៤នាក់ ស្មើនឹង៦៩ភាគរយ ភាគច្រើនមិនពាក់ពេលយប់ ខណៈពេលយប់មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៥៧ភាគរយ បណ្ដាលឱ្យមនុស្សស្លាប់៥៧ភាគរយ របួស៥៤ភាគរយ ធៀបនឹងគ្រោះថ្នាក់ចរាចរណ៍សរុប។ ដោយឡែកករណីគ្រោះថ្នាក់រថយន្តដឹកកម្មករមាន១៣លើក ស្លាប់១នាក់ បួសជាង៣៧០នាក់។ បញ្ជូនករណីគ្រោះថ្នាក់ចរាចរណ៍ទៅតុលាការចំនួន ១ ០២៧ ករណី បានដោះស្រាយចប់១២១ករណី កំពុងអង្កេត៦៦៤ករណី និងបញ្ជូនជនល្មើសទៅតុលាការ ៣១៦នាក់។
ដោយឡែកសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿនរយៈពេល៣ខែ ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក៏ត្រូវបានរាយការណ៍ឱ្យដឹងក្នុងកិច្ចប្រជុំនេះដែរ ដែលបើតាមលោកជំទាវ មឹន មាណាវី ក្នុងរយៈពេលល៣ខែនោះ មានរថយន្តឆ្លងកាត់សរុបចំនួន ១ ០៥៤ ៩៦២គ្រឿង មានគ្រោះថ្នាក់កើតឡើង៣៨លើក ខូចខាតយានយន្ត៤៦គ្រឿង ប៉ុន្តែគ្មានអ្នករងគ្រោះបណ្ដាលឱ្យស្លាប់ និងរងរបួសធ្ងន់ធ្ងរនោះទេ។
នាឱកាសកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ នោះដែរ ក៏មានការឡើងថ្លែងចំណាប់អារម្មណ៍ ស្ដីអំពីស្ថានភាពជួសជុលថែទាំផ្លូវជនបទដោយតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ហើយបន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានអញ្ជើញថ្លែងចំណាប់អារម្មណ៍លើប្រធានបទសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការធ្វើចរាចរណ៍នៅកម្ពុជា។
ឯកឧត្តមបានស្នើកិច្ចប្រជុំពិចារណាតម្លើងកម្រិតល្បឿនសម្រាប់រថយន្តលើផ្លូវ ដែលត្រូវបានពង្រីកគន្លង និងបានផ្ដល់ព័ត៌មានជូនអង្គប្រជុំអំពីដំណើរការថែទាំផ្លូវថ្នល់ ការស្ថាបនា និងកែលម្អរគុណភាពផ្លូវ ការសិក្សាចប់សព្វគ្រប់នូវដំណើរការសាងសង់ស្ពានព្រែកប្រា-ចាក់អង្រែក្រោម ការសិក្សាផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ការសិក្សាគម្រោងជីកព្រែកពីទន្លេបាសាក់ទៅកាន់សមុទ្រ ដើម្បីសម្រួលការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងទស្សនាទានមួយចំនួនទៀត ពាក់ព័ន្ធនឹងការពង្រឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក។
អញ្ជើញមានប្រសាសន៍ក្នុងកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ចំណុះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ទាំងការពង្រឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធ ការកសាងជួសជុលកែលម្អផ្លូវ និងការបំពាក់សម្ភារៈធានាសុវត្ថិភាពចរាចរណ៍ជាដើម។
សម្ដេចបានមានប្រសាសន៍ថា នៅឆ្នាំ២០២២កន្លងទៅ ការធ្វើចរាចរណ៍បានបើកដំណើរការពេញលេញទូទាំងប្រទេស ធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍កើនឡើងបើធៀបនឹងឆ្នាំ២០២១ ដែលមានការបិទចរាចរណ៍ខ្លះដោយសារជំងឺកូវីដ-១៩។ ទោះបីករណីគ្រោះថ្នាក់ឆ្នាំ២០២២ មានកំណើនធៀបនឹងឆ្នាំ២០២១ ។ ប៉ុន្តែសម្ដេចបានទាញការកត់សម្គាល់ថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នេះមានអត្រាទាបជាងឆ្នាំ២០១៩។ យ៉ាងណាក៏ដោយ សម្ដេចអះអាងថា គ្រោះថ្នាក់ចរាចរណ៍នៅតែស្ថិតក្នុងអត្រាខ្ពស់ នាំឱ្យពលរដ្ឋស្លាប់ និងរបួសច្រើន ក្នុងចំណោមគ្រោះថ្នាក់សង្គមផ្សេងទៀត។
សម្ដេចបានបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍បានបន្សល់ទុកសោកនាដកម្មជាច្រើនដល់ប្រជាពលរដ្ឋ ដូចជាការរងរបួស ពិការភាព ការខាតបង់ទ្រព្យសម្បត្តិ ជាឧបសគ្គរារាំងដល់ដំណើរការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ដោយសារអ្នកប្រើប្រាស់ផ្លូវមួយចំនួនមិនគោរពប្រតិបត្តិច្បាប់ ខ្វះសីលធម៌ ខ្វះការយល់យោគ អធ្យាស្រ័យ ហាក់ដូចជាមិនសូវស្រលាញ់ជីវិតខ្លួនឯង និងអ្នកដទៃ។ សម្ដេចក៏បានជំរុញឱ្យបង្កើនការលើកទឹកចិត្តឱ្យអ្នកបើកបរ និងវិស័យឯកជនខាងដឹកជញ្ជូនរួមចំណែកក្នុងការងារសុវត្ថិភាពចរាចរណ៍ឱ្យបានកាន់តែសកម្មជាងពេលបច្ចុប្បន្ន។
សម្ដេចក្រឡាហោម ស ខេង បានផ្ដល់ទស្សនាទានជាថ្មីទៀត អំពីការដាក់គោលដៅធ្វើយ៉ាងណាឱ្យពលរដ្ឋខ្លាចច្បាប់ចរាចរណ៍ ជាជាងខ្លាចប៉ូលិស ឬកងរាជអាវុធហត្ថដែលអនុវត្តច្បាប់។ សម្ដេចបន្ថែមថា ពលលរដ្ឋខ្លាចច្បាប់ទើបធានាសុវត្ថិភាពចរាចណ៍បានច្រើន តែបើពលរដ្ឋខ្លាចតែអ្នកអនុវត្តនឹងធ្វើឱ្យការងារនេះឡើងចុះៗ ដ្បិតបើបន្តឹងខ្លាំងបញ្ហានឹងធូរស្រាល តែបើមានការបន្ថយការរឹតបន្តឹង ស្ថានភាពល្មើសចរាចរណ៍ក៏កម្រើកឡើងវិញ។
សម្ដេចមានប្រសសាន៍ថា ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី នឹងក្លាយជាយន្តការថ្មីមួយទៀត ដើម្បីបង្ខំឱ្យពលរដ្ឋខ្លាចច្បាប់ ដើម្បីធានាសុវត្ថិភាព ដូចជាយន្តការដកបណ្ណបើកបរក្នុងករណីស្រវឹង ឬមានសាធាតុញៀនជាដើម។ សម្ដចក៏លើកទឹកចិត្តឱ្យពលរដ្ឋហ៊ានរាយការណ៍អំពីករណីអនុវត្តច្បាប់មិនប្រក្រតីរបស់សមត្ថកិច្ច ដើម្បីលើកកម្ពស់ការអនុវត្តច្បាប់ឱ្យបានល្អប្រសើរ។
សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិពង្រឹងការត្រួតពិនិត្យឯកសារឆៀករថយន្ត ដោយអាចពិចារណាធ្វើប្រតិបត្តិការឆ្មក់តាមគោលដៅ ប៉ុន្តែមិនត្រូវឱ្យការងារនេះក្លាយជាកុងត្រួលជជុះជាដាច់ខាត។ សម្រាប់ទីតាំងកែច្នៃយានយន្តគ្មានអាជ្ញាបណ្ណ ក៏ត្រូវបិទជាបន្ទាន់ ហើយចាត់វិធានការទៅតាមផ្លូវច្បាប់ និងអនុញ្ញាតឱ្យដំណើរការឡើងវិញ ប្រសិនបើបានរៀបចំត្រឹមត្រូវតាមច្បាប់ និងក្បួនបច្ចេកទេស។ សម្ដេចក៏បានផ្ដល់អនុសាសន៍លើកទឹកចិត្តឱ្យក្រុមហ៊ុន ឬអាជីវករលក់ម៉ូតូ ថែមជូនមួកសុវត្ថិភាពដល់អ្នកទិញ ដើម្បីជាការលើកទឹកចិត្ត និងជាការចូលរួមចំណែកបណ្ដុះវប្បធម៌គោរពច្បាប់ និងគិតពីសុវត្ថិភាព។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២កន្លងទៅ ការត្រួតពិនិត្យអ្នកជិះម៉ូតូសរុបមាន ១១៥ ៨០១គ្រឿង ក្នុងនោះមិនពាក់មួកសុវត្ថិភាពដោយឃាប់បង្ខំឱ្យរកមួកមកពាក់មុននឹងពិន័យមានចំនួន ៩៤ភាគរយ នៃចំនួនករណីល្មើសសរុប។ ដោយឡែកការល្បាតត្រួតពិនិត្យតាមផ្លូវជាតិលេខ៤ លេខ៥ លេខ៦ លេខ៧ លេខ៨ លេខ៧៣ លេខ៤១ លេខ៤៤ និងផ្លូវជាតិលេខ៥១ បានរកឃើញរយន្តល្មើស និងពិន័យសរុបចំនួន ១២ ៥៤០គ្រឿង។
ដោយឡែកដំណើរការសាកល្បងដកពិន្ទុអ្នកបើកបរល្មើសចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានត្រួតពិនិត្យដកពិន្ទុបណ្ណបើកបរសរុប ៨ ៥១៣ នាក់ ក្នុងនោះមានស្រ្តី ៥៨៨នាក់ រថយន្តធុនស្រាល ៧ ៤៧៧ គ្រឿង។ ក្នុងចំណោមករណីល្មើសចំនួន ៧ ៥៧៩ ករណី សមត្ថកិច្ចបានដកពិន្ទុសរុប ១០ ១៦២ពិន្ទុ ក្នុងនោះរថយន្តធុនធ្ងន់មាន ១ ០៣៦ គ្រឿង ពន្ទុដកសរុបជាង ៦០០ពិន្ទុ។ យ៉ាងណាក៏ដោយ ក៏មានអ្នកដកពិន្ទុត្រូវបានបំពេញឱ្យវិញផងដែរ ៕