ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងរបស់ប្រធានក្រុមប្រឹក្សានីតិកម្ម និងប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ

នាព្រឹកថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងរបស់ប្រធានក្រុមប្រឹក្សានីតិកម្ម និងប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ។

ឯកឧត្តម អ៊ូច ចាន់ណូរ៉ា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានរាយការណ៍ជូនសម្តេចក្រឡាហោម និងអង្គពិធីអំពីសមទ្ធិផល និងវឌ្ឍនភាពរបស់ក្រុមប្រឹក្សានីតិកម្មក្នុងរយៈពេល៤ឆ្នាំកន្លងមក ពិសេសការរៀបចំតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្ថិតក្រោមក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នដទៃទៀតចំនួន៩ ច្បាប់ស្តីពីវិសោធនកម្មចំនួន២ ព្រះរាជក្រឹត្យចំនួន២ អនុក្រឹត្យចំនួន៩ និងប្រកាសចំនួន៩។

ឯកឧត្តម ហ៊ន យុវនា ប្រធានក្រុមប្រឹក្សានីតិកម្ម ក៏បានថ្លែងធ្វើការបេ្តជ្ញាចិត្តគោរព និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំនានារបស់រដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ប្រកដោយវិជ្ជាជីវៈតម្លាភាព និងគណនេយ្យភាពក្រោមការគាំទ្រ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម និងថ្នាក់ដឹកនាំដទៃទៀត។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បង្ហាញអំពីការកត់សម្គាល់ចំពោះលទ្ធផលការងាររបស់ក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃ ពិសេសនៅក្នុងដំណើរការការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដែលក្នុងនោះ សម្ដេចអះអាងថាការងារទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

សម្ដេចក្រឡាហោម ក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ និងអស់លោក លោកស្រីជាមន្រ្តីនៃក្រុមប្រឹក្សានីតិកម្មដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យសម្រេចបានសមិទ្ធផលការងារជាច្រើនគួរឱ្យកត់សម្គាល់ ដើម្បីរួមចំណែកសម្រេចបានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាក្រសួងមហាផ្ទៃ ក៏មិនខុសពីក្រសួងស្ថាប័នផ្សេងទៀតនោះដែរ សុទ្ធតែមានភារកិច្ចរួមចំណែកក្នុងដំណើរការផ្ដួចផ្ដើម និងតាក់តែងច្បាប់ពាក់ព័ន្ធនានា ក៏ប៉ុន្តែចំណុចពិសេសមួយទៀតគឺទន្ទឹមគ្នានឹងការផ្ដួចផ្ដើមនិងតាក់តែងច្បាប់នោះ ក្រសួងមហាផ្ទៃមានតួនាទី និងភារកិច្ចធានាការអនុវត្តច្បាប់ជាទូទៅ។

នាឱកាសនោះដែរ សម្ដេចឧបនាយករដ្ឋមន្រ្តីបានរម្លឹកឡើងវិញអំពីប្រវត្តិនៃការតាក់តែងច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ពិសេសក្នុងដំណើរការដឹកនាំ និងគ្រប់គ្រងក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ភ្ជាប់នឹងប្រធានបទនេះ សម្ដេចក៏បានគូសបញ្ជាក់ជាថ្មីអំពីសវតា និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសការផ្ទេរមុខងារ ធនធាន និងសិទ្ធិអំណាច៕

អត្ថបទដែលជាប់ទាក់ទង