សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមប្រកួតកីឡាវាយកូនគោលមិត្តភាព រវាងក្រសួងមហាផ្ទៃ និងស្ថានទូតចិនប្រចាំនៅកម្ពុជា
នាព្រឹកថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមប្រកួតកីឡាវាយកូនគោលមិត្តភាព រវាងក្រសួងមហាផ្ទៃ និងស្ថានទូតចិនប្រចាំនៅកម្ពុជា។
ពិធីវាយកូនគោលមិត្តភាពនេះ បានប្រព្រឹត្តទៅនៅទីលានវាយកូនគោលវឌ្ឍនៈ ហ្គោលរីស៊ត ដោយមានការអញ្ជើញចូលរួមភាពពីភាគីចិន ដឹកនាំដោយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ចិនជាច្រើនរូបទៀត។ចំណែកភាគីខាងក្រសួងមហាផ្ទៃវិញ មានការអញ្ជើញចូលរួមពី មន្ត្រីជាន់ខ្ពស់មួយចំនួនផងដែរ។
ពិធីពិសារអាហារអបអរសាទរសម្តេចទទួលបានមេដាយមាសពីក្រសួងសន្តិសុខចិនក៏ត្រូវបានប្រារព្ធឡើងនាពេលនោះដែរ។ សម្ដេចក្រឡាហោម បានទទួល មេដាយមាស Great Wall Commemorative Medal ក្នុងសន្និសីទលើកទី១ នៃវេទិកាកិច្ចប្រតិបត្តិការសន្តិសុខសាធារណៈសកល កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
សម្ដេចមានប្រសាសន៍ថាតាមរយៈព្រឹត្តិការណ៍កីឡាវាយកូនគោលមិត្តភាព សម្ដេច និងឯកឧត្តមឯកអគ្គរដ្ឋទូតចិន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងស្ថានទូតចិន បានបង្កើនភាពជិតស្និតប្រកបដោយមិត្តភាពជាមួយគ្នា និងក៏បានផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាតរភាព។
ព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អស់លោក ជាក្រុមអ្នកធុរកិច្ចកម្ពុជា និងចិន មួយចំនួនទៀតដែរ។ សម្ដេចក្រឡាហោមបានប្រសាសន៍ថាការជួបគ្នានាថ្ងៃនេះ ក៏ជាឱកាសដ៏ល្អសម្រាប់ការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមករវាងក្រុមអ្នកវិនិយោគប្រទេសទាំងពីរផងដែរ។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី តែងអញ្ជើញចូលរួមវាយកូនគោលមិត្តភាពជាមួយឯកអគ្គរដ្ឋទូតចិន និងជាមួយបណ្ដាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃប្រទេសជាមិត្តផ្សេងទៀត ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ៕