សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុ
នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំទ្វេភាគី រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក វីឡៃ ឡាខាំហ្វង ។
នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តមឧត្តមសេនីយ៍ឯក វីឡៃ ឡាខាំហ្វង បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការគ្រប់កម្រិតក្នុងឆ្នាំ២០១៨ ពិសេសការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់តាមបន្ទាប់ព្រំដែន ហើយអាជ្ញាធរខេត្តជាប់ព្រំដែនប្រទេសទាំងពីរ ក៏បានបន្តកិច្ចសហការជាមួយគ្នាយ៉ាងល្អប្រសើរដែរ។
ភាគីទាំងពីរបានកត់សំគាល់ថាក្នុងឆ្នាំ២០១៨នោះដែរ អាជ្ញាធរតាមបន្ទាត់ព្រំដែន បានបង្កលទ្ធភាពងាយស្រួលដល់ការធ្វើដំណើរ ការផ្លាស់ប្ដូរប្រតិភូ និងការផ្លាស់ប្ដូរពាណិជ្ជកម្មជាដើម ហើយសម្រាប់ឆ្នាំ២០១៩នេះ ភាគីទាំងពីរ ប្ដេជ្ញាខិតខំបន្តអនុវត្តតាមការព្រមព្រៀងគ្នាលើការងារផ្លាស់ប្ដូរព័ត៌មាន ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការបណ្ដុះបណ្ដាលធនធានមនុស្ស និងកិច្ចសហការរបស់អាជ្ញាធរខេត្តជាប់ព្រំដែន។
កិច្ចប្រជុំនៅថ្ងៃនេះ ក៏បានពិភាក្សាអំពីចំណុចសំខាន់មួយទៀតដែរ នោះគឺការខិតខំពង្រីកកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យកាន់តែសកម្មថែមទៀត ដោយសម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ភាគីទាំងពីរមិនត្រូវឲ្យគ្រឿងញៀនមកត្រួតត្រាឡើយ ពោលគឺអាជ្ញាធរត្រូវធ្វើយ៉ាងណាត្រួតត្រាគ្រឿងញៀនឲ្យបាន។
ថ្នាក់ដឹកនាំក្រសួងទាំងពីរ ក៏បានពិភាក្សា និងព្រមព្រៀងគ្នាថាសម្រាប់កិច្ចសហប្រតិបត្តិការនៅឆ្នាំ២០១៩នេះដែរ ភាគីទាំងពីរត្រូវខិតខំពិនិត្យលទ្ធភាពឈានទៅបើកច្រកព្រំដែនជាមួយគ្នាបន្ថែមទៀត ដើម្បីលើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន សម្រួលការធ្វើដំណើរចេញចូល និងពង្រីកការផ្លាស់ប្ដូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
កិច្ចប្រជុំនេះបានដំណើរការពេញមួយព្រឹក មុននឹងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តមឧត្តមសេនីយ៍ឯក វីឡៃ ឡាខាំហ្វង អញ្ជើញចុះហត្ថលេខារួមគ្នា លើកំណត់ហេតុស្ដីពី កិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៕