ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូន ឯកឧត្តម Joseph Scheuer អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម

នារសៀលថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្តម Joseph Scheuer អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម។

សម្តេចក្រឡាហោម បានសម្ដែងការស្វាគមន៍ឯកឧត្តម Joseph Scheuer និងបានចូលរួមអបអរសាទរដែលឯកឧត្ដមត្រូវបានតែងតាំងជាអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ សម្ដេចក៏ថ្លែងអំណរគុណអង្គការសហប្រជាជាតិ ព្រមទាំងបណ្ដាអង្គការនានាចំណុះអង្គការសហប្រជាជាតិ ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជា។

ចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានចាត់ទុកថា អង្គការសហប្រជាជាតិ ក៏ដូចជាបណ្ដាអង្គការនានាចំណុះអង្គការសហប្រជាជាតិ ជាដៃគូមួយដ៏មានសារៈសំខាន់របស់ក្រសួងមហាផ្ទៃ ហើយសម្ដេចក៏សង្ឃឹមជឿជាក់ថា តាមរយៈអាណត្តិបេសកកម្មការងារនេះ ឯកឧត្តមនឹងបន្តរួមចំណែកណាធ្វើឲ្យកាន់តែរីកចម្រើនឡើងទៀតនូវភាពជាដៃគូល្អជាមួយក្រសួងមហាផ្ទៃ។

ជាការឆ្លើយតបឯកឧត្តម Joseph Scheuer អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ដែលបានវាយតម្លៃនូវកិច្ចសហប្រតិបត្តិការរវាងបណ្ដាអង្គការជាសមាជិកក្រុមគ្រួសាររបស់ UN ដូចជា UNDP, UNICEF និងអង្គការ IOM ។

ឯកឧត្តមក៏បានជម្រាបជូនសម្ដេចក្រឡាហោមដែរថា នេះគឺជាការទទួលតំណែងលើកទីពីរហើយសម្រាប់ឯកឧត្តមបំពេញការងារនៅកម្ពុជា និងថាការត្រឡប់មកកម្ពុជាលើកនេះ ឯកឧត្តមពិតជាមានការរីករាយនៅក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាជាមួយក្រសួងមហាផ្ទៃផងដែរ។

ឯកឧត្តមក៏បានជម្រាបជូនសម្ដេចផងដែរថា ឯកឧត្ដមពិតជាមានសេចក្ដីរីករាយចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អ និងទំនាក់ទំនងប្រាស្រ័យទាក់ទងដ៏ល្អប្រសើរ ក្នុងនោះភាគីកម្ពុជា បានផ្តល់ទៅបណ្ដាទីភ្នាក់ងាររបស់ UN ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានធ្វើឲ្យ អង្គការសហប្រជាជាតិបានអនុវត្តនូវបេសកកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចក្រឡាហោមដោយសង្ខេបអំពីការធ្វើកំណែទម្រង់រចនាសម្ព័ន្ធមួយចំនួនរបស់អង្គការសហប្រជាជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាផែនការសកម្មភាព នានាដែលអង្គការសហប្រជាជាតិបានដាក់ចេញ និងត្រៀមអនុវត្តជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធទៅតាមវិស័យនានា ដែលទីភ្នាក់ងារ UN មានកិច្ចសហការជាមួយស្ថាប័នទាំងនោះ ។

ដោយឡែកចំពោះក្រសួងមហាផ្ទៃ ឯកឧត្តមក៏បានលើកឡើងនូវកិច្ចការសំខាន់ចំនួន៣ រួមមាន ទី១-ពាក់ព័ន្ធទៅនឹងការចូលរួមក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ទី២-ពាក់ព័ន្ធទៅនឹងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល និងទី៣-ពាក់ព័ន្ធទៅនឹងបញ្ហានៃការជួញដូរមនុស្ស។

ចំពោះបញ្ហាការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឯកឧត្ដមបានជម្រាបជូនសម្តេចថា ទីភ្នាក់ងារក្រោមឆត្ររបស់អង្គការសហប្រជាជាតិ មានកិច្ចសហប្រតិបត្តិការលើគម្រោងមួយចំនួនក្នុងក្របខ័ណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ពាក់ព័ន្ធទៅនឹងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល ឯកឧត្ដម ក៏បានលើកឡើងថា ឯកឧត្ដមក៏បានដឹងអំពីការបន្តនូវកិច្ចសន្ទនារវាងដៃគូអង្គការសង្គមស៊ីវិលជាមួយនឹងក្រសួងមហាផ្ទៃ ហើយថ្មីៗនេះ ក៏មានការបើកនៅវេទិកាភាពជាដៃគូរវាងរដ្ឋាភិបាលជាមួយនឹងអង្គការសង្គមស៊ីវិលនេះផងដែរ។

ចំណែកបញ្ហាទី៣ ពាក់ព័ន្ធទៅនឹងការប្រឆាំងនឹងការជួញដូរមនុស្ស ឯកឧត្តមក៏បានដឹងអំពីកិច្ចខិតខំប្រឹងប្រែងក្នុងជាយុទ្ធនាការរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្ស ខណៈនៅក្រោមឆត្ររបស់អង្គការប្រជាជាតិក៏មាន ហើយអង្គការ ក៏ដូចជាទីភ្នាក់ងារពាក់ព័ន្ធ ដូចជាអង្គការ IOM និងអង្គការ UNDP បានធ្វើការងារនេះជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនថា ពាក់ព័ន្ធទៅនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឯកឧត្តមបានជ្រាបអំពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែបាននិងកំពុងអនុវត្តឈានមកដល់កម្មវិធីជាតិដំណាក់កាលទីពីរ ហើយនៅក្នុងកម្មវិធីដំណាក់កាលទីពីរនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដោតទៅលើបញ្ហាសំខាន់ គឺការបន្តផ្ទេរនូវសិទ្ធិអំណាចទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរធនធានថវិកាទៅដល់ថ្នាក់ក្រោមជាតិ និងការបន្តអភិវឌ្ឍន៍នូវធនធានមនុស្សសម្រាប់អនុវត្តទទួលនូវការអនុវត្តកិច្ចការដែលបានផ្ទេរទៅ។

ពាក់ព័ន្ធទៅនឹងភាពជាដៃគូជាមួយនឹងអង្គការសង្គមស៊ីវិល សម្ដេចបានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងមហាផ្ទៃជាសេនាធិការលើកិច្ចការងារនេះ តែងតែយកចិត្តទុកដាក់ពង្រឹងនូវការផ្សារភ្ជាប់កិច្ចសន្ទនាជាមួយនឹងអង្គការសង្គមស៊ីវិល តាមរយៈយន្តការធ្វើការជាមួយគ្នា ហើយថ្មីៗនេះ សម្ដេចក៏បានដឹកនាំកម្មវិធីវេទិកាកិច្ចសន្ទនារវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដូចដែលឯកឧត្តមបានលើកឡើង។

សម្ដេចបន្តថា ភាគីទាំងពីរក៏បានបន្តជួបជជែកពិភាក្សាគ្នាជាបន្តបន្ទាប់ ហើយសម្ដេចក៏លើកទឹកចិត្តឲ្យមានការបន្តជួបជជែកពិភាក្សាគ្នាទៅលើកិច្ចការផ្សេងៗនៅសេសសល់ និងខកខានមិនបានអនុវត្តនៅក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩។

ពាក់ព័ន្ធទៅនឹងបទល្មើសជួញដូរមនុស្ស សម្ដេចក៏បានជម្រាបជូនថា បញ្ហានេះជាបទល្មើសមិនប្រពៃណីមួយដែលរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចផ្ទាល់ដែរត្រូវទទួលភារកិច្ចដឹកនាំការងារនេះ និងនៅតែបន្តយកចិត្តទុកដាក់អនុវត្តការងារនេះ ព្រោះពុំទាន់មានការបិទបញ្ចប់នោះទេ គឺនៅតែបន្តធ្វើរហូតមកដល់បច្ចុប្បន្ន។

សម្ដេចបន្ថែមថា បញ្ហានេះជាបញ្ហាមួយដែលស្មុគស្មាញ ហើយមិនមែនតែមាននៅកម្ពុជានោះទេ គឺនៅលើសកលលោកទាំងមូល និងទាមទារឲ្យមានកិច្ចសហប្រតិបត្តិការជាមួយគ្នារវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ។

បន្ថែមពីនេះសម្ដេចក្រឡាហោម ក៏បានជម្រាបជូនឯកឧត្ដមអ្នកសម្របសម្រួលអង្គការសហប្រជាជាតិអំពីស្ថានភាពបច្ចុប្បន្នភាពនៃបទល្មើសគ្រឿងញៀននៅកម្ពុជា និងក៏បានជម្រាបជូនអំពីការដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួនក្នុងការប្រយុទ្ធប្រឆាំង និងបង្ការបទល្មើសគ្រឿងញៀន ដើម្បីធានាដល់ការសម្រេចបាននូវលទ្ធផលក្នុងរយៈពេលមួយយូរអង្វែងនៅក្នុងបេសកកម្ម នៃការប្រយុទ្ធប្រឆាំងនឹងបង្ក្រាប ក៏ដូចជាបង្ការបទល្មើសគ្រឿងញៀន។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហការល្អជាមួយអង្គការ IOM កន្លងមក និងបានបន្តថា ក្រសួងមហាផ្ទៃបន្តស្នើ ក៏ដូចជាលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការដ៏ល្អ និងការគាំទ្រជាបន្តទៀតទៅលើកិច្ចការងារពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ IOM និហក្រសួងមហាផ្ទៃ ៕

អត្ថបទដែលជាប់ទាក់ទង