ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី៥)

នាព្រឹកថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី៥) ប្រារព្ធនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ 

អញ្ជើញមានប្រសាសន៍បើកវេទិកានាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមផ្ទៃ បានរម្លឹកថា វេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៤ ត្រូវបានរៀបចំឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣ ខែកម្ភៈ ឆ្នាំ២០២០ និងថាដោយសារជំងឺកូវីដ-១៩ វេទិកានេះទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានអាក់ខានប្រមាណជិត៣ឆ្នាំមកហើយ។ 

សម្ដេច បន្ថែមថាទោះបីជាប្រឈមមុខនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ ក៏អង្គការសង្គមស៊ីវិល នៅតែអាចបន្តធ្វើសកម្មភាពរបស់ខ្លួនបានដោយគោរព និងអនុវត្តតាមវិធានការសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្ដេច បានបន្តថាដោយសារជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ ទើបក្រសួងមហាផ្ទៃអាចរៀបចំវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលបន្តទៀតនាឱកាសនេះ។ 

សម្ដេច បានគូសបញ្ជាក់ទៀតថាសមិទ្ធផលនៃការរីកចម្រើន និងការអភិវឌ្ឍប្រទេសជាតិដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងមកនិងបច្ចុប្បន្ន រួមទាំងភាពជោគជ័យនៃយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផងនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថាពិតជាមានការចូលរួមចំណែកពីភាគីពាក់ព័ន្ធ ក្នុងនោះមានដៃគូអភិវឌ្ឍន៍ វិស័យឯកជន ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់កិច្ចសហការនិងគាំទ្រវិស័យសេវាសង្គមនានានៅមូលដ្ឋានជនបទ និងសហគមន៍ដាច់ស្រយ៉ាល។ 

សម្ដេចក្រឡាហោម បានបង្ហាញការកត់សម្គាល់ដែរថាអង្គការសង្គមស៊ីវិល បានចូលរួមធ្វើសកម្មភាពតាមរយៈការចូលរួមផ្ដល់យោបល់ស្វែងរកដំណោះស្រាយ ផ្ដល់ការគាំទ្រជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ការអប់រំ សុខភាព ធនធានធម្មជាតិ និងបរិស្ថានជាដើម។  

សម្ដេច បញ្ជាក់ថាគិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២កន្លងទៅ មានសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកបានតម្កល់សំណុំឯកសារ និងចុះបញ្ជីចំនួន៦ ១០៩ ក្នុងនោះសមាគម២ ៦២៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣ ៤៨៦។ បន្ទាប់ពីច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចូលជាធរមានកាលពីឆ្ន២០១៥ សម្ដេច បន្ថែមថាក៏មានNGOs ក្នុងស្រុកសរុប១ ៥៥៦ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមច្បាប់ ក្នុងនោះសមាគម៨៦៨ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៦៨៨ផងដែរ។ 
 
ត្រង់ចំណុចនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានទាញចំណាប់អារម្មណ៍អង្គវេទិកាថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺពិតជាបានយកចិត្តទុកដាក់ ផ្ដល់សិទ្ធិ និងគាំទ្រឱ្យមានការចូលរួមពីគ្រប់សមាគម និងអង្គការសង្គមស៊ីវិលទាំងអស់ ជាពិសេសក្នុងនាមជាដៃគូអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។ 

ពីវេទិកានេះដែរ សម្ដេចក្រឡាហោម ក៏បានជម្រាបជូនអង្គវេទិកាអំពីដំណើរការកិច្ចប្រជុំស្ដីពីការពិនិត្យ ពិភាក្សាបន្ថែមលើខ្លឹមសារច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ផ្អែកលើមូលដ្ឋានច្បាប់ជាតិ លិខិតតុបករណ៍អន្តរជាតិ និងបទពសោធន៍ពីបណ្ដាប្រទេសនានា ដើម្បីឱ្យសេចក្ដីព្រាងនេះមានភាពរលូន ស្របតាមការវិវត្តន៍នៃសង្គម ការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់ភាពជាដៃគូរវាងអង្គការសមាគមមិនមែនរដ្ឋាភិបាល ជាមួយអាជ្ញាធរសាធារណៈ។ 

សម្ដេច មានប្រសាសន៍ថាមកដល់ពេលនេះ ក្រុមការងាររាជរដ្ឋាភិបាល និងតំណាងអង្គការសង្គមស៊ីវិល បានស្រុះស្រួលគ្នាលើខ្លឹមសារដែលបានកែសម្រួលចំនួន៩មាត្រា ក្នុងចំណោមខ្លឹមសារស្នើសុំចំនួន១៦ ខណៈមាត្រាសេសសល់ចំនួន៧ទៀតនោះ ត្រូវបានភាគីសង្គមស៊ីវិលស្នើពិនិត្យពិភាក្សាផ្ទៃក្នុងឡើងវិញ ដើម្បីដាក់ជូនមកក្រសួងមហាផ្ទៃវិញ។ បែបណាក៏ដោយ សម្ដេច បានលើកទឹកចិត្តឱ្យមានការពិភាក្សាគ្នាបន្ថែមទៀតដោយផ្អែកលើក្របខណ្ឌច្បាប់ជាមូលដ្ឋាន និងបណ្ដាបទពិសោធន៍ល្អៗនៃការអនុវត្តជាអន្តរជាតិ។ 

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម បានអំពាវនាវឱ្យសមាគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងចុះអនុស្សារណៈជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបន្តអនុវត្តសកម្មភាពខ្លួនឱ្យបានសមស្រប ត្រឹមត្រូវ ស្របតាមបទបញ្ញត្តិ និងច្បាប់ស្ដីពីសមាគម អង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តិ និងស្របតាមលក្ខន្តិកៈដែលបានតម្កល់នៅក្រសួងមហាផ្ទៃ និងនៅក្រសួងការបទេស។ 

សម្ដេច បានអំពាវនាវសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចៀសវាងឱ្យបាននូវការធ្វើសកម្មភាពទាំងឡាយណាដែលអាចពាក់ព័ន្ធឬគាំទ្រការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីចៀសឱ្យផុតពីការដាក់កម្ពុជា ក្នុងបញ្ជីប្រផេះដែលផ្ដល់បច្ច័យអវិជ្ជមានលើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងនយោបាយជាដើម។ សម្ដេច ក៏ស្នើឱ្យប្រកាន់ជំហរអព្យាក្រឹត្យ និងលើកទឹកចិត្តឱ្យចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ខាងមុខនេះដែរ។  

សម្ដេច ក៏បានស្នើសមាគម អង្គការមិនមែនរដ្ឋាភិបាលពិនិត្យលទ្ធភាពចូលរួមសហការក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងបន្តចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជាការចូលរួមនិងគាំទ្រការកសាងសមត្ថភាពដល់មន្រ្តីនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ការបន្តចូលរួមពង្រឹងយន្តការគណនេយ្យភាព និងការពង្រឹងភាពជាម្ចាស់របស់រដ្ឋបាលមូលដ្ឋានក្នុងការផ្ដល់សេវាជូនពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។ 

ក្រៅពីភាគីអង្គការ និងសមាគម សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់យោលប់ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់អង្គការសង្គមស៊ីវិល ដែលបានចុះបញ្ជីត្រឹមត្រូវ ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលចុះអនុស្សារណៈជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើសកម្មភាពដោយសេរី គ្មានការរឹតត្បិត ស្របតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ពិសេសក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខនេះ។ 

សម្ដេច ក៏បានណែនាំរដ្ឋបាលរាជធានីខេត្ត បន្តរៀបវេទិកាស្ដីពីភាពជាដៃគូជាមួយរាជធានី ខេត្ត ជាមួយអង្គការ សមាគមដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានយ៉ាងហោចណាស់២ដងក្នុងមួយឆ្នាំ តាមកាលកំណត់ក្នុងស្មារតីសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ និងបានណែនាំឱ្យចាត់វិធានការបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរបស់អង្គការសមាគមមិនមែនរដ្ឋាភិបាល បោកប្រាស់អូសទាញ តាមរយៈការចូលរូមជាសមាជិក និងតម្រូវឱ្យបង់ប្រាក់ក្នុងគោលបំណងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។ 
 
មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងនគរបាលយុត្តិធម៌ ត្រូវចូលរួមលុបបំបាត់បទល្មើសលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យ ប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ ការផលិតនិងចែកចាយគ្រឿងញៀន និងការលេងល្បែងស៊ីសងគ្រប់ប្រភេទជាដើម ៕ 

អត្ថបទដែលជាប់ទាក់ទង