សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះសួរសុខទុក្ខក្រុមវិស្វករ និងកម្មករ កម្មការិនី ដែលកំពុងសាងសង់អគាសិក្សាថ្មីនៃវិទ្យាល័យព្រះមុនីវង្ស
នារសៀលថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខក្រុមវិស្វករ និងកម្មករ កម្មការិនី ដែលកំពុងសាងសង់អគាសិក្សាថ្មីនៃវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញពិនិត្យវឌ្ឍនភាពនានានៃដំណើរការសាងសង់អគារសិក្សាទាំងមូលដែលមកដល់ពេលនេះសម្រេចការសាងសង់បានច្រើនជាង ៥០ភាគរយ និងបានផ្ដល់អំណោយឧបត្ថម្ភដល់ក្រុមវិស្វករ កម្មករ កម្មការិនី រួមមានថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
អគារសិក្សាវិទ្យាល័យព្រះមុនីវង្ស មាន១ខ្នង កម្ពស់៤ជាន់ ស្មើនឹង៣០បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្ត និងក្រុងបាត់ដំបង។
សមិទ្ធផលថ្មីមួយទៀតនេះ បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង៕