សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនគណៈប្រតិភូក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិចអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
នាព្រឹកថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនគណៈប្រតិភូក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិចអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) ដឹកនាំដោយលោកស្រី ម៉ាលីន វ៉ាន មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយ នៃលេខាធិការក្រុមការងារហិរញ្ញវត្ថុ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅមានសន្តិភាព។
សម្ដេចក្រឡាហោម ក្នុងនាមជាប្រធានគណៈកម្មការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់របស់គណៈប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ។
សម្ដេចក្រឡាហោម បានជម្រាបជូនគណៈប្រតិភូថាសម្ដេចសូមចូលរួមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដែងនិងបញ្ជាក់ជាថ្មីម្តងទៀតនូវការប្ដេជ្ញាចិត្ត និងឆន្ទៈដ៏មោះមុតរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានប្រឆាំងនឹងការរីកសាយភាយអាវុធមហាប្រល័យ។
សម្ដេច បន្តថាជាក់ស្ដែងចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់ពេលនេះ កម្ពុជាបានសម្រេចបាននូវសមិទ្ធផលសំខាន់ៗមួយចំនួនទាំងនៅក្នុងក្របខ័ណ្ឌនៃការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តបម្រើការងារទាំងនេះ និងការអនុវត្តទៅនឹងកិច្ចការមួយចំនួនដែលតម្រូវដោយខាងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។
សម្ដេចក្រឡាហោម ក៏បានជម្រាបជូនបន្ថែមដែរថា ទន្ទឹមនឹងការកសាងលិខិតបទដ្ឋានគតិយុត្តិបម្រើឲ្យកិច្ចការប្រឆាំងការសម្អាតប្រាក់នោះ កម្ពុជាក៏បានពិនិត្យនិងកែសម្រួល ព្រមទាំងពង្រឹងយន្តការការងារទាំងនេះយ៉ាងសកម្មផងដែរ ទាំងយន្ដការនៅកម្រិតថ្នាក់ជាតិ កម្រិតនយោបាយ និងទាំងយន្តការកម្រិតបច្ចេកទេស ក្នុងនោះបានរៀបចំជាអនុគណៈកម្មការដែលមានសមត្ថកិច្ចទៅលើកិច្ចការពាក់ព័ន្ធទៅតាមវិស័យនៃការទទួលខុសត្រូវរៀងៗខ្លួនក្នុងដែនសមត្ថកិច្ចដែលពាក់ព័ន្ធទៅលើការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទាននៃភេរវកម្ម និងហិរញ្ញវត្ថុទានដល់ការអាវុធការរីកសាយភាយអាវុធមហាប្រល័យ។
សម្ដេចបន្ថែមថា កម្ពុជាក៏កំពុងតែខិតខំធ្វើយ៉ាងណាដើម្បីពង្រឹងនូវយន្តការទាំងនេះព្រមទាំងពង្រីកនូវវិសាលភាពនៃយន្តការទាំងនេះដើម្បីធ្វើយ៉ាងណា ធានាដល់ប្រសិទ្ធភាពការងារ ក៏ដូចជានិរន្តរភាពការងារនេះផងដែរ។ សម្ដេច បញ្ជាក់ថាក្រៅពីការងារកសាងលិខិតបទដ្ឋានគតិយុត្តនិងការរៀបចំក៏ដូចជាការងារពង្រឹងនូវយន្តការដឹកនាំនិងអនុវត្ត កម្ពុជាបានចាត់ទុកកិច្ចការនេះគឺជាកិច្ចការសំខាន់ និងជាការងារអាទិភាព។
សម្ដេច មានប្រសាសន៍ថាមកដល់ពេលនេះកម្ពុជាក៏បានចាត់តាំងការផ្សព្វផ្សាយបណ្ដុះបណ្ដាលអំពីការងារពាក់ព័ន្ធទៅនឹងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនេះ ជាបន្តបន្ទាប់សំដៅធ្វើយ៉ាងណាឲ្យផ្សព្វផ្សាយឱ្យមានការយល់ដឹងជ្រួតជ្រាបកាន់តែទូលំទូលាយក៏ដូចជាផ្តល់ការបណ្តុះបណ្តាលដល់ ភាគីពាក់ព័ន្ធដើម្បីកៀរគរការគាំទ្រនិងការចូលរួមសំដៅធ្វើយ៉ាងណាចូលរួមអនុវត្តតាមច្បាប់ក៏ដូចជាលិខិតបទដ្ឋានគតិយុត្ត ដែលនៅជាធរមានរបស់កម្ពុជា។
ជាការឆ្លើយតបលោកស្រី ម៉ាលីន វ៉ាន ក៏បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម និងក្រុមការងាររបស់គណៈកម្មការសម្របសម្រួលថ្នាក់ជាតិរបស់កម្ពុជា ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរាក់ទាក់ ដល់គណៈប្រតិភូដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
លោកស្រី មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយ នៃលេខាធិការក្រុមការងារហិរញ្ញវត្ថុ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពបើកទូលាយ និងកិច្ចសហប្រតិបត្តិការ ការចូលរួមយ៉ាងល្អប្រសើររបស់កម្ពុជា នៅក្នុងដំណើរការបំពេញការងាររបស់ក្រុមការងារលោកស្រីនៅកម្ពុជា និងបានថ្លែងនូវការកោតសរសើរផងដែរចំពោះភាគីកម្ពុជាដែលក្នុងរយៈពេលកន្លងមកនេះថ្វីត្បិតតែកម្ពុជាក៏ដូចជាបណ្ដាប្រទេសដទៃទៀតនៅលើសកលលោកទទួលរងនូវផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ភាគីកម្ពុជានៅតែបន្តខិតខំបំពេញនូវតាមផែនការសកម្មភាពអនុវត្តតាមផែនការសកម្មភាពរបស់ខ្លួន ដោយផ្តល់នូវរបាយការណ៍ជាបន្តបន្ទាប់រហូតឈានដល់ដំណើរ ទស្សនកិច្ច Onside Visite របស់គណៈប្រតិភូទាំងអស់នៅកម្ពុជានាឱកាសនេះ។
ជាថ្មីម្តងទៀត និងជាការឆ្លើយតបសម្ដេចក្រឡាហោម បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជា ហើយសម្ដេចក៏សូមជូនពរឲ្យដំណើរទស្សនកិច្ចកិច្ចរបស់គណៈប្រតិភូនៅកម្ពុជាប្រព្រឹត្តទៅដោយជោគជ័យ និងសូមឲ្យគណៈប្រតិភូស្នាក់នៅបំពេញការងារនៅកម្ពុជាប្រកបដោយផាសុកភាព ដោយសម្ដេចផ្ទាល់ក្នុងនាមជាប្រធានគណៈកម្មការសម្របសម្រួលថ្នាក់ជាតិព្រមទាំងថ្នាក់ដឹកនាំនៃគណៈកម្មការ ក៏ដូចជាក្រុមការងារត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់កិច្ចសហការការសម្រប គោលដៅនានាតាមតម្រូវការចាំបាច់៕